យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី២៥ខែកញ្ញានេះឲ្យដឹងថា នៅក្នុងពិធីជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរប្រមា២០០ នាក់ នៅសហរដ្ឋអាមេរិក លោកនាយរដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រទេសកម្ពុជា មិនមែនជាប្រទេសរបស់អ្នកកាន់អំណាចមួយក្រុមណាមួយនោះទេ។ ចំពោះការលើកឡើងនេះ មន្ត្រីបក្សប្រឆាំងនិងសង្គម ស៊ីវិលធ្វើការយល់ថា នៅកម្ពុជាបច្ចុប្បន្ន គឺកំពុងមានក្រុមខ្លះ កំពុងតែធ្វើសកម្មភាព តាមតែអំពើចិត្ត ដោយចាត់ទុកប្រទេសកម្ពុជាជាកម្មសិទ្ធិផ្ទាល់ខ្លួន។
បក្សប្រឆាំង និងសង្គមស៊ីវិលលើកឡើងថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ប្រទេសកម្ពុជាមិនមែនជាប្រទេសរបស់អ្នកកាន់អំណាចមួយក្រុមណាមួយនោះ គឺជារឿងមិនត្រឹមត្រូវ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីគឺត្រូវម្យ៉ាង តែក្នុងបរិបទបច្ចុប្បន្ន ក្រោមការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន គឺបានលេចឡើងនូវក្រុមមួយចំនួន ដែលហាក់ចាត់ទុកប្រទេសកម្ពុជាជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយបានធ្វើនូវសកម្មភាពតាមតែអំពើចិត្ត ដោយបានរឹបអូសដីធ្លីរបស់ប្រជាពលរដ្ឋខុសច្បាប់ រួមទាំងការលក់ទ្រព្យសម្បត្តិជាតិដោយគ្មានតម្លាភាពជាដើម។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះបន្តថា ដោយសារតែមានសកម្មភាពក្រុមនិងបក្សពួកមួយចំនួននោះហើយ ដែលធ្វើឲ្យប្រជាជនយល់ថា ប្រទេសកម្ពុជាជាកម្មសិទ្ធិរបស់ក្រុមអ្នកនយោបាយមួយក្រុម។ លោកយឹម សុវណ្ណមានប្រសាសន៍ថា «ជាការពិត ប្រទេសកម្ពុជាមិនមែនជារបស់ក្រុមណានោះទេ ក៏ប៉ុន្តែមានក្រុមខ្លះចាត់ទុកថា ជាផ្ទះរបស់ខ្លួន ជាទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួន ដែលចេះតែធ្វើអ្វីតាមតែអំពើចិត្ត រួមទាំងការរឹបអូសដីធ្លីរបស់ប្រជាពលរដ្ឋខុសច្បាប់ និងការលក់ទ្រព្យសម្បត្តិជាតិដោយគ្មានតម្លាភាព និងការទទួលខុសត្រូវ ដែលទាំងអស់នេះហើយធ្វើឲ្យប្រជាពលរដ្ឋចាត់ទុកថា មានក្រុមអ្នកនយោបាយខ្លះ ចាត់ទុកប្រទេសកម្ពុជាជាកម្មសិទ្ធិដាច់មុខរបស់ខ្លួន»។
ចំណែក លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់នៃសមាគមសិទ្ធិមនុស្សអាដហុក ក៏បានលើកឡើងដែរថា តាមការសង្កេតរបស់លោកឃើញថា នៅក្នុងប្រទេសកម្ពុជា គឺមានក្រុមមនុស្សពីរក្រុម ដែលក្រុមទី១ គឺជាអ្នកតាក់តែងតែច្បាប់ ហើយតែងតែអង្គុយលើច្បាប់ និងតែងតែយកប្រព័ន្ធតុលាការមកធ្វើការបំបិទមាត់ជនណាដែលហ៊ានសើរើពីបញ្ហារបស់ខ្លួន ។ លោកបន្តថា ចំណែកក្រុមមនុស្សមួយក្រុមទៀត គឺជាក្រុមមនុស្សដែលរស់នៅក្រោមច្បាប់ ដែលតែងតែទទួលទោសទណ្ឌ ទោះបីជាកំហុសបន្តិចបន្តួចក៏ដោយ ។ លោកណៃ វ៉ង់ដាមានប្រសាសន៍ថា «តាមពិតទៅប្រទេសកម្ពុជាយើងមានក្រុមអ្នកដឹកនាំមួយក្រុម ដែលគេហៅថាក្រុមដែលរៀបចំច្បាប់ តាក់តែងច្បាប់ ហើយធ្វើខុសមិនដែលទទួលទោស ហ្នឹងគេហៅថាក្រុមអ្នករស់នៅលើច្បាប់ និងមានក្រុមមនុស្សមួយក្រុមទៀតក្នុងប្រទេសកម្ពុជាយើង គឺជាក្រុមដែលដាច់ខាតត្រូវតែអនុវត្តច្បាប់ កាលណាដែលប្រព្រឹត្តអ្វីខុសតែបន្តិចបន្តួចគឺត្រូវគេដាក់ទោសទណ្ឌភ្លាម» ។
ឆ្លើយតបទៅនឹងការបដិសេធរបស់បក្សប្រឆាំង និងសង្គមស៊ីវិល លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា សង្គមស៊ីវិលតែងតែលើកយកបុគ្គលអាក្រក់មកបង្ហាញ នៅពេលដែលប្រមុខដឹកនាំលើកឡើងពីការអភិវឌ្ឍប្រទេសកម្ពុជា ។ លោក ផៃ ស៊ីផានបន្តទៀតថា រដ្ឋាភិបាលកំពុងនឹងបានចាត់វិធានការ ចំពោះបុគ្គលដែលរំលោភច្បាប់ បំពានច្បាប់ជានិច្ច មិនបានព្រងើយកន្តើយដូចការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួននោះទេ ។ លោកមានប្រសាសន៍ថា «កាលណាបើយើងនាំគា្ននិយាយគ្រាន់តែបញ្ឆោះ ដើម្បីមិនឲ្យមានការដោះស្រាយ មិនឲ្យមានការទំនុកចិត្ត ដូច្នេះគួរតែយកអ្វីដែលជាការលើកឡើងរបស់នាយកមន្ត្រីហ្នឹងជាមូលដ្ឋានគ្រឹះជាការគិត មិនមែនឲ្យតែនាយករដ្ឋមន្ត្រីនិយាយទៅ យកពួកអាក្រក់មកដាក់លុបភាសារបស់នាយករដ្ឋមន្ត្រីដែរ វាជាភាសាមួយដែលគេមិនអាចទទួលយកបាន» ។
សូមបញ្ជាក់បន្ថែមថា នៅក្នុងពិធីជួបសំណេះសំណាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅសហរដ្ឋអាមេរិក នារសៀលថ្ងៃទី២៤ ខែកញ្ញា នោះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា រដ្ឋាភិបាលសព្វថ្ងៃកំពុងដឹកនាំប្រទេសដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ អ្វីដែលពលរដ្ឋនៅក្រៅប្រទេសបានឃើញនៅតាមបណ្តាញសារព័ត៌មានពីប្រទេសកំណើតរបស់ខ្លួន គឺវាមិនទាន់គ្រប់គ្រាន់នោះទេ។ លោកក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើតដោយផ្ទាល់ ទើបអាចដឹងថាតើកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះ៕