ភ្នំពេញ ៖ ក្រុមគ្រួសារ អ្នកស្រី ទេព វន្នី នៅតែទន្ទឹងរង់ចាំសេរីភាពរបស់អ្នកស្រីទេពវន្នី ត្រូវបានដោះលែងពីពន្ធនាគារ បើទោះបីជាក្ដីសង្ឃឹមនេះ ហាក់មិនសូវមានពន្លឺក៏ដោយ។ ទាំងក្រុមគ្រួសារ និងអ្នកភូមិបឹងកក់មួយចំនួន នៅតែទទូចសុំឲ្យប្រមុខដឹកនាំរាជរដ្ឋាភិបាលដោះលែងអ្នកស្រី ទេព វន្នី ដើម្បីបានវិលត្រឡប់មកមើលថែកូនស្រី ដែលជំងឺប្រសៃប្រសាទធ្វើទុក្ខកាន់តែខ្លាំង។ មន្ដ្រីការពារសិទ្ធិមនុស្ស យល់ថា បើផ្អែកទៅលើស្ថានភាពនេះ រដ្ឋាភិបាលមានហេតុផលគ្រប់គ្រាន់គួរពិចារណាផ្ដល់សេរីភាពដល់ស្ដ្រីសកម្មជនរូបនេះ។
លោក លៀ ស៊ីណា រាយការណ៍ ៖
អ្នកស្រី ទេព វន្នី ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ ក្រោមបទចោទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្ដនៅក្បែរផ្ទះសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។ ការផ្ដន្ទាទោសនេះ គឺជារយៈពេលដ៏វែងមួយសម្រាប់ស្ដ្រីម៉េម៉ាយកូនពីរម្នាក់នេះ ដែលត្រូវស្ថិតនៅក្នុងគុកឆ្ងាយពីម្ដាយ ឆ្ងាយកូនជាទីស្រឡាញ់របស់ខ្លួន។ គិតមកដល់ខែឧសភា ឆ្នាំ២០១៨នេះ អ្នកស្រី ទេព វន្នី ត្រូវបានជាប់ពន្ធនាគារអស់រយៈពេល ១ឆ្នាំ ៨ខែ។ យ៉ាងណាក្រុមគ្រួសារ មានទាំងម្ដាយ ទាំងបងស្រី និងកូនប្រុស ស្រី ចំនួន ២នាក់ នៅតែទន្ទឹងរង់ចាំការវិលត្រឡប់របស់ស្ដ្រីឆ្នើម ដែលតស៊ូដើម្បីលំនៅឋានរូបនេះមានសេរីភាពវិញ។
អ្នកស្រី ហួត ចន្ទសុវណ្ណ ត្រូវជាបងស្រីរបស់អ្នកស្រី ទេព វន្នី បានប្រាប់វិទ្យុស្ដ្រីថា ក្រោយពេលអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារ តួនាទីមើលថែទាំ កូនរបស់ប្អូនអ្នកស្រី បានធ្លាក់មកលើអ្នកស្រីទាំងស្រុង។ អ្នកស្រី មានចិត្ដអាណិតប្អូន និងក្មួយៗជាខ្លាំង ដែលមិនអាចរស់នៅជុំគ្នាដូច ម្ដាយ កូនដទៃទៀត។ ចាប់តាំងពីអ្នក ស្រីទេព វន្នី ត្រូវបានចាប់ខ្លួន កូនស្រីច្បងរបស់អ្នកស្រី ដែលមានអាការជំងឺសរសៃប្រសាទបានរើឡើងញឹកញាប់ ដែលវាបង្កផលប៉ះពាល់ជាច្រើន ការរស់នៅប្រចាំថ្ងៃ និងការសិក្សារបស់នាង។
អ្នកស្រី ចន្ទសុវណ្ណ បញ្ជាក់ថា កាលពីពេលដែលក្មួយស្រី នៅជាមួយម្ដាយ អាការជំងឺនេះគឺមិនសូវរើឡើងនោះទេ ៖«កាលនៅជាមួយម្ដាយអត់អីទេ អត់សូវឮត្អូញថា ឈឺក្បាលទេ តែឥឡូវឧស្សាហ៍ឈឺក្បាលទៅរៀនអត់បាន។ ទៅរៀនបានបន្ដិចជូនកាលឈឺក្បាលខ្លាំង រត់មកផ្ទះវិញ ហើយមានអារម្មណ៍មួរម៉ៅ ឆេវឆាវ ដូចថា អាយុច្រើន តែការនិយាយស្ដីដូចកូនក្មេង ៥ ឬ ៦ឆ្នាំអញ្ចឹង។ ក្នុងការនិយាយការស្ដី ការលេងហ្នឹងនៅជាក្មេង ហើយនិយាយច្រើន លេងច្រើន ត្រូវនិយាយៗ ត្រូវអត់ៗ ហើយការសួរទៅបើមិនត្រូវចិត្ដយំហ្មង ស្រែកហ្មង»។
ចំពោះការអាការក្មួយស្រី ដូចនេះ អ្នកស្រី ហួត ចន្ទសុវណ្ណ គិតថា បណ្ដាលមកពីឥទ្ធិពលនៃការចាប់ខ្លួនម្ដាយរបស់នាង ។ ចាប់តាំងពីអាជ្ញាធរបានឃុំខ្លួនប្អូនស្រីរបស់អ្នកស្រី កូនស្រីច្បងរបស់អ្នកស្រី ទេព វន្នី តែងតែសួររកម្ដាយ និងទារទៅជួបម្ដាយនៅក្នុងពន្ធនាគារជាញឹកញាប់។ បើទោះជាពន្លឺនៃសេរីភាពរបស់អ្នកស្រី ទេព វន្នី ហាក់គ្មានសញ្ញាវិជ្ជមានយ៉ាងណាក្ដី តែអ្នកស្រី ចន្ទសុវណ្ណ នៅតែរំពឹងថា ប្រមុខដឹកនាំរដ្ឋាភិបាល នឹងផ្ដល់ការអនុគ្រោះ ចេញមុខអន្ដរាគមន៍ជួយផ្ដល់សេរីភាព សម្រាប់ស្ដ្រីមេម៉ាយកូនពីររូបនេះ ដើម្បីឲ្យនាងបានវិលត្រឡប់មកមើលថែទាំកូនៗរបស់នាងវិញ ៖«សុំឲ្យសម្ដេច គាត់ជួយអន្ដរាគមន៍ ឲ្យគាត់ជួបជុំកូនចៅគាត់វិញផង ព្រោះកូនគាត់ខ្វះភាពកក់ក្ដៅខ្លាំងណាស់ ដោយសារឪពុក ម្ដាយ បែកបាក់គ្នាហើយ ម្ដាយត្រូវជាប់គុកទៀត ម្ដាយជាប់គុកទៀត អញ្ចឹងគាត់ខ្វះភាពកក់ក្ដៅកាន់តែខ្លាំង រៀនអត់បានទេ»។
ការចាប់អ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ មិនមែនមានតែក្រុមគ្រួសាររបស់អ្នកស្រីទេ ដែលប៉ះពាល់ផ្លូវចិត្ដ សូម្បីតែអ្នកភូមិបឹងកក់មួយចំនួនធំ ក៏មានអារម្មណ៍សោកស្ដាយជាខ្លាំងផងដែរ។ អ្នកស្រី ផាន់ ឈុនរ៉េត ស្ដ្រីតំណាងអ្នកភូមិបឹងកក់ បានប្រាប់ឲ្យដឹងថា អ្នកស្រី ទេព វន្នី ជាស្ដ្រីគំរូមួយរូប ក្នុងការតវ៉ាការពារផ្ទះសម្បែងសម្រាប់អ្នកភូមិបឹងកក់។ អ្នកស្រីបន្ដថា សកម្មភាពដែលអ្នកភូមិបឹងកក់ ធ្វើកន្លងមក គឺដើម្បីតែទីជម្រករបស់ខ្លួន និងសេរីភាពរបស់អ្នកស្រី ទេព វន្នី តែប៉ុណ្ណោះ គឺគ្មានបំណងប្រឆាំងការដឹកនាំរបស់រដ្ឋាភិបាលនោះទេ ៖«ពួកខ្ញុំតវ៉ារាល់ថ្ងៃ គឺតវ៉ាតែរឿងដី និងរឿងអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារ ខ្ញុំអត់មានប្រឆាំងទៅរាជរដ្ឋាភិបាលនោះទេ»។
លើសពីនេះអ្នកស្រី ផាន់ ឈុនរ៉េត បញ្ជាក់ថា ប្រសិនបើបញ្ហាដីធ្លីរបស់អ្នកភូមិបឹងកក់ប៉ុន្មានគ្រួសារចុងក្រោយនេះ មិនត្រូវបានដោះស្រាយ ទាំងអ្នកស្រី និងអ្នកភូមិដទៃទៀតច្បាស់ជាជួបការលំបាកធ្ងន់ធ្ងរជាក់ជាពុំខាន។ អ្នកស្រី ឈុនរ៉េត សំណូមពរឲ្យរដ្ឋាភិបាលដោះលែងអ្នកស្រី ទេព វន្នី និងដោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅតំបន់បឹងកក់នេះ៖«ខ្ញុំចង់បានឲ្យរាជរដ្ឋាភិបាលហ្នឹង គាត់ដោះលែងអ្នកស្រី ទេព វន្នី និងដោះស្រាយដីបឹងកក់មក ពួកខ្ញុំសប្បាយចិត្ដហើយ ព្រោះពួកខ្ញុំមានសង្ឃឹមតែប៉ុណ្ណឹងទេ។ បើគេមិនដោះលែងអ្នកស្រី ទេព វន្នី ហើយនិងមិនដោះស្រាយដីបឹងកក់ទេ គឺពួកខ្ញុំនៅតែមានផលវិបាក យ៉ាងខ្លាំងចំពោះសហគមន៍បឹងកក់»។
អ្នកស្រី ទេព វន្នី ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្ដរជាតិ ចាត់ទុកថា ជាស្ដ្រីឆ្នើមមួយរូប ដែលមានភាពក្លាហាន ហ៊ានចេញមុខតវ៉ាបញ្ហាដីធ្លីនៅក្នុងសហគមន៍របស់ខ្លួន។ អ្នកស្រី ទេព វន្នី ធ្លាប់បានទទួលពានរង្វាន់ ស្ដ្រីភាពជាអ្នកដឹកនាំពីសហរដ្ឋអាមេរិក។
ជុំវិញការឃុំខ្លួនស្ដ្រីមេម៉ាយកូនពីរ ដែលជាសកម្មជនការពារដីធ្លីរូបនេះ លោក អំ សំអាត មន្ដ្រីស៊ើបអង្កេនជាន់ខ្ពស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា តាមការមើលឃើញរបស់លោក មិនថា សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារព្រៃឈើ សកម្មជនការពារដីធ្លី ឬក្រុមអ្នកទោសមនសិកាឡើយ ពួកគេទាំងនោះ គឺហាក់គ្មានសញ្ញាណាមួយ ដែលអាចទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោសនោះទេ។ ការនេះលោកគិតថា អាចជាការបំបាក់ដល់ស្មារតីដល់ក្រុមសកម្មជនដទៃទៀត។
សម្រាប់ករណីអ្នកស្រី ទេព វន្នី លោក អំ សំអាត យល់ឃើញថា បើផ្អែកលើស្ថានភាពជាក់ស្ដែង រដ្ឋាភិបាលគួរតែដោះលែងអ្នកស្រី ទេព វន្នី ដើម្បីបានវិលទៅមើលថែកូន ដែលកំពុងមានជំងឺវិញ ហើយរដ្ឋាភិបាលគួរតែដោះស្រាយបញ្ចប់បញ្ហានៅតំបន់បឹងកក់ឲ្យបានឆាប់ នោះនឹងមានការតវ៉ាកើតឡើងទៀតឡើយ ៖«ទី១ស្ថានភាពគ្រួសាររបស់គាត់ កូនរបស់គាត់ដែលកំពុងតែធ្ងន់ធ្ងរហ្នឹង វាគួរតែមានការផ្ដល់ការលើកលែងទោស ឬក៏ការផ្ដល់សេរីភាពសម្រាប់អ្នកស្រី ទេព វន្នី ហ្នឹង ទី១ ដើម្បីឲ្យគាត់បានមើលថែម្ដាយ ឬក៏ថែទាំកូនរបស់គាត់។ ទី២ គឺធ្វើយ៉ាងណាយើងដោះឲ្យជាប់ទៅ តំបន់បឹងកក់ហ្នឹង ខ្ញុំគិតថា វាអត់មានអីកើតឡើងបន្ដទៀតទេបាទ»។
អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៦ ខណៈដែលអ្នកស្រី បានធ្វើយុទ្ធនាការថ្ងៃចន្ទ ពណ៌ខ្មៅ ទាមទារឲ្យរកយុត្ដិធម៌សម្រាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមដ៏ល្បីឈ្មោះ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ នៅក្នុងទីក្រុងភ្នំពេញ និងទាមទារឲ្យដោះលែងមន្ដ្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក។
កាលពីពេលកន្លងទៅនេះ អង្គការសង្គមស៊ីវិលជាតិ និងអន្ដរជាតិមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍រួម ដោយសម្ដែងការមិនពេញចិត្ដជាខ្លាំង ចំពោះឃុំខ្លួនអ្នកស្រី ទេព វន្នី ក្នុងពន្ធនាគារ ហើយពួកគេបានចាត់ទុកថា នេះជាទង្វើ អយុត្ដិធម៌បំផុត និងជាការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ទៅលើស្ដ្រី ជាសកម្មជនដីធ្លី។ សង្គមស៊ីវិលទាំងនោះយល់ឃើញថា ចំណាត់ការដែលមានចំពោះ អ្នកស្រី ទេព វន្នី ទំនងជាការប៉ុនប៉ង ក្នុងការបំបិទសំឡេងអ្នកការពារដីធ្លី ដែលហ៊ាននិយាយរិះគន់មិនសំចៃមាត់នៅកម្ពុជា មុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំ២០១៨ ឈានចូលមកដល់៕