ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាស្នើដល់រាជរដ្ឋាភិបាលឲ្យជួយសម្រួលលក្ខខ័ណ្ឌប្រាក់កម្ចីសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម (SME) ដោយសារវិស័យនេះ ជួបបញ្ហា កង្វះហិរញ្ញវត្ថុ។
ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាលោកស្រី កែវ មុំ និងជាអគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលីមើលឃើញថាអាជីវកម្មសហគ្រិនស្រ្តីកំពុងដំណើរការល្អ តែកង្វះហិរញ្ញវត្ថុក្លាយជាឧបសគ្គក្នុងការពង្រីកអាជីវកម្មខ្នាតតូចនិងមធ្យម។ នេះបើតាមទីភ្នាក់ងារសារព័ទ៌មាន AKP។
លោកស្រីបន្ថែមថា ប្រសិនបើធនាគារ SME របស់រាជរដ្ឋាភិបាលលេចជារូបរាងនឹងជួយសហគ្រិនក្នុងការពង្រីកអាជីវកម្ម និងជួយកាត់បន្ថយកង្វះហិរញ្ញវត្ថុផងដែរ។ ទោះបីយ៉ាងណាសមាគមសហគ្រិនស្នើឲ្យរាជរដ្ឋាភិបាលជួយសម្រួលលក្ខខ័ណ្ឌនានាដល់សហគ្រិនខ្ចីប្រាក់ពីធនាគារ SME។
ដូចគ្នានេះដែរ លោក គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឲ្យដឹងថា អាជីវកម្មរបស់សមាគមលោកកំពុងដំណើរការល្អនិងមានស្តង់ដារ។ ក៏ប៉ុន្តែអាជីវកម្មសមាគមសហគ្រិននេះខ្វះដើមទុនក្នុងការពង្រីកអាជីវកម្ម ព្រោះធនាគារតិចតួចដែលផ្តល់ប្រាក់កម្ចីដោយមិនទាមទារទ្រព្យបញ្ចំា។
បើតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បង្ហាញថា សហគ្រិនប្រិតបត្តិការជាង ៥២ ម៉ឺនសហគ្រាស។ ក្នុងនោះសហគ្រិនធុនតូច និងមធ្យមមានប្រហែលជា ៩៩. ៨ ភាគរយ ហើយវិស័យនេះ បានជួយបង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណ ៧០ភាគរយ៕