en     km
en     km

ក្រសួងសុខាភិបាលហាមមិនឱ្យប្រើប្រាស់កាហ្វេចង្អុលមេឃ និងថ្នាំសន្លាក់ TRANKAL

Share

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ ដោយហាមប្រជាពលរដ្ឋមិនឱ្យប្រើប្រាស់ឱសថព្យាបាលជំងឺសន្លាក់ឈ្មោះថា TRANKAL និងកាហ្វេចង្អុលមេឃមានផ្ទុកឱសថឈ្មោះ Sildenafil ។

តាមក្រសួង ផលិតផលទាំងពីរនេះមានសារធាតុបង្កឱ្យខូចសុខភាព និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ផងដែរ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ០៩ ឧសភា។

បើតាមក្រសួងសុខាភិបាលផលិតផលឱសថទាំងពីរនេះ ក្រសួងកំពុងមានវិធានការប្រមូលមកវិញពីទីតាំងលក់ និងចែកចាយ។ មួយវិញទៀតក្រសួងក៏កំពុងមានវិធានការតឹងរឹងចំពោះម្ចាស់គណនេយ្យឈ្មោះ My-Big-Zone ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយឱសថព្យាបាលសន្លាក់ឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជីការរួចហើយនោះ។

ជាងនេះទៀតក្រសួងសុខាភិបាលក៏កំពុងមានចំណាត់ការប្រមូលត្រឡប់មកវិញជាបន្ទាន់នូវផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយដែលមានផ្ទុកឱសថ Sildenafil​ ដែលនាំចូលតាមរយៈក្រុមហ៊ុនឈ្មោះ កាហ្វេចង្អុលមេឃ។

ឱសថព្យាបាលសន្លាក់ឈ្មោះ TRANKAL​ ត្រូវបានក្រុមហ៊ុននេះ ផ្សព្វផ្សាយបំផ្លើសដោយថា ផ្សំពីឱសថបុរាណថៃ និងចិន តែតាមឱសថនេះគឺផ្សំពីសមាភាពគីមីអាចធ្វើឱ្យប៉ះពាល់ក្រពះធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។

ចំណែកផលិតផលកាហ្វេចង្អុលមេឃផ្ទុកឱសថ Sildenafil វិញគឺជាផលិតផលសម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស ហើយឱសថនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ផងដែរ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស ប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល សូមឱ្យអ្នកប្រើប្រាស់ឈប់ជឿតាមការឃោសនាអកុសល បោកប្រាស ភូតកុហកបំផ្លើសពីការពិតរបស់ជនខិលខូចនេះ។

ឱសថក្លែងក្លាយបានសម្លាប់ប្រជាជនកម្ពុជាចន្លោះពី៦នាក់ក្នុងមួយថ្ងៃ។ នេះបើតាមការបង្ហាញរបស់អនុប្រធានគណៈកម្មធិការក្រសួងសុខភិបាលរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីដើមឆ្នាំ២០១៨។

ចំនួនអ្នកបាត់បង់ជីវិតដោយការប្រើប្រាស់ឱសថនិងផលិតផលក្លែងក្លាយនៅកម្ពុជា គឺមានចំនួនប្រហាក់ប្រហែលនិងចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរដែលមានប្រមាណ ៧នាក់ក្នុងមួយថ្ងៃផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីនេះៗគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយទើបតែបានដុតកម្ទេចផលិតផលក្លែងក្លាយជាលើកទី២ ប្រមាណជាង ១០០តោនដែលភាគច្រើនជាផលិតផលគ្រឿងសំអាង៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង