ប្រជាជនម៉ាឡេស៊ី ជិត ១៥លាននាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ផ្ដើមបង្ហាញសិទ្ធិរបស់ពួកគេ ហើយនៅថ្ងៃទី ៩ឧសភា ដែលតាមការស្ទង់មតិមានតែពីរបក្សប៉ុណ្ណោះដែលស្ថិតក្នុងកែវភ្នែករបស់អ្នកបោះឆ្នោត។ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសមានជាង ៨ពាន់ បានបើកទ្វារតាំងពីម៉ោង ៨ព្រឹក ដោយមានការដាក់កម្លាំងសន្តិសុខការពារយ៉ាងតឹងរឹង។
ការស្ទង់មតិមួយរបស់មជ្ឈមណ្ឌល Merdeka និង Bersih បានបង្ហាញថា បក្សនយោបាយធំៗ គឺបក្សកាន់អំណាចជាតិបារីសាន់ BN របស់លោកនាយករដ្ឋមន្ត្រីណាជីព និងបក្សប្រឆាំងរួបរួមដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីមហាធា មហាម៉ាត ជាបក្សស្ថិតក្នុងជម្រើសរបស់អ្នកបោះ ឆ្នោត។
អង្គការទាំងពីររំពឹងថា អាត្រាចេញទៅបោះឆ្នោតអាចមានជាង ៨៥ភាគរយ។ ខណៈការបោះឆ្នោតចាប់ផ្ដើមនាយករដ្ឋមន្ត្រីណាជីពបានផ្ញើសារថាការឃោសនាបោះឆ្នោតបានបិទបញ្ចប់ប្រកបដោយសន្តិភាព។ លោកសង្ឃឹមថា ពលរដ្ឋនឹងចេញទៅបានគ្រប់គ្នាៗ។ ចំណែក លោក មហាធា មហាមាត មេដឹកនាំបក្សប្រឆាំង បានទៅបោះឆ្នោតនៅរដ្ឋឡាំងកាវី។
ការបោះឆ្នោតនេះ ស្ថិតក្រោមអ្នកសង្កេតការណ៍បរទេសចំនួន ៩ប្រទេស តែគ្មានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចូលរួមនោះទេ។
គណៈកម្មាការរៀបចំការបោះឆ្នោត ម៉ឡេស៊ីបាននិយាយថា ប្រទេសដែលបញ្ជូនអ្នកសង្កេតការណ៍ មានប្រទេស Indonesia, Thailand, Cambodia, India, Pakistan, Maldives, Azerbaijan, Kyrgyzstan និង Uzbekistan រួមនឹងអង្គការអន្តរជាតិចំនួន ២៥។
លទ្ធផលបោះឆ្នោត ត្រូវគេរំពឹងថា នឹងបានដឹងជាបណ្ដោះអាសន្ននៅម៉ោង ៥រសៀល ថ្ងៃទី ៩ឧសភានេះ បន្ទាប់ពីការបោះឆ្នោតបានបិទបញ្ចប់នៅទូទាំងប្រទេស៕