ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល បានឲ្យដឹងថា កម្ពុជាផលិតស្រូវបានសរុបជាង ១០ លានតោន កើនឡើងជាង ៥ ភាគរយ បើធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្ននេះ ផលិតកម្មកជ័រកៅស៊ូ ផលិតកម្មសត្វ និងវារីវប្បកម្មក៏កើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកម្មវិធីសន្និបាទបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឆ្នាំ ២០១៧-២០១៨ នៅថ្ងៃទី ២ ខែ ឧសភានេះថា កម្ពុជាផលិតស្រូវសរុប ១០លាន ៥ម៉ឺន ២ ពាន់តោន ដោយកើនឡើង ៥,៧ ភាគរយ។ ក្នុងនោះ អតិរេកស្រូវ ឬ ស្រូវសល់ជាង៥លាន ៥ សែន ៦ម៉ឺនតោន ឬស្មើនឹង ៣,៥៦ លានតោន បើគិតជាអង្ករ។
សម្តេច ហ៊ុន សែន៖ «ផលិតផលស្រូវសរុបក្នុងបរិមាណប្រមាណ ១០លាន ៥ម៉ឺន ២ ពាន់តោន កើនឡើង ៥.៧ ភាគរយ ធៀបទៅនឹងឆ្នាំមុន និងអតិរេកស្រូវមានចំនួនជាង៥លាន ៥ សែន ៦ម៉ឺនតោន ឬគិតជាអង្ករស្មើនឹង ៣លាន ៥ សែន ៦ម៉ឺនតោន។»
សម្តេច ហ៊ុន សែន ថ្លែងបន្តថា ក្រៅពីស្រូវ ផលិតកម្មកជ័រកៅស៊ូក៏មានកំណើន ៣៣ ភាគរយ ផលិតកម្មសត្វ ១, ៥ ភាគរយ និងវារីវប្បកម្មកើន ២០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
បើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទឲ្យដឹងថា ការដាំដំណាំស្រូវលើផ្ទៃសរុប៣,២១លានហិកតា នៅឆ្នាំ ២០១៧។ ការប្រមូលផលស្រូវជាមធ្យម ៣,២៩ តោនក្នុងមួយហិកតា។ លោករដ្ឋមន្ត្រីថា វិស័យកសិកម្មបានកើនឡើងជិត ២ ភាគរយនៅឆ្នាំមុន ពោលគឺស្មើនឹង ២៤.៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិជាង ៤ ម៉ឺនតោន ដោយទទួលបានចំណូលជាង ៥៧ លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៨នេះ។
អគ្គនាយកដ្ឋានកៅស៊ូ បន្ថែមថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤៣ ម៉ឺនហិកតា។ ក្នុងនោះផ្ទៃដីចៀរជ័រចំនួនប្រមាណ ១៧ ម៉ឺនហិកតា ហើយផ្ទៃដីថែទាំកៅស៊ូជាង ២៦ ហិកតា និង រោងសិប្បកម្មកែច្នៃចំនួន ១៣៩ ទីតាំង ដោយផលិតជ័រកៅស៊ូស្ងួតជាង ១៩ ម៉ឺនតោន។ ជ័រកៅស៊ូកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិគឺ ប្រទេសចិន វៀតណាម ម៉ាឡេស៊ី និង សឹង្ហបុរី។ នៅឆ្នាំ២០១៧ ប្រាក់ចំណូលលក់ជ័រកម្ពុជា ទទួលបានជិត ៣០០លានដុល្លារ។
កាលពីថ្មីនេះរបាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រសួងកសិកម្មអាមេរិក (USDA) បានបង្ហាញថា ការនាំចេញអង្គរកម្ពុជានឹងបន្តកើនឡើងរហូតដល់ ៤ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ បើទោះបីជា កំណើននៃការនាំចេញអង្ករនៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៨នេះ ធ្លាក់ចុះ ៣,៤ ភាគរយ ឬស្មើនឹងជាង ៥ពាន់ ៥ រយតោន។
កម្ពុជានាំអង្ករចេញទៅទីផ្សារអន្តរជាតិចំនួន ៦៣ ប្រទេសនៅឆ្នាំមុន។ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៨នេះ ប្រទេសចិនបានទិញអង្ករកម្ពុជាច្រើនជាងគេ ៦៤ ម៉ឺនតោន ដោយប្រទេសបារាំងតាមពីក្រោយ ជាង ២ ម៉ឺនតោន និងប្រទេសម៉ាឡេស៊ីជាង ១ម៉ឺនតោន។
បើតាមរបាយការណ៍របស់អង្គការស្បៀងអាហារពិភពលោក(FAO) បានប៉ាន់ប្រមាណថា កម្ពុជាអាចនឹងនាំចេញអង្ករកើនឡើង ៥ ភាគរយ ឬ ១, ៣ លានតោន៕