ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញក្តីរំពឹងថា យ៉ាងតិចណាស់គណបក្សនយោបាយជាង១០នឹងចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ ២០១៨នេះ។
ស្របពេលគណបក្សនយោបាយតូចៗទើបនឹងបង្កើតឡើងជាបន្តបន្ទាប់ ហើយបង្ហាញជំហរ ចូលរួមប្រកួតប្រជែកក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រំពឹងថា ការបោះឆ្នោតនេះ នឹងអាចមានគណបក្សនយោបាយច្រើនជាងអាណត្តិមុនចូលរួមប្រកួតប្រជែងដណ្តើមអាសនៈក្នុងសភាតាមរយៈការបោះឆ្នោត។
គ.ជ.ប ប្រកាសឲ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានរយៈពេល១៥ ថ្ងៃ ដែលនឹងបិទបញ្ចប់នៅថ្ងៃទី ១៤ ខែ ឧសភានេះ។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា គណបក្សនយោបាយច្រើនជាង ១០ នឹងចូលរួមការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ លោកថារំលឹកថា កាលពីបោះឆ្នោតនៅឆ្នាំ ២០១៣ មានគណបក្សនយោបាយចំនួន ៨ ចូលរួមបោះឆ្នោត។
លោក ឌឹម សុវណ្ណារុំ៖ «មិនតិចជាងគណបក្សចំនួន១០ទេ ដែលនឹងចូលរួមការបោះឆ្នោតជាតិនៅពេលខាងមុខនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨។ ពិតជាច្រើនជាងហើយព្រោះអាណត្តិ២០១៣ មានត្រឹមតែ ៨ គណបក្សប៉ុណ្ណោះ។»
បច្ចុប្បន្នគណបក្សចំនួន ៣៧ បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។ អសនៈនៅក្នុងរដ្ឋសភានីតិកាលទី៦នេះ មានតំណាងរាស្ត្រ ១២៥រូប ហើយបេក្ខជនយ៉ាងតិច ៤១ រូប របស់គណបក្សនយោបាយនីមួយៗដាក់ក្នុងបញ្ជីបោះឆ្នោត។
ដូចគ្នានេះដែរ លោក កន សាវាង្ស មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល មើលឃើញថា ការបោះឆ្នោតអាណត្តិនេះនឹងអាចមានគណបក្សនយោបាយច្រើនចូលរួមការបោះឆ្នោតជាងអាណត្តិមុន ព្រោះគណបក្សនយោបាយតូចៗបង្កើតឡើងជាហូរហែ។
លោក កន សាវាង្ស៖ «ឥឡូវនេះគណបក្សពហុកាមិនចូលរួមការបោះឆោតមានពីរនិងត្រូវលុបចេញមួយក៏ប៉ុន្តែទោះបីយ៉ាងមានការបង្កើតថែមគណបក្សចំនួនពីរបីទៀតអញ្ចឹងយើងឃើញថា អាចប្រហាក់ហែលនឹងឆ្នាំ ២០១៣ ឬអាចក៏លើសតិចតួច លើសមួយ ពីរ។»
បើតាម លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប ថា គណបក្សនយោបាយចំនួន ២២ បានមកទទួលទំរងបែបបទពី គ.ជ.ប ហើយក្នុងនោះគណបក្សចុះបញ្ជីចំនួន ៥ ដោយ គ.ជ.ប ទទួលស្គាល់ជាផ្លូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ៣ គិតមកដល់ថ្ងៃនេះ។ គណបក្សដែល គ.ជ.ប ទទួលស្គាល់ផ្លូវការរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតកម្ពុជា៕