បទយកការណ៍៖ ស្រ្ដីដែលធ្លាប់ឃើញផ្ទាល់ចំពោះអំពើហិង្សា និងស្រ្ដីដែលរងគ្រោះផ្ទាល់ដោយសារអំពើហិង្សាបានសំណូមពរ និងជម្រុញដល់សមត្ថ កិច្ចពាក់ព័ន្ធបន្ថែមកម្រិតទោសទណ្ឌ ចំពោះជនដែលព្រឹត្ដហិង្សាលើស្រ្ដី និងកុមារី អោយបានធ្ងន់ធ្ងរ។ សំណូមពររបស់ពួកគេបានបង្ហាញនៅក្នុងវេទិកាសាធារណៈមួយ ក្នុងកម្មវិធីបញ្ឈប់អំពើហិង្សាលើស្រ្ដី និងក្មេងស្រី កាលពីថ្ងៃ អាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០១៨ ដែលមានមន្រ្ដីពីក្រសួងកិច្ចការនារី មន្រ្ដីអង្គការសង្គមស៊ីវិលមកពីអង្គការនិចហ្វិក អង្គការសមត្ថភាពខ្ញុំ និងមន្រ្ដីអនុវត្តច្បាប់មួយចំនួននៅក្នុងខណ្ឌមានជ័យ ចូលរួម។
ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖
ក្នុងកម្មវិធីដែលរៀបចំឡើងដោយអង្គការសមត្ថភាពខ្ញុំបានបង្ហាញឱ្យឃើញថា ស្រ្ដីនៅក្នុងរាជធានីភ្នំពេញមួយចំនួនក៏កំពុងរងគ្រោះដោយសារអំពើហិង្សា។ ជាក់ស្ដែងដូចជាស្រ្ដីមួយចំនួនដែលរស់នៅក្នុងខណ្ឌមាជ័យដែលវិទ្យុស្រ្ដីបានសុំសម្ភាស គឺពួកគាត់ធ្លាប់បានជួបប្រទះ និងរងគ្រោះដោយផ្ទាល់ចំពោះអំពើហិង្សាស្ទើរតែគ្រប់ទម្រង់ ។
ស្រ្ដីដែលរងគ្រោះទាំងនោះ ពួកគាត់មានអ្នកខ្លះជាស្រ្ដីមេផ្ទះ ខ្លះទៀតជាកម្មការិនីរោងចក្រ និងអ្នកខ្លះទៀតបម្រើការងារនៅតាមភោជនីយដ្ឋានជាចុងភៅផងដែរ។
អ្នកស្រី ហ៊ីង សុគង ពលរដ្ឋរស់នៅក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានភាពក្លាហានហ៊ានលើកឡើងពីអំពើហិង្សាដែលបានឃើញផ្ទាល់ភ្នែក។
អ្នកស្រីបានអោយដឹងថា បងស្រីបង្កើតម្នាក់បានក្លាយជនរងគ្រោះដោយសារអំពើហិង្សា ហើយអ្នកស្រីក៏បានជួយអន្ដរាគមន៍ផ្ទាល់ផងដែរ ចំពោះអំពើហិង្សានេះ។
ការលើកឡើងរបស់អ្នកស្រី ហ៊ីង សុគង ដូចនេះ ស្របពេលកិច្ចពិភាក្សាទាក់ទងនិងកម្មវិធីអំពើហិង្សាបានចាប់ផ្ដើម។
អ្នកស្រី ហ៊ីង សុគង ៖«ខ្ញុំធ្លាប់តែឃើញនៅក្នុងគ្រួសារបងខ្ញុំ ដូចរបៀបថា(ប្ដី)គាត់ជេរប្រពន្ធ ជេរកូន វ៉ៃប្រពន្ធ វ៉ៃកូន វ៉ៃប្រពន្ធ ដូចថាគាត់(ប្ដី) ជេរអោយពេញមុខពេញមាត់គាត់នៅមុខគេ ហើយដល់ពេលថ្ងៃមួយខ្ញុំឃើញគាត់ទាញកាំបិតពូថៅទៅវ៉ៃបងខ្ញុំខ្ញុំចឹងខ្ញុំទៅជួយចាប់ ហើយតេហៅប៉ូលិស ប៉ុន្ដែប៉ូលិសមិនដល់១០នាទីផងលែងអោយមកវិញ ហើយគាត់ខឹងខ្ញុំដឹងខ្ញុំទៅប្ដីដេញកាប់ខ្ញុំ »។
នៅក្នុងពិធីនេះ អ្នកស្រី ហ៊ីង សុគង បានឱ្យដឹងបន្ដទៀតថា នៅពេលដែលមានហិង្សាកើតឡើង ស្រ្ដីរងគ្រោះដែលត្រូវជាបងស្រីបង្កើត មិនបានប្ដឹង ឬលែងលះជាមួយនិងស្វាម នោះទេ។ ប៉ុន្ដសម្រាប់អ្នកស្រីផ្ទាល់ គឺ ចាត់ទុកអំពើហិង្សាដែលកើតមាននេះ ជាអំពើព្រៃផ្សៃ និងគួរឲ្យស្អប់បំផុត ហើយក៏មិនចង់អោយកើតមានទៅលើស្រ្ដី និងក្មេងស្រីផងដែរ។
អ្នកស្រី ហ៊ីង សុគង ៖«នៅតែទាក់ទងជាមួយគ្នាដដែល ដោយសារបងខ្ញុំគិតថា មានកូនៗធំអស់ហើយ ខ្ចីលែងគ្នាលែងគ្នាមិនដាច់ដដែល។ ខ្ញុំសំណូមពរខ្ញុំចង់ថា ប្រសិនបើអំពើហិង្សានៅតែមានលើបងខ្ញុំទៀត ចង់អោយសមត្ថកិច្ចចាប់គាត់ទៅអប់រំខ្លះ ដើម្បីអោយគាត់រាងចាល »។
ជួបនឹងស្រ្ដីម្នាក់ទៀត ដែលមានវត្តមាននៅក្នុងកម្មវិធីនេះដែរ គឺ អ្នកស្រី អ៊ិន សារ៉ាន់។ អ្នកស្រីជាកម្មការិនីរោងចក្រមួយរូបមានទីលំនៅនៅក្នុងខណ្ឌមានជ័យសង្កាត់ស្ទឹងមានជ័យ។
តាមឱ្យដឹងពីអ្នកស្រី បងស្រីរបស់គាត់ក៏ធ្លាប់រងគ្រោះដោយសារអំពើហិង្សានេះផងដែរ។
អ្នកស្រី អ៊ិន សារ៉ាន់ ៖«ដើរតែផឹកចឹងពេលមកដល់ផ្ទះមកវ៉ៃប្រពន្ធកូនរហូតចឹង អត់លូវពួកគាត់បែកគ្នាហើយ បើតាំងពីរៀបការមកធ្វើបែបគាត់រហូតប្រាំមួយ ប្រាំបីឆ្នាំ អោយតែផឹកស្រាធ្វើបាបប្រពន្ធរហូត »។
តាមការយល់ឃើញរបស់ អ្នកស្រី អ៊ិន សារ៉ាន់ បើទោះបីជាអ្នកស្រីមិនបានជួបផ្ទាល់ក៏ដោយ តែបើហិង្សាបានកើតឡើងទៅលើគ្រួសារណាហើយនឹងធ្វើអោយគ្រួសារនោះគ្មានសុភមង្គល។ អ្នកស្រីផ្ទាល់ សំនូមពរអោយអង្គការដែលបានរៀបចំកម្មវិធីនេះឡើង ជួយទប់ស្កាត់និងចុះអប់រំ កុំអោយមានអំពើហិង្សារនៅក្នុងគ្រួសារកើតមានឡើងបន្ដទៀត។
អ្នកស្រី អ៊ិន សារ៉ាន់ ៖«ចង់អោយពួកគាត់ជួយកុំអោយមានអំពើហិង្សានៅលើប្រពន្ធកូនចឹងទៀត ដល់កូនវាងត់ឱពុកម្ដាយទៅណាដូចគ្នាតែលតោលតែឯងអត់មានពុកនឹងគេ »។
មិនថាតែស្រ្ដីដែលបានឃើញផ្ទាល់ចំពោះអំពើហិង្សាដែលកើតមានឡើងនោះទេ សូម្បីតែស្រ្ដីម្នាក់ដែលបានចូលរួមនៅក្នុងពិធីនេះ ក៏បានឱ្យដឹងដែរថា ស្វាមីរបស់គាត់ក៏បានធ្វើបាបផ្លូវចិត្ត និងវាយធ្វើបាបលើរាងកាយរបស់គាត់ផងដែរ។
«គាត់មានស្រីយូរឆ្នាំហើយ គាត់មានស្រីចឹងហើយ គាត់មិនដែលចិញ្ចឹមប្រពន្ធកូនទេអត់ដែលសោះ…»។
ស្រ្ដីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានឱ្យដឹងបន្ដថា ប្ដីរបស់អ្នកស្រីនិងខ្លួនអ្នកស្រីបានស្រឡាញ់គ្នាអស់រយៈពេល ជាង ១០ឆ្នាំ និងទទួលបានចំណងដៃកូនប្រុសពីរនាក់។ ក្នុងពេលរស់នៅជាមួយគ្នា អ្នកស្រីបានបំពេញតួនាទីធ្វើជាភរិយា និងម្ដាយដ៏ល្អគ្រប់បែបយ៉ាង ប៉ុន្ដែចុងក្រោយស្វាមីរបស់អ្នកស្រីនៅតែងតែលួចមានស្រី។
«មានសំណូមពរត្រង់ថា អ្នកមានប្រពន្ធកូនចឹង កុំធ្វើអំពើហិង្សា ឬមួយកុំធ្វើបាបចិត្តប្រពន្ធកូន កុំដើរមានស្រី បើយើងចង់មានស្រីចឹង យើងអោយលុយគេទៅ កុំចោលប្រពន្ធកូន »។
កត់សម្គាល់ឃើញថា អំពើហិង្សារដែលមានកើតឡើងចំពោះស្រ្ដីរងគ្រោះនៅពេលនេះ គឺមានទាំងអំពើហិង្សាផ្លូវចិត្តផ្លូវកាយ និងផ្លូវសេដ្ឋកិច្ច។
តាមលោកស្រី នៅ សុនីតា សមាជិកក្រុមប្រឹក្សាខណ្ឌ និងជាប្រធានគណកម្មាធិការពិគ្រោះយោបល់ផ្លូវច្បាប់ទាក់ទងស្រ្ដី និងកុមារ បានកត់សម្កាល់ឃើញថា ជាធម្មតាអំពើហិង្សានៅក្នុងគ្រួសារតែតែកើតមាន មិនចេះអស់នោះទេ បើទោះជាសព្វថ្ងៃ កម្ពុជាមានច្បាប់ និងមានកិច្ចអន្ដរាគមន៍ចាប់ខ្លួនពីសមត្ថកិច្ចក៏ដោយ ។ លោកស្រីបន្ដថា វិធានការដែលចូលរួមទប់ស្កាត់អំពើហិង្សាបានល្អ គឺ មានការបន្ថែមកម្រិតទោសទណ្ឌទៅលើអ្នកប្រព្រឹត្តខុសអោយធ្ងន់ធ្ងរ។
លោកស្រី នៅ សុនីតា ៖«ចឹងអំពើហិង្សាដូចយើងបានឃើញហើយ ហើយមួយទៀតដូចជាករណីរំលោភកុមារី ហើយសម្លាប់ទៅទៀត យើងឃើញថា វាព្រៃផ្សៃបំផុត។ ការឈឺចាប់នេះ មិនមែនតែខ្ញុំទេ គឺប្រជាពលរដ្ឋខ្មែរទាំងសកលលោក ពិសេសពលរដ្ឋខ្មែរយើងតែម្ដង មិនដឹងថា ប្រទេសគេ ឬប្រទេសយើង មានវិធានការពិសេសណាមួយ ឬវិសោធនកម្មច្បាប់រឹតបន្ថឹងនៃការកាត់ទោសដាក់ទោសទណ្ឌទៅលើជនដែលប្រព្រឹត្តនេះអោយបានធ្ងន់ ធ្ងន់ជាអតិបរមាតែម្ដង ព្រោះយើងឃើញចឹងយើងឈឺចាប់ណាស់ យើងឈឺចាប់បំផុត »។
លោកស្រី នៅ សុនីតា ក៏បានបញ្ជាក់ដែរថា ប្រសិនបើមានហេតុការណ៍ហិង្សាណាមួយកើតឡើង គឺត្រូវព្យាយាមអត់ធ្មត់ និងបញ្ជៀសកុំអោយកើតមានជម្លោះធ្ងន់ធួរតែិនបានគួរតែកើតឡើង ប៉ុន្ដែវះស្វែងរកអ្នកជួយដែលជិតខ្លួនបំផុត។មានឡើងហើយ យើងត្រូវឡើង ប៉ុន្ដែករណីបញ្ជៀសមិនបានគួរតែស្វះស្វែងរកអ្នកជួយដែលនៅជិតខ្លួនបំផុត។
លោកស្រី នៅ សុនីតា ៖«អ្វីដែលជាអនុសាសន៍ខ្ញុំនោះ ទីមួយ.គឺស្រ្ដីខ្លួនឯងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ បើដឹងថា រូបភាពនឹងបម្រុងនឹងកើតមានជម្លោះធំហើយ យើងត្រូវរិះរកគ្រប់មធ្យោបាយណាដើម្បីបញ្ជៀសពីអំពើហិង្សាក្នុងគ្រួសារ បើអាច ហើយឥលូវនេះយើងអាចទូរស័ព្ទទៅអ្នកដែលជិត ឬ ញាតិមិត្តអោយជួយ។ ទីពីរ.ទៀតស្វែងរកអ្នកជិតខាង ឬសមត្ថកិច្ច អោយជួយអន្ដរាគម »។
គួរបញ្ជាក់ដែរថា វេទិកាសាធារណៈនៅពេលនេះ រៀបចំឡើងដោយអង្គការសមត្ថភាពខ្ញុំ ដែលអង្គការនេះមានគោលបំណងចូលរួមលុបបំបាត់អំពើហិង្សាលើស្រ្ដី និងកុមារី។
តាមការបញ្ជាក់ពីលោកស្រី គុជ ផាត្តនា “ប្រធានអង្គការសមត្ថភាពខ្ញុំ” នេះជាលើកទីមួយដែលអង្គការលោកស្រីបានចុះជួបផ្ទាល់ជាមួយស្រ្ដីនៅក្នុងខណ្ឌមានជ័យនេះ ។
លោកស្រីបញ្ជាក់ទៀតថា ៖«នៅក្នុងរយៈពេល ៣ឆ្នាំនេះ គឺយើងធ្វើការនៅខណ្ឌមានជ័យដោយផ្តោតទៅលើសង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ ស្ទឹងមានជ័យ៣ បឹងទំពុន ហើយនឹងចាក់អង្រែលើ ជាគម្រោងសាកល្បងសិនទេ ចឹងយើងធ្វើនៅក្នុងរយៈពេល៣ឆ្នាំ យើងអត់ដឹងថា ម្ចាស់ជំនួយអនុញ្ញាតឲ្យយើងធ្វើបន្ដទៀតទេ តែបើសិនធ្វើតទៀតយើងនឹងពិចារណាទៅលើសង្កាត់ផ្សេងៗទៀត ហើយនិងខណ្ឌផ្សេងៗទៀត ដែលកំពុងជួបប្រទះនូវអំពើហិង្សាទៅលើក្រុមគ្រួសារនេះដែរ »៕