ភ្នំពេញ៖ លោក ខួង ស្រេង អភិបាលក្រុងភ្នំពេញ ផ្ញើលិខិតជូនប្រធានគណៈកម្មការរៀបចំការបោះឆ្នោតពីសំណើសុំបញ្ចៀសនូវផ្លូវមួយចំនួនក្នុងកំឡុងការឃោសនាបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ កក្កដា ២០១៨ ខាងមុខ។
តាមសំណើរបស់សាលារាជធានីភ្នំពេញ ដើម្បីឱ្យដំណើរការនៃការឃោសនាបោះឆ្នោតខាងមុខ ប្រព្រឹត្តទៅបានល្អ ប្រកបដោយសុខសុវត្តិភាព និងសណ្ដាប់ធ្នាប់ជូនគណបក្សទាំងឡាយក្នុងការឃោសនាបោះឆ្នោតរបស់ខ្លួន លោក ខួង ស្រេង បានហាមឃាត់កុំឱ្យមានការប្រមូលផ្ដុំក្បួនដង្ហែ និងការឃោសនាបោះឆ្នោតនៅតាមដងវិថីមួយចំនួន ដើម្បីបញ្ចៀសនូវការកកស្ទះចរាចរណ៍ ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងអស់។
តាមលិខិតសាលារាជធានី ផ្លូវដែលត្រូវចៀសវាងក្នុងក្បួងដង្ហែការឃោសនាបោះឆ្នោតមានដូចជា៖ ១.កំណាត់មហាវិថីនរោត្តម (ចាប់ពីវិមានឯករាជ្យដល់ស្តុបមន្ទីពេទ្យអង្គឌួង) ២. មហាវិថីសហព័ន្ធរុស្ស៊ី ៣.កំណាត់មហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុប បេ កា សេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន) ៤.កំណាត់មហាវិថីព្រះសីហនុ( ចាប់ពីនាគបាញ់ទឹកវិថីសុធារស ដល់ស្តុបអតីតពេទ្យចិន) ៥. កំណាត់មហាវិថីម៉ៅសេតុង( ចាប់ពីស្តុបចេនឡា ដល់ស្តុបទេពផន) ៦.កំណាត់ផ្លូវទេពផន (ចាប់ពីកែងស្តុបមហាវិថីព្រះមុនី្នវង្សដល់ស្តុបនាគង្ហីង) ៧.កំណាត់មហាវិថីសុធារស (ចាប់ពីកែងផ្លូវលេខ ១៥៤ ដល់មហាវិថីព្រះសីហនុ) ៨.មហាវិថីសុរាម្រិត ៩.ផ្លូវជុំវិញព្រះបរមរាជវាំង(កំណាត់ផ្លូវលេខ ២៤០, ១៨៤, និង១៩)។
លើសពីនេះទៅទៀត ទីប្រជុំជនមួយចំនួនក៏ត្រូវចៀសវាងផងដែរ មានដូចជា៖ ផ្លូវជុំវិញ(ផ្សារធំថ្មី, ផ្សារអូរឬស្សី, ផ្សារអូរឡាំពិក, ផ្សារទួលទំពួង, ផ្សារដេប៉ូ, ផ្សារដើមគរ)។ យ៉ាងណាមិញ ក្បួនដង្ហែក៏ត្រូវចៀសវាងនូវទីសាធារណៈមួយចំនួនដូចជា៖ ១. សួនព្រះបរមរាជវាំង ២.ទីធ្លាព្រះមេរុ ៣. សួនមុខវត្តបទុមវតី(អនុញ្ញាតជូនទីវាលការីឡាចុងខាងត្បូងវត្តបទុមវរតី) ៤. ទីតាំងនិងសួនច្បាវិមានឯករាជ្យទាំងមូល ៥.ទីធ្លារូបសំណាក់លោកយាយពេញ ៦.សួបច្បាអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ និង៧. សួនច្បារសម្ដេចហ៊ុនសែន៕