ការបោះឆ្នោតសភាប្រទេសម៉ាឡេស៊ីប្រព្រឹត្តទៅនៅ ថ្ងៃពុធទី៩ឧសភានេះ ។ ខណៈនេះ គេសង្កេតឃើញរលកនយោបាយ ឡើងកំដៅយ៉ាងខ្លាំងរវាងបក្សប្រឆាំងរូបរួមPKR ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីមហាធាមហាមាត និង បក្សកាន់អំណាចជាតិបារីសាន់ BN ដឹកនាំដោយនាយករដ្ឋណាជីពរ៉ាហ្សាក់។ បក្សប្រឆាំងបានអំពាវនាវអោយពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើស លុបទើបទម្លាក់បក្សកាន់អំណាចបាន។
អ្នកស្រី កឹម សុគុន្ធី ជូនសេចក្ដីប្រែសម្រួល៖
លោកមហាធាមហាមាតបានថ្លែងទៅកាន់អ្នកគាំទ្រលោក ថាការបោះឆ្នោតថ្ងៃទី៩ឧសភានេះ គឺជាអាយុជីវិតរបស់ជាតិ ដែលលោកថា គេមិនបណ្ដោយអោយបក្សBN បន្តកាន់អំណាចបានទៀតនោះទេ ព្រោះធ្វើអោយជាតិប្រឈមមុខនឹងហានិភ័យកាន់តែធ្ងន់ធ្ងរ។ លោកទទូចថា បើបក្ស PKR បានជ័យជម្នះ គឺយើងនិងជាតិយើងក៏ឈ្នះដែរ។ តែដើម្បីទទួលបានជ័យជម្នះនេះ គឺយើងត្រូវចេញទៅបោះឆ្នោតគ្រប់ៗគ្នា ដែលជាឱកាសដើម្បីផ្លាស់ប្ដូរ។
មានការរំពឹងទុកថា ចំនួនអ្នកចេញទៅបោះឆ្នោត អាចច្រើនជាង ការបោះឆ្នោតឆ្នាំ២០១៣ ខណៈការបោះឆ្នោតលើកនេះ គឺយុវជនមានអត្រាច្រើនជាងគេ រហូតដល់ជិត៥០ភាគរយ។
លោក មហាធា និយាយថា បើពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលុប គឺប្រៀបបាននឹងរលកសូណាម៉ិ វាយសំពងបក្សកាន់អំណាចBN។ អតីតនាយករដ្ឋមន្ត្រី ធ្លាប់កាន់អំណាច ២២ឆ្នាំដែលបច្ចុប្បន្ន មានអាយុ៩២ឆ្នាំ បានក្លាយជាមេបក្សប្រឆាំង តាមព្រឹត្តន័យ ខណៈមេបក្សប្រឆាំងដ៏ល្បីល្បាញ គឺលោកអាន់វ៉ាអ៊ីប្រាហ៊ិម កំពុងជាប់ពន្ធនាគារ។
ខណៈការបោះឆ្នោតកាន់តែជិតចូលមកដល់នេះ បក្សកាន់អំណាចរបស់លោកណាជិព បានចុះឃោសនារកសំឡេងឆ្នោតស្ទើរគ្រប់ ច្រកល្ហកទាំងអស់ទូទាំងប្រទេស។ បក្សកាន់អំណាចជា បាន ព្រមានថា បើបក្សខ្លួនចាញ់ឆ្នោត គឺប្រទេសជាតិ សេដ្ឋកិច្ចជាតិ សន្តិសុខជាតិនឹងជួបគ្រោះថ្នាក់ ហើយ ការកាត់បន្ថយភាពក្រីក្រនឹងធ្លាក់ចុះ។
នៅក្នុងយុទ្ធនការមួយកាលពីទិវាពលរដ្ឋកម្មអន្តរជាតិ ១ឧសភា លោកណាជិព បានប្រកាស ដំឡើង ប្រាក់ឈ្នួលកម្មករ ៥០ភាគ រយ បើបក្សBN បន្ត កាន់អំណាចទៀតនោះ។តែបែបនេះក្ដី លោកណាជិពដែលមានរឿងអាស្រូវ ហិរញ្ញវត្ថុ ៦៨១លានដុលា្លរ ដែលកាសែតអាមេរិកThe Wall Street Journal ចុះផ្សាយថា ជាមូលនិធី ដែលលោកណាជិព លួចផ្ទេរពីធនាគាររដ្ឋ 1MDB ចូលទៅគណនីរបស់ខ្លួននោះ ហាក់និយាយតិចតួច អំពី ការសន្យាលុបបំបាត់អំពើពុករលួយ។
តែផ្ទុយទៅវិញសម្រាប់ បក្សប្រឆាំង បានសន្យាលុបបំបាត់អំពើពុករលួយនិងពិនិត្យមើល ទ្រព្យសម្បត្តិរបស់រដ្ឋឡើងវិញ។ ការបោះឆ្នោតសភានីតិកាលទី១៤ដែលមាន សមាជិកសភាសរុប២២២នាក់ និងក្រុមប្រឹក្សារដ្ឋនិងខេត្តរាជធានី ៥០៥ អាសនៈ ត្រូវបានអង្គការឃ្លាំងមើលការបោះឆ្នោត Bersih និង Merdeka ព្រមានថា ការបន្លំសន្លឹកឆ្នោត អាចកើតមាន ហើយភាពសេរីនិងយុត្តិធម៌នៅតែតូចចង្អៀត។ តែបែបនេះក្ដី អង្គការទាំងពីរនេះ សង្ឃឺមថាចំនួនពលរដ្ឋចេញទៅបោះឆ្នោត ទំនងមានច្រើន ដូចការបោះឆ្នោត សភានីតិកាលទី១៣នៅឆ្នាំ២០១៣ ដែលមានពលរដ្ឋចេញទៅបោះឆ្នោត ជាង៨៤ភាគ ស្មើនឹង១១លាន ២សែន ៥ម៉ឺន៧ពាន់នាក់ ។ ពលរដ្ឋបានចុះក្នុងបញ្ជីឈ្មោះបោះឆ្នោតសម្រាប់បោះឆ្នោតសភានីតិកាលទី១៤នៅថ្ងៃទី៩ឧសភាឆ្នាំ២០១៨នេះ មានជិត១៥លាននាក់។
ចំនួនពលរដ្ឋចុះបញ្ជីឈ្មោះដ៏ច្រើននេះ ហើយ ដែលលោកមហាធាមហាមាត មេដឹកនាំបក្សប្រឆាំងទទូចសុំអោយពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលុប ដើម្បីបំបែកសំណុំរឿងចាស់ ហើយនាំអោយ បក្សប្រឆាំងរួបរួម PKR បានដឹកនាំប្រទេស។
លោកបាននិយាយដូចនេះថា៖ «សូមព្រះជាម្ចាស់ ជួយពួកយើងផង។ តាមបំណងរបស់ព្រះ នាំអោយយើងមានការផ្លាស់ប្ដូររដ្ឋាភិបាល នៅថ្ងៃទី៩ឧសភាហើយ នាយករតដ្ឋមន្ត្រី ត្រូវមានអាណត្តិតែ២ដងប៉ុណ្ណោះ បើយើង ឈ្នះឆ្នោត គឺមិនត្រូវដូចមុនទេ ដែលខ្ញុំបានកាន់អំណាច៥អាណត្តិនោះ គឺពេលនេះ ត្រូវតែផ្លាស់ប្ដូរ»។
បើតាមទីភ្នាង់ងារសារព័ត៌មាន AFP ដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន Channel News Asia លោកមហាធាបានថ្លែងដូចនេះ ខណៈលោក បានចុះទៅឃោសនា រកសន្លឹកឆ្នោតនៅរដ្ឋ Pakatan ដែលជាមូលដ្ឋានមួយដ៏រឹងមាំរបស់ក្រុមប្រឆាំងនេះតាំងពីការបោះឆ្នោតអាណត្តិមុនៗ។ រដ្ឋាភិបាលម៉ាឡេស៊ីបានអំពាវនាវអោយ មានការឃ្លាំមើលការបោះឆ្នោត ពី សហគមន៍អន្តរជាតិ ។តាមទីភ្នាក់ងារសារព័ត៌មានReuters ប្រទេសកម្ពុជា ថែនិងឥណ្ឌូនេស៊ី សន្យាបញ្ជូនអ្នកសង្កេតការណ៍ទៅឃ្លាំមើលការបោះឆ្នោតនៅប្រទេសនេះ ។តែសហភាពអឺរ៉ុប និង អាមេរិកហាក់មិនចាប់អារម្មណ៍នឹងការបោះឆ្នោតនេះច្រើនទេព្រោះការបោះឆ្នោតនេះធ្វើឡើងចំពេលមេបក្សប្រឆាំងអាន់វ៉ាអ៊ីប្រាហ៊ិម កំពុងជាប់ពន្ធនាគារ៕