ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានរកឃើញគ្រាប់បែកទំលាក់ពីយន្ដហោះមួយគ្រាប់ ដែលជាប្រភេទ MK83 មានទំងន់ជាង ៤៥០គីឡូក្រាម នៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ នេះបើតាមឱ្យដឹងពី លោក ហេង រតនា នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៨ ឧសភា នេះ។
តាមយៈការជូនដំណឹងនេះ លោក ហេង រតនា បញ្ជាក់ថា ក្រុមជំនាញមិនទាន់អាចយកចេញ គ្រាប់បែក នេះនៅឡើយទេ ដោយសារត្រូវការកំលាំង ជួយដោះបន្ថែម ព្រោះថា គ្រាប់បែកដែលមានទម្ងន់ជាង ៤៥០គីឡូក្រាមនេះ បានលាក់ខ្លួនជាប់នៅក្នុងថ្មភ្នំ ជាយូរឆ្នាំមកហើយដែលពិបាកធ្វើការ ដោះយកបានភ្លាមៗ។
គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានបង្ហាញរបាយការណ៍ពីសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឆ្នាំ២០១៧នេះ ដោយ បានបោសសម្អាតដីមានកប់គ្រាប់មីន និងផ្ទៃដីចម្ការដែលមានគ្រាប់មីនបានចំនួន ៨៦៣៦ហិចតា ។ ក្នុងនោះកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់គ្រប់ប្រភេទបានចំនួន ៣៧៤៤៨គ្រាប់។
ទន្ទឹមនឹងការបង្ហាញពីរបាយការណ៍សកម្មភាពការងារ អគ្គនាយកស៊ីម៉ាក់ ក៏បានដាក់បង្ហាញពីផែនការយុទ្ធសាស្ដ្រជាតិសកម្មភាពកំចាត់មីនឆ្នាំ២០១៨-២០២៥ផងដែរ ដែលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងធ្វើការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ លើផ្ទៃដីចម្ការប្រមាណចំនួន ១១៦គីឡូម៉ែត្រក្រឡា ជាការឆ្លើយតបទៅតាមសំណើរបន្ទាន់ៗចំនួន ៩ពាន់ ហើយនឹងអាចបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ៥០០០០គ្រាប់៕