ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសឲ្យដឹងថា ករណីប្រជាពលរដ្ឋស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៩ ខែ ឧសភានេះមក មិនមែនជាករណីពុលទឹកដូចនៅខេត្តក្រចេះទេ តែអាការនេះមកពីប្រជាពលរដ្ឋមានអាម្មរណ៍ភិតភ័យខ្លាំងចំពោះករណីមនុស្សស្លាប់ជាច្រើននាក់ដោយសារពុលទឹកព្រែកមានសារធាតុគីមីប្រើប្រាស់ក្នុងវិស័យកសិកម្ម។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅរសៀលថ្ងៃទី ១០ ឧសភានេះថា ប្រជាពលរដ្ឋ រស់នៅក្នុងឃុំឈូក ស្រុកកែវសីមា ខេត្តមណ្ឌលកិរី មកព្យាបាលជំងឺសរុប ៨៤ នាក់។ ក្នុងនោះមនុស្ស ១១ នាក់ រកឃើញថា មានរោគសញ្ញាជំងឺគ្រុនផ្តាសាយធំ និង ៧៣ នាក់ទៀតមានការភ័យខ្លាចចំពោះព្រឹត្តិការណ៍កើតឡើងនៅខេត្តក្រចេះ គួបផ្សំនឹងអាការឈឺក្បាល រាក ឈឺពោះ វិលមុខ ទន់ដៃជើង និងអស់កម្លាំង ទើបបណ្តាលឲ្យប្រជាពលរដ្ឋមានស្ថានភាពស្រឺត ហើយករណីនេះមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរទេ។
ក្រសួងបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុកស្នួលចំនួន ២៦ នាក់ ដែលសង្ស័យកើតជំងឺផ្តាសាយធំ មានស្ថានភាពធូរស្រាលជាធម្មតា ហើយពួកគាត់បានត្រឡប់ទៅលំនៅឋានរៀងខ្លួនអស់ហើយ បន្ទាប់សម្រាកព្យាបាលអស់រយៈពេលប្រមាណ ៤ ម៉ោង។
យ៉ាងតិចមនុស្ស ១៧ នាក់ស្លាប់ និងមនុស្សរាប់រយនាក់ប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារពុលទឹកព្រែកទេរដោយក្រុមជំនាញរកឃើញថា មានសារធាតុគីមីថ្នាំបាញ់សម្លាប់សត្វល្អិត និងថ្នាំបាញ់ស្មៅ ស្ថិតស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នក្រសួងហាមមិនឲ្យប្រើប្រាស់ទឹកព្រែកទេរនោះទេ៕