មណ្ឌលគិរី៖ ករណីពុលទឹកនៅក្នុងស្រុកកែវសីមា ខេត្តណ្ឌលគិរី ដែលធ្វើអោយមនុស្សជាង ៣០នាក់មានអាការៈក្អូតចង្អោរ ឥលូវនេះមានចំនួនកើនឡើងជាង ៨០នាក់ហើយ។ នេះបើតាមអោយដឹងពីអភិបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១០ ឧសភានេះ។
ថ្លែងប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃ១០ឧសភានេះ លោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរី បានអោយដឹងថា ការណីពុលទឹកនេះ កើតឡើងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ដែលបណ្ដាលឲ្យមនុស្សប្រុសស្រីរងនូវអាការៈក្អូតចង្អោរ ដែលពេលនេះបានកើនឡើងដល់ជាង ៨០នាក់ហើយ។
តាមអភិបាលខេត្តរតនគិរីដដែល មកទល់និងពេលនេះ អាជ្ញាធរមិនទាន់អាចដឹងពីមូលហេតុនៃការពុលទឹកនេះនៅឡើយទេ ។ ប៉ុន្ដែយ៉ាងណាក៏ដោយលោកបញ្ជក់ថា ទាំងក្រសួងសុខាភិបាល និងសមត្ថកិច្ចកំពុងធ្វើការតាមរកពីមូលហេតុនៃការពុលទឹកនេះ។
តាមការអះអាងរបស់លោក អភិបាលខេត្តរូបនេះដដែលបានបញ្ចាកផងដែរថា ចំពោះអ្នកដែលរងគ្រោះដោយការពុលទឹកជាង ៨០នាក់នេះ មានភាពធូរស្បើយឡើងវិញហើយ ក្រោយពីមានការបញ្ជូនទៅកាន់មន្ទីពេទ្យបានទាន់ពេលវេលា។
ជុំវិញករណីពុលទឹកនេះ កាលពីពេលថ្មីៗនេះមានការផ្ទុះឡើងនូវករណីពុលទឹកព្រែកទេរ នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បង្កឲ្យពលរដ្ឋ ១៧ នាក់ស្លាប់ និងរាប់រយនាក់ទៀតរងផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ញន់ធ្ញរ។
បើយោងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ តាមរយៈមជ្ឈមណ្ឌលពិសោធន៍ សុខាភិបាលជាតិ និងមន្ទីរពិសោធន៍នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជាបានរកឃើញថា ទឹកនោះមានសារធាតុគីមីថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅកម្រិតខ្ពស់ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
យ៉ាងណានៅក្នុងរបាយការណ៍នោះបានបង្ហាញថាការធ្វើតេស្តទៅលើសំណាកទឹកពុំបានបញ្ជាក់អំពីប្រភេទ ឬឈ្មោះនៃសារធាតុគីមីពុលដែលត្រូវបានរកឃើញនោះទេ។
តែយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងឧស្សាហកម្ម និង សិប្បកម្មដែលបាចេញផ្សាយកាលពីរសៀលថ្ងៃចន្ទស្ដីពីលទ្ធផលនៃការធ្វើតេស្តលើសំណាកទឹកដូចគ្នានេះដែរ បានបង្ហាញថា មានសារធាតុក្រូម (Chromium) និង នីទ្រីត (NO2) ជាប្រភេទសារធាតុគីមីពុលដែលអាចបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។
សារធាតុក្រូម និង នីទ្រីត បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដូចជា កើតជំងឺកន្តួលរមាស់នៅលើស្បែក ដំបៅរលាកក្រពះ បញ្ហាផ្លូវដង្ហើម និង ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយដែលអាចបង្កឲ្យខូចតម្រងនោម និង ថ្លើម ។ សារធាតុទាំង ២ នេះបង្កហានិភ័យខ្ពស់ដល់សុខភាព និងអាចបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីតាំងកើតហេតុខាងលើ ត្រូវបញ្ឈជាបណ្តុះអាសន្ន នូវការប្រើប្រាស់ និងបរិភោគទឹកដែលយកចេញពីព្រែកតេ និងអូរគគី។ ប្រើបា្រស់ទឹកស្អាតដែលបានផ្គត់ផ្គង់ដោយអាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋាន ហើយត្រូវពិសារទឹកស្អាតល្អ និងទឹកឆ្អិនជានិច្ច។
ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបច្ចេកទេសក្នុងការប្រើប្រាស់ថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត ដែលមានការណែនាំពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចៀសវាងការប្រើប្រាស់ហួសជាតិពុលទាំងនោះចូលក្នុងទឹកទន្លេ ស្ទឹង ព្រែក បេងបួរ។ល។ មិនត្រូវបោះ ឬបង្ហូរកាកសំណល់ដែលមានសារធាតុគីមី នៅក្នុងទឹកទន្លេ ស្ទឹង អូរ បឹងបួរ នោះជាដាច់ខាត។
ជាងនេះទៀតមិនត្រូវទិញ និងបរិភោគស្រា ស ដែលផលិត ឬបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវជាដាច់ខាត។ ត្រូវបញ្ឈប់ជាដាច់ខាតនូវការលក់ស្រា ស ឬចរាចរស្រា ស ដែលផលិត ឬបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ត្រូវអនុវត្តការរស់នៅស្អាតជាប្រចាំ៕