ភ្នំពេញ ៖ ទឹកភ្លៀងនៅតែបន្ដធ្លាក់ក្នុងខេត្ដបន្ទាយមានជ័យ រហូតក្លាយជាជំនន់ទឹកភ្លៀង ដែលបង្កឲ្យដាច់ទំនប់ និងលិចផ្លូវ រាំងស្ទះដល់ការធ្វើដំណើររបសសិស្សានុសិស្សទៅសាលា។ ប្រធានមន្ទីរអប់រំខេត្ដបន្ទាយជ័យ ប្រាប់ឲ្យដឹងថា ក្នុងអំឡុង ២ ឬ៣ថ្ងៃទៀត ប្រសិនបើភ្លៀងនៅតែបន្ដធ្លាក់ មន្ទីរនឹងចេញប្រកាសជាផ្លូវការឲ្យសិស្សឈប់សម្រាក ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ក្នុងអំឡុងទឹកលិច។
លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាននេះ ៖
ភ្លៀងបានធ្លាក់យ៉ាងច្រើននៅតាមបណ្ដាខេត្ដជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះខេត្ដបន្ទាយមានជ័យហាក់រងគ្រោះដោយទឹកភ្លៀងខ្លាំងជាងគេ។ គិតពីថ្ងៃទី២៨ ខែមេសាមក ភ្លៀងបានធ្លាក់យ៉ាងតិចណាស់ ៥ម៉ោងក្នុងមួយថ្ងៃ។ ឥទ្ធិពលទឹកភ្លៀងបានជនលិចបណ្ដាលឲ្យដាច់ទំនប់ (ស្ដេច) ដែលមានប្រវែងជាង ១០ម៉ែត្រ កសាងឡើងពីសម័យសង្គម ស្ថិតក្នុងភូមិស្ដៅ ឃុំ គោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយជ័យ។ ក្រៅពីនេះផ្លូវមួយចំនួន ក្នុងស្រុកម៉ាឡៃ និងស្រុកថ្មពួកក៏ត្រូវជនលិចដោយទឹកភ្លៀងផងដែរ។
ជំនន់ទឹកភ្លៀងបានក្លាយជាឧបសគ្គសម្រាប់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់គ្រឹះស្ថានសិក្សា។ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដបន្ទាយមានជ័យ បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី០៣ ខែឧសភានេះថា រហូតមកដល់ថ្ងៃនេះ ស្ថានភាពអាកាសធាតុហាក់មិនទាន់ល្អប្រសើរនៅឡើយទេ។ លោកថា ទឹកបានលិចលើផ្លូវមួយចំនួនក្ដី ក៏ប៉ុន្ដែទឹក មិនទាន់ជន់ដល់ថ្នាក់លិចសាលានោះទេ វាគ្រាន់តែបង្កផលលំបាកសម្រាប់ធ្វើដំណើរទៅសាលាតែប៉ុណ្ណោះ ៖«វាមិនទាន់ដល់មានការលិចដែរថា លិចសាលារៀនអីទេ គ្រាន់តែថាវាបញ្ហាគឺ ការដែលធ្វើដំណើរទៅរៀន តែបើថា ដល់ថ្នាក់លិច គឺមិនទាន់មានរបាយការណ៍ណាថា លិចនោះទេ»។
បើទោះជាសិស្សមានការលំបាកក្នុងការធ្វើដំណើរទៅសាលារៀនក្ដី តែប្រធានមន្ទីរអប់រំ ខេត្ដបន្ទាយមានជ័យ បញ្ជាក់ថា នៅតែមានសិស្សប្រមាណជា ៦០ភាគរយទៅសិស្សា។ លោកបន្ដថា មន្ទីរអប់រំខេត្ដ នៅពេលនេះមិនទាន់សម្រេចជាផ្លូវការ ឲ្យសាលារៀន ដែលមានទឹកលិចផ្លូវ លំបាកសម្រាប់សិស្សធ្វើដំណើរទៅរៀនណាមួយ ឈប់សម្រាកបណ្ដោះអាសន្ននោះទេ ដោយត្រូវរង់ចាំមើលក្នុងរង្វង់ ២ ឬ ៣ថ្ងៃនេះសិន ៖«រាល់ថ្ងៃនេះ យើងមិនទាន់ចេញជាគោលការណ៍ឲ្យសាលារៀនណាសម្រាកទេ។ ដោយសារវាគ្រាន់តែមានបញ្ហាផ្លូវធ្វើដំណើរទៅវាពិបាក ប៉ុន្ដែបើថា មានភ្លៀងក្នុងរយៈពេលឧតុនិយមគេ និយាយថា ភ្លៀងនេះប្រហែលជា យើងអនុញ្ញាតឲ្យសម្រាក ដោយកាលណាគាត់មក គាត់អាចប្រឈមនឹងគ្រោះថ្នាក់ ព្រោះទាក់ទងនិងការលង់ទឹកអីជាដើម»។
លោក ឈូ ប៊ុនរឿង បញ្ជាក់ថា ប្រសិនបើភ្លៀងបន្ដធ្លាក់ដូចអ្វីដែលក្រសួងធនធានទឹកបានជូនដំណឹងនោះ មន្ទីរអប់រំខេត្ដ នឹងចេញសេចក្ដីប្រកាសឲ្យសិស្សដែលរៀននៅសាលាស្ថិតនៅតំបន់មានទឹកលិចសម្រាកជាបណ្ដោះអាសន្នបង្ការគ្រោះថ្នាក់ផ្សេង ក្នុងអំឡុងទឹកលិច។ លោកបន្ដថា ប្រសិនបើទឹកលិចអូសបន្លាយពេលយូរ មន្ទីរអប់រំ នឹងរៀបចំវិធនាការបន្ថែមពេលវេលាសិក្សាឲ្យសិស្សឲ្យដើម្បីរៀនសង ពេលដែលទឹកលិចនេះ។
ខេត្ដបន្ទាយមានជ័យ មានគ្រឹះស្ថានសិក្សារដ្ឋចំនួន ៨១២ ខ្នង រាប់ពីថ្នាក់មតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។
សូមជម្រាបថា កាលពីថ្ងៃទី០២ ខែឧសភា ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ចន្លោះពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ថា ជ្រលងសម្ពាធទាបកំពុងបន្ដគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ដែលនឹងនាំឲ្យខ្យល់មានរយៈកំពស់ ១៥០០ម៉ែត្រ បក់ពីទិសនិរតី។ ក្នុងចន្លោះប៉ុន្មានថ្ងៃនេះ ទឹកភ្លៀងនឹងនៅតែបន្ដធ្លាក់ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ហើយបរិមាណទឹកភ្លៀងអាចមានចំនួនច្រើន បង្កជាជំនន់ទឹកភ្លៀង នៅតាមបណ្ដារាជធានី ខេត្ដមួយចំនួន ជាពិសេសតំបន់ទំនាបកណ្ដាល។
ដោយសារតែឆ្នាំ២០១៨នេះ ភ្លៀងហាក់ធ្លាក់ញឹកញាប់ លោក កែវ វី អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ មានក្ដីបារម្ភពីសុវត្ថិភាពពលរដ្ឋ ដែលអាចបង្កឡើង ដោយបាតុភូតធម្មជាតិផ្សេងៗ ដែលមានជាអាទិ៍ រន្ទះបាញ់ជាដើម។ ដើម្បីបង្ការគ្រោះថ្នាក់ដោយសាររន្ទះបាញ់ លោកសំណូមពរ ដល់ប្រជាពលរដ្ឋ កុំបន្ដធ្វើការងារនៅហាលភ្លៀង ត្រូវរួតរះត្រឡប់ទៅផ្ទះវិញ បិទទូរស័ព្ទ ទូរទស្សន៍ ឬក៏ចន្ដរអគ្គិសនី៕