ប្រភពចារកម្មរបស់អាមេរិកបាននិយាយថា ប្រទេសចិនបានដំឡើងកាំជ្រួច នៅលើកោះសិប្បនិម្មិតរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដែលក្រុងវ៉ាស៊ីនតោនព្រមានថា នឹងពិនិត្យរឿងនេះឡើងវិញហើយថា នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរ។
បណ្ដាញផ្សាយព័ត៌មានរបស់អាមេរិក CNBC និយាយកាលពីថ្ងៃ ពុធ ទី៣ ឧសភាថា ចិនបានចាប់ផ្ដើមដំឡើងកាំជ្រួចនៅសមុទ្រចិនខាងត្បូង គឺមានទាំងកាំជ្រួចបាញ់យន្តហោះ និងកាំជ្រួចបាញ់នាវា។
តែបែបនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេសចិន មិនបានអះអាងថាជាការពិត ឬយ៉ាងណានោះទេ។
លោកស្រី Hua Chunying បាននិយាយថា កោះនៅតំបន់នោះ គឺស្ថិតនៅក្នុងដែនអាធិបតេយ្យរបស់ចិន ។
ស្ត្រីអ្នកនាំពាក្យមន្ទីរប៉ុងតាហ្គូនបាននិយាយថា អាមេរិកនឹងបញ្ជូននាវាចម្បាំងនិងនាវាស៊ីវិលច្រើនទៀតទៅកាន់សមុទ្រចិនខាងត្បូង ដែលលោកស្រីថា ជាសិទ្ធិអន្តរជាតិរបស់អាមេរិក។
កាលពីសប្ដាហ៍មុនអាមេរិកបានបង្ហោះយន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងដែលអមដោយយន្តហោះប្រតិកម្មជាច្រើនគ្រឿងទៀតនៅលើសមុទ្រចិនខាងត្បូង បន្ទាប់ពីប្រទេសចិនបានធ្វើសមុទ្រយោធាគំរាមកោះតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តរបស់អះមេរិក។
សូមរំលឹកថា កោះស្ព្រាតលីនៃសមុទ្រចិនខាងត្បូង គឺជាតំបន់សំបូរដោយ ប្រេង ឧស្ម័ននិងជីវៈចម្រុះ។ តំបន់នោះបានក្លាយជាការដណ្ដើមគ្នារវាង ចិន ជាមួយហ្វីលីពីន និងចិនជាមួយវៀតណាម ដែលបង្កអោយមានភាពតឹងតឹងផ្នែកការទូត។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិកចាត់ទុកជា ដែនទឹកអន្តរ ជាតិ៕