ភ្នំពេញ៖ ដើម្បីជាចំណេះដឹងបន្ថែមសម្រាប់មន្រ្តី និងបុគ្គលិកនៅតាមនាយកដ្ឋានមួយចំនួនចេះផលិតព័ត៌មានសម្រាប់យកមកផ្សព្វផ្សាយបម្រើដល់ស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល អាជ្ញាធរជាតិអប្សរាបានសម្រេចបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មាន ដល់មន្រ្តី និងបុគ្គលិកតាមនាយកដ្ឋានចំណុះ ក្នុងបំណងពង្រឹងការសរសេរព័ត៌មានបម្រើដល់ស្ថាប័នរបស់ខ្លួន។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងដូចនេះនៅក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញសរសេរព័ត៌មាន ដែលរៀបចំឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទីកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។
តាមលោក ឡុង កុសលដដែល លោករំពឹងថា វគ្គបណ្ដុះបណ្ដាលនេះនឹងជួយឱ្យមន្រ្តី និងបុគ្គលិកដែលទទួលបន្ទុកផ្នែកព័ត៌មានកាន់តែមានលទ្ធភាពអាចផលិតព័ត៌មានគ្រប់ទម្រង់សំដៅធ្វើយ៉ាងណាពាំនាំព័ត៌មានព្រឹត្តិការណ៍សំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន។
ជាមួយគ្នានេះដែរ លោក ឆាយ សុផល ដែលគ្រូបបង្គោលនៃវគ្គបណ្តុះបណ្តាលនិងជាសាស្រ្តាចារ្យសារព័ត៌មានដែលមានជំនាញ និងវិជ្ជាជីវៈ និងជាអ្នកសារព័ត៌មានអាជីពជាច្រើនឆ្នាំមកហើយនោះ លោកបញ្ជាក់ថា វគ្គបណ្ដុះបណ្តាលនេះ គឺផ្តល់នូវចំណេះដឹងអំពីវិជ្ជាជីវៈ មូលដ្ឋានគ្រឹះនៃការសរសេរសារព័ត៌មាន ព្រមទាំងក្រមសីលធម៌របស់អ្នកសារព័ត៌មានផងដែរ។
គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ទី១១ ឧសភា ដែលមានមន្រ្តី និងបុគ្គលិកនៅនាយកដ្ឋាននានារបស់អាជ្ញាធរជាតិអប្សរា ចូលរួមសរុប ២៩រូប៕