ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ការបង្ក្រាបបទល្មើសជលផលកើនឡើងជាង ២០០ ករណី ប៉ុន្តែការបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ការកាប់រានដីព្រៃថយចុះ ៦២ ករណី បើធៀបទៅនឹងឆ្នាំមុន។
របាយការណ៍ប្រចាំឆ្នាំ២០១៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់បង្ហាញនៅក្នុងកម្មវិធីបូកសរុបការងារ កាលពីថ្ងៃពុធ ទី ២ ខែ ឧសភា ឆ្នាំ ២០១៨នេះថា អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបទល្មើសជលផលបានចំនួន ៣៩២៥ ករណី បើធៀបនឹងឆ្នាំមុនកើនឡើង ២៧៥ ករណី។ ក្នុងនោះអាជ្ញាធរបំផ្លាញចោលវត្ថុតាង ៣៧២៣ ករណី ហើយពិន័យអន្តរកាលចំនួន ១១៦ ករណី និងបញ្ជូនទៅតុលាការចំនួន ៨៦ ករណី។
ដោយឡែក ក្នុងឆ្នាំ ២០១៧ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ការកាប់រានព្រៃសរុប ១៤២៨ ករណី ដោយថយចុះ ៦២ ករណី ស្មើនឹង ៤,១៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៦ មាន ១៤៩០ ករណី។ ក្នុងនោះ សំណុំរឿងបទល្មើសព្រៃឈើពិន័យអន្តរកាល ៦៥០ ករណី និងបញ្ជូនទៅតុលាការ ៧៧៨ ករណី ហើយដកហូតរណាយន្ត ៥២ គ្រឿង។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកម្មវិធីបូកសរុបការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា អាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល និងបទល្មើសព្រៃ។ សម្តេចថា រាជរដ្ឋា ភិបាលសម្រេចបញ្ឈប់ការផ្តល់ឡូនេសាទ និងសម្បទានដីសេដ្ឋកិច្ចទៀតហើយ។
សម្តេច ហ៊ុន សែន៖ «ទន្ទឹមនេះគណៈបញ្ជាការឯកភាពរាជធានីខេត្តត្រូវចូលរួមសហការណ៍ឲ្យបានល្អក្នុងការស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងជលផលឲ្យមានប្រសិនភាព។ខ្ញុំសូមបញ្ជាក់ជាថ្មីថា ពុំមានការផ្តល់សម្បទានដីសេដ្ឋកិច្ច ឬការជួលឡូនេសាទទៀតទេ ហើយតំបន់សម្បទានសេដ្ឋកិច្ចដដែលសេសសល់ពីមុននឹងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យដ៏តឹងរឹងក្នុងការអនុវត្តន៍តាមកិច្ចសន្យាវិនិយោគ។ »
កាលពីថ្មីនេះ តំណាងឲ្យអង្គការអភិរក្ស និងបរិស្ថាន បានកោតសសើរចំពោះរាជរដ្ឋាភិបាលក្នុងការការពារធនធានធម្មជាតិ អភិរក្សជីវចម្រុះ។ ទោះបីយ៉ាងណា ក្រុមអង្គការទាំងនោះសម្តែងការព្រួយបារម្ភអំពីការបាត់បង់ធនធានធម្មជាតិយ៉ាងកំហុកដោយសកម្មភាពទន្ទ្រានដីព្រៃ ចាប់យកដី ជាកម្មសិទ្ធិ ការកាប់ឈើ និងការបរបាញ់សត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ស្ថិតខេត្តព្រះវិហារ។
ទាក់ទិនរឿងនេះ តំណាងឲ្យអង្គការអភិរក្ស និងបរិស្ថាន បានស្នើឲ្យរាជរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ដោយមិនពន្យារពេល ដើម្បីទប់ស្កាត់ជនល្មើស និងដើម្បីការពារព្រៃឈើ និងសត្វព្រៃកម្រ ដែលជិតផុតពូជជាច្រើនប្រភេទផងដែរ។
តាមរបាយការណ៍ក្រសួងបរិស្ថាននៅឆ្នាំ ២០១៧ គេបានបង្កើនអ្នកអភិរក្សព្រៃឈើ ៣០០ នាក់ ដោយអ្នកអភិរក្សព្រៃឈើកើនឡើងរហូតដល់ ១២៦០ នាក់។
របាយការណ៍នេះ បញ្ជាក់ថា ក្រសួងបរិស្ថានបានបង្កើតតំបន់ការពារធម្មជាតិថ្មីយ៉ាងតិច ២៤កន្លែង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន ៣ កន្លែង ហើយតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសរុបមាន ៥១កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧, ៥ លានហិចតា៕