en     km
en     km

គ​.​ប​.​ម​ ចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​ត្រឹម​ ៥០​ ឆ្នាំ​របស់​ក្រសួងបរិស្ថាន​

Share

​ភ្នំពេញ​៖​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (​គ​.​ប​.​ម​)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​ ២៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ នេះ​ ស្វាគមន៍​ចំពោះ​សេចក្តី​ប្រកាស​របស់​ក្រសួងបរិស្ថាន​ ថា​រាជរដ្ឋាភិបាល​បាន​សម្រេច​គោលការណ៍​កាត់​បន្ថយ​ រយៈពេល​នៃ​ការ​អនុវត្ត​គម្រោង​វិនិយោគ​អភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងអស់​ មក​នៅ​ត្រឹម​ ៥០​ ឆ្នាំ​យ៉ាង​យូរ​។​
​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ គ​.​ប​.​ម​ បាន​ចាត់​ទុក​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​ពេល​កន្លង​ទៅ​ ថា​ជា​បញ្ហា​ធ្ងន់ធ្ងរ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​បរិស្ថាន​។​ គ​.​ប​.​ម​ បាន​លើក​ឡើង​ថា​ ដើម្បី​ធានា​ឱ្យ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​សមធម៌​ និង​ចីរភាព​ គណបក្ស​ខ្លួន​នឹង​រៀបចំ​កម្មវិធី​នយោបាយ​ឱ្យ​មានការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

​គណបក្ស​នយោបាយ​ថ្មី​មួយ​នេះ​ បាន​លើក​ឡើង​ចំនួន​ ៣​ ចំណុច​ជា​យោបល់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​សន្តិភាព​ដូច​ជា​៖​ ទី​១​ ទំហំ​ដី​សម្បទាន​សេដ្ឋកិច្ច​ គប្បី​បន្ថយ​ឱ្យ​នៅ​តិច​ជាង​ ៥​ ពាន់​ហិច​តា​។​ ទី​២​ គប្បី​កំណត់​ឱ្យ​សម្បទា​និករ​ក្សា​ដី​ ១០%​ នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ទុកជា​ព្រៃ​ធម្មជាតិ​ ឬ​ដាំ​ដើមឈើ​ឡើង​វិញ​ ដើម្បី​ជា​ការ​ការពារ​ និង​ផ្តល់​ផល់​ប្រយោជន៍​ដល់​រស់នៅ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ ចំណែក​ទី​ ៣​ ពង្រឹង​ការ​តាមដាន​ វាយតម្លៃ​គ្រប់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ ដើម្បី​ឱ្យ​ប្រាកដ​ថា​ គោលការណ៍​និង​នីតិ​វិ​ថី​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា​ ត្រូវ​បាន​គោរព​និង​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​។

​លោក​ សាម​ អ៊ី​ន​ ដែល​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បានឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃនេះ​ថា​ រយៈពេល​ ៩៩ ឆ្នាំ​ របស់​រដ្ឋាភិបាល​កំណត់​ឱ្យ​ក្រុមហ៊ុន​ខ្លះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ សម្រាប់​វិនិយោគ​ និង​ចំនួន​ដី​រហូត​ដល់​ ១​ម៉ឺន​ហិច​តា​ជាដើម​ បាន​ផ្តល់​ផល​ប៉ះពាល់​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ ជា​ពិសេស​តំបន់​ដាច់​ស្រយាល​ និង​បង្ករ​ឱ្យ​មាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​ ។​ «​ រាជរដ្ឋាភិបាល​កាត់​បន្ថយ​ចំនួន​ឆ្នាំ​នេះ​ ជា​រឿង​ធ្វើ​ល្អ​ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​កិច្ចការ​ជា​ច្រើន​ទៀត​ដើម្បី​ឱ្យ​ប្រសើរ​ជាង​នេះ​ …​ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តាម​ព្រំដែន​ ជា​រឿង​មួយ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ទាក់ទង​នឹង​បូរណភាព​ទឹកដី​នៅ​ថ្ងៃក្រោយ​ ព្រោះ​រយៈពេល​កៅសិប​ប្រាំបួន​ឆ្នាំ​នេះ​ អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ ចំណែក​រឿង​កម្មករ​ជា​ជនបរទេស​មក​តាំង​ទីលំនៅ​ក្នុង​តំបន់​ដី​សម្បទាន​ក៏​អាច​ប្រឈម​នឹង​ហានិភ័យ​ចំពោះ​បូរណភាព​ទឹកដី​នៅ​ថ្ងៃក្រោយ​ដែរ​…​ ក្នុង​នោះ​ប្រសិនបើ​មាន​កម្មករ​ជា​ជនបរទេស​រដ្ឋាភិបាល​គួរ​ណាស់​ អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ត្រឹមត្រូវ​»​។​

​ទន្ទឹម​នឹង​ការ​ចេញ​សេចក្តីថ្លែងការណ៍​ខាងលើ​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​ បាន​និយាយ​ថា​ ក្រសួងបរិស្ថាន​អរគុណ​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែល​បាន​តាមដាន​ការងារ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ និង​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​របស់​។​ លោក​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ការ​កាត់​បន្ថយ​ចំនួន​ឆ្នាំ​ពី​៩៩​ ឆ្នាំ​ មក​ត្រឹម​ ៥០​ ឆ្នាំ​នេះ​ គឺជា​ការ​ត្រួតពិនិត្យ​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​រួម​របស់​រាជរដ្ឋាភិបាល​ ក្នុង​នោះ​ក្រសួងបរិស្ថាន​ក៏​បាន​ចូលរួម​ក្នុង​ការងារ​នេះ​ដែរ​ ព្រោះ​ក្រសួងបរិស្ថាន​បាន​ផ្តល់​ដី​វិនិយោគ​មួយ​ចំនួន​ ជា​ពិសេស​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​គម្រោង​អភិវឌ្ឍ​ផ្សេងៗ​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​ បាន​បន្ត​ថា​៖​ «​សម្រាប់​ការ​ផ្តល់​យោបល់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ជា​យោបល់​របស់​គាត់​ ប៉ុន្តែ​ការ​អនុវត្ដន៍​ជាក់ស្ដែង​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​របស់​រដ្ឋាភិបាល​ គឺ​ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​ច្បាប់​…​ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​ យើង​មាន​លទ្ធភាព​អាច​ឱ្យ​លើស​ពី​ ៥​ពាន់​ហិច​តា​ ឬ​ក្រោម​ ១​ ម៉ឺន​ហិច​តា​ យើង​ធ្វើ​ទៅ​តាម​គោលការណ៍​ច្បាប់​។​ រឿង​មួយទៀត​ទុក​ដី​ ១០%​ ឬ​ប៉ុន្មាន​ភាគរយ​ជា​ទស្សនៈ​របស់​គាត់​ ដោយឡែក​យើង​ យើង​មាន​គោលការណ៍​គ្រប់គ្រង​ និង​វាយតម្លៃ​…​ ដើម្បី​រក្សា​និរន្តរភាព​ជីវៈចម្រុះ​»​។

​សូម​បញ្ជាក់​ថា​ កន្លង​មក​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល​ ៩៩​ ឆ្នាំ​ដល់​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន​ ហើយ​ទន្ទឹម​នឹង​ការ​ផ្តល់​ដី​សម្បទាន​រយៈពេល​ ៩៩​ ឆ្នាំ​នេះ​ ប្រជាពលរដ្ឋ​ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​មានការ​រិៈ​គន់​ មិន​ពេញចិត្ត​ចំពោះ​គម្រោង​វិនិយោគ​លើ​ដី​សម្បទាន​មួយ​នេះ​យ៉ាង​ខ្លាំង​។​ ដោយឡែក​ការ​សម្រេច​កែប្រែ​រយៈពេល​នៃ​ការ​អនុវត្ត​កិច្ចសន្យា​គម្រោង​វិនិយោគ​លើ​ដី​សម្បទាន​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ ចុះ​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​ ២០១៥​៕

150925-samang-new-01-kimoan-ed

Share

ព័ត៌មានទាក់ទង

Image