ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានបង្ហាញរបាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ ទី១០ ខែ ឧសភានេះថា កំណើនសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សាភាពស្វាហាប់ដោយកើនល្បឿនបន្តិចរហូតដល់ទៅ ៦,៩ ភាគរយនៅឆ្នាំ ២០១៨នេះ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក(World Bank) ក្រោមចំណងជើងថា «កំណើនសេដ្ឋកិច្ចខ្ពស់នៅកម្ពុជារំពឹងថានឹងបន្តកើតមាន» ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចបន្តឡើងដោយសារការស្ទុះឡើងវិញក្នុងវិស័យនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ ហើយនិងការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកសិកម្ម ស្របពេលដែលការចំណាយរដ្ឋាភិបាលកាន់តែច្រើនឡើង និងលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល។
ភ្ញៀវទេសចរបានកើនឡើង ១១,៨ ភាគរយ នៅឆ្នាំ ២០១៧ គឺកើនឡើង ៥ភាគរយ បើធៀបនឹងកំណើនឆ្នាំ ២០១៦។ ចំណែកវិស័យកសិកម្មក៏មានការស្ទុះឡើងដែរ ព្រោះការពង្រីកផ្ទៃដីដាំដំណាំស្រូវ និងចម្ការកៅស៊ូ និងការងើបឡើងវិញបន្តិចម្តងៗរបស់តម្លៃកសិផលផងដែរ។
ទោះបីយ៉ាងណាធនាគារពិពភលោកសេដ្ឋកិច្ចកម្ពុជានៅតែមានហានិភ័យដោយការបាត់បត់បន្តិចម្តងៗនៃភាពប្រកួតប្រជែងការនាំចេញដោយសារការកើនឡើងយ៉ាងេហ័សប្រាក់បៀវត្តរ៍របស់កម្មកររោងចក្រកាត់ដេរ ហើយភាពងាយរងគ្រោះក្នុងកំណើននៃវិស័យអចលនទ្រព្យនិងសំណង់មានភាពមិនច្បាស់លាស់ដែលអាចកើតមានជុំវិញការបោះឆ្នោតជាតិនៅប៉ុន្មានខែខាងមុខទៀត។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ដើម្បីរក្សាឱ្យបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រទេសកម្ពុជា សំខាន់ណាស់ ត្រូវវិនិយោគថែមទៀតទៅលើវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញ។ លោកស្រីថា ការរកដំណោះស្រាយនៃឧបសគ្គចំពោះវិស័យធុរកិច្ចធុនតូចនិងមធ្យមកំពុងប្រឈម ហើយ ការវិនិយោគទៅលើមនុស្ស ជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ឈានទៅកាន់អនាគតមួយកាន់តែចម្រុងចម្រើន»។
របាយការណ៍នេះបញ្ជាក់ថា កម្ពុជាអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចកាន់តែមានចម្រុះភាពជាងមុន និងបង្កើតការងារបានកាន់តែច្រើនថែមទៀតតាមរយៈការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុនទៅលើដំណើរការបំពេញបែបបទបង្កើតក្រុមហ៊ុន ទៅលើផ្នែកប្រតិបត្តិការ និងទៅលើការធ្វើហិរញ្ញប្បទាន។
របាយការណ៍នេះបានផ្តល់អនុសាសន៍ថា កម្ពុជាត្រូវធ្វើការតាមឃ្លាំមើលឱ្យបានដិតដល់ទៅលើដំណើរស្ទុះឡើងនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ ដោយរៀបចំឱ្យមានគោលនយោបាយប្រុងប្រយ័ត្នជាលក្ខណៈម៉ាក្រូ ដែលនឹងជួយកាត់បន្ថយវិសាលភាពនៃសកម្មភាពកេងចំណេញក្នុងវិស័យទាំងនេះ៕