ភ្នំពេញ ៖ ខណៈនេះ ការចុះបញ្ជីឈ្មោះបោះឆ្នោតគណបក្ស និងបេក្ខជនតំណាងរាស្ត្រ របស់បក្សនយោបាយ បានចាប់ផ្ដើមហើយ។ សម្រាប់បក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា បានចុះឈ្មោះមុនគេ ដោយមានបេក្ខជនសរុប ២៧១នាក់ នៅទូទាំងប្រទេស។ ចំណែកឯគណបក្ស មួយចំនួនទៀតក៏បានទៅចុះបញ្ជីដែរ។ ការបោះឆ្នោតសភា អាណត្តិថ្មីនេះគឺទំនងមិនមាន វត្តមានបក្សសង្គ្រោះជាតិ ដែលឈ្នះការបោះឆ្នោតបាន ៥៥អាសនៈនៅក្នុងការបោះឆ្នោតសភា នីតិកាលទី០៥ ឆ្នាំ២០១៣ ចូលរួមនោះទេ។ បើនិយាយពីការបោះឆ្នោត សភា អាណត្តិមុននេះ គឺប៉ូលនយោបាយមានតែពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា។ តែអវត្តមានបក្សសង្គ្រោះជាតិ (CNRP) បាននាំឲ្យមានការចោទសួរ ថាតើបក្សណាអាចដណ្ដើមបានអាសនៈទាំង៥៥ របស់បក្ស CNRP ដែលមិនមានវត្តមានក្នុងការបោះឆ្នោតលើកនេះ?
អត្ថបទនេះ រៀបរៀងដោយលោក នួន បូរិន ហើយអ្នកស្រី អ៊ឹម សុខន ជូនសេចក្ដីអធិប្បាយដូចតទៅ៖
ទំនងមិនកែប្រែទេ ដែលសម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២៩ ខែមេសា ថា ការបោះឆ្នោតសភា ថ្ងៃទី២៩ ខែកក្កដា ពិតជាមិនត្រូវបានពន្យារនោះទេ បើទោះជាគ្មានបក្សប្រឆាំង (បក្សសង្គ្រោះជាតិ ) ចូលរួមក៏ដោយ។ អ្វីដែលមេដឹកនាំកម្ពុជាបានអះអាង គឺច្រើនតែជារឿងពិត។ សម្ដេចនាយករដ្ឋមន្ត្រីពន្យល់ថា ទោះបីអវត្តមានបក្សនេះក្ដី តែកម្ពុជាកំពុងដើរលើផ្លូវប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនឹងប្រទេសដទៃដែរ។ សម្ដេចសង្ឃឹមថា ពលរដ្ឋកម្ពុជា នឹងទៅបោះឆ្នោត ហើយបោះឲ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសបន្តទៀត។
បើដូច្នេះមែន ការបោះឆ្នោតសភាខាងមុខនេះ ពិតជាមានប៉ូលនយោបាយខ្លាំងតែមួយទេ នៅលើសង្វៀន គឺគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជិត ៤០ឆ្នាំមកនេះ។ ការបោះឆ្នោតដែលគ្មាន តុល្យភាពអំណាច បាននាំឲ្យមានការចោទសួរ ថាតើអាសនៈរបស់បក្សប្រឆាំង ទាំង ៥៥ នឹងបានទៅលើគណបក្សមួយណា ឬក៏មានតែបក្សកាន់អំណាចដណ្ដើមយកតែម្នាក់ឯង ដូចការបោះឆ្នោតព្រឹទ្ធសភាមែនឬ ។
តើបក្សផ្សេងៗ មានលទ្ធភាពដណ្ដើមយកអាសនៈរបស់ CNRP បានឬទេ?
ដោយឆ្លងកាត់ការបោះឆ្នោតពីរអាណត្តិចុងក្រោយនេះ ឃើញថា បក្សផ្សេងៗ រួមទាំងគណបបក្សហ្វ៊ុនស៊ីនប៉ិច ដែលជាគណបក្សរាជានិយមដ៏ធំ មិនមានលទ្ធភាព ដណ្ដើមអាសនៈ បានចាប់ពី ៥អាសនៈឡើយ។ នៅក្នុងការបោះឆ្នោត សភាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ទាំងបក្សហ្វ៊ុនស៊ីនប៉ិច និងបក្សតូចៗដទៃទៀត មិនស្ថិតនៅក្នុងបេះដូងរបស់អ្នកបោះឆ្នោតនោះទេ ។ គេអាចលើកឡើងទៀតថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលខែមីថុនា ឆ្នាំ២០១៧ គឺមានតែបក្សធំ២ តែប៉ុណ្ណោះ ដែលមានអាសនៈនៅរដ្ឋសភា បានកាន់កាប់សមាជិកក្រុមប្រឹក្សាឃុំ និងមេឃុំ នៅទូទាំងប្រទេស។ ដោយឆ្លងកាត់ ការបោះឆ្នោត ឆ្នាំ២០១៣ និង២០១៧ ឃើញថា បក្សផ្សេងៗ ទំនងពុំមានសមត្ថភាពក្លាយ ជាកម្លាំងនយោបាយ ស្ថិតក្នុងជម្រើសរបស់អ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតសភាខាងមុខនេះទេ។
មូលហេតុអ្វីបានជាបក្សទាំងនេះ មិនស្ថិតក្នុងជម្រើសរបស់អ្នកបោះឆ្នោត ?
ការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីធ្វើឲ្យបក្សមួយខ្លាំង មិនមែនកើតចេញពីការដេកគិតស្រមៃភ្លាមហើយ បង្កើតបក្សនយោបាយចូលរួមការបោះឆ្នោត នឹងគេគ្រែងបានពីរ ឬបីអាសនៈលេងនឹងគេនោះទេ។ ការធ្វើដូចនេះ ហាក់ដូចជាការផ្សងព្រេងច្រើនជាង។ នៅប្រទេសណាក៏ដោយ គឺមិនថា ប្រទេសកម្ពុជានោះទេ ឲ្យតែជិតដល់ការបោះឆ្នោត ឃើញថា ពលរដ្ឋប្រទេសនោះហាក់ជ្រួលជ្រើម ចង់ប្រើឆន្ទៈរបស់ពួកគេខ្លាំងណាស់។ តែឆន្ទៈរបស់ពួកគេ ច្រើនតែបោះឆ្នោតឲ្យបក្ស ធំៗ ដែលមានស្នាដៃរួចហើ់យ ដើម្បីប្រទេស។ បក្សធំៗ ដែលគេឲ្យតម្លៃទៅលើបក្ស កាន់អំណាច និងបក្សប្រឆាំងនៅក្នុងរដ្ឋសភា។ បក្សធំៗ ទោះជាមានពីរ ឬបីក៏ដោយ គឺស្ថិតនៅក្នុងកែវភ្នែក របស់អ្នកបោះឆ្នោតរួចទៅហើយ។ ចំណែកឯបក្សផ្សេងៗទៀត ដែលពុំសូវមានស្នាដៃ ដើម្បីជាតិ ទំនងមិនអាចជាកម្លាំងនយោបាយ គួរទុកចិត្តបានទេ។ បក្សទាំងនោះ ត្រូវបាន ពលរដ្ឋចាត់ទុកថា ចូលរួមបោះឆ្នោតដើម្បីលម្អបរិយាកាសរបស់ខ្លួនចង់ស្ទង់មតិពីអ្នកបោះឆ្នោតតែប៉ុណ្ណោះ។ តែដល់ពេលចេញលទ្ធផលបោះឆ្នោត សឹងរកសន្លឹកឆ្នោតរាប់មិនបានផង។ តែបែបនេះក្ដី បរិយាកាសបោះឆ្នោតដែលមានបក្សច្រើនចូលរួម ក៏ល្អម្យ៉ាងដែរគ្រាន់តែ មិនមែនជាជម្រើសរបស់អ្នកបោះឆ្នោត។ ការដែលស្ថិតក្នុងជម្រើសអ្នកបោះឆ្នោតនេះហើយ បាននាំឲ្យមានការចោទសួរថា តើបក្សណា អាចដណ្ដើមអាសនៈ ពីបក្សសង្គ្រោះជាតិ បានដែលបក្សនេះ បានកាន់កាប់៥៥ អាសនៈហើយនោះ។
តើបក្សណាអាចដណ្ដើមអាសនៈទាំង ៥៥ របស់បក្ស CNRP បាន?
គណបក្សសង្គ្រោះជាតិ CNRP ទំនង មិនមានឱកាសចូលរួមការបោះឆ្នោតសភានៅថ្ងៃទី២៩ ខែកក្កដានេះទេ។ គណបក្សប្រឆាំងធំមួយនេះ ត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមហេតុផលដែលមេបក្សនេះ ត្រូវបានចោទករណីក្បត់ជាតិ។ បក្សសង្គ្រោះជាតិ កើតឡើងដោយសារការបូកបញ្ជូលគ្នា រវាងគណបក្សប្រឆាំងធំពីរ គឺបក្សសម រង្ស៊ី និងបក្សសិទ្ធិមនុស្ស។ បក្សប្រឆាំងនេះ បានបង្ហាញ សកម្មភាពរបស់ខ្លួនជាច្រើនឆ្នាំមកហើយ ដោយការងារ យ៉ាងសកម្ម ដើម្បីសង្គមនិង ដើម្បីម្ចាស់ឆ្នោត ប្រយោជន៍ឲ្យខ្លួនមានការគាំទ្រ។ បក្សនេះបានហក់យកអានៈបាន ៥៥ នៅក្នុងការបោះឆ្នោត សភា កាលខែកក្កដា ឆ្នាំ២០១៣ ដែលអាសនៈភាគច្រើន ដណ្ដើមយកពីបក្សកាន់អំណាច។ នៅពេលបក្សនេះ អវត្តមានក្នុងការបោះឆ្នោត ធ្វើអោយមានការ នឹកទៅរកបក្សដែលត្រូវស្នងដំណែងពីបក្សនេះបាន។ តែមើលទៅ ដូចជា លំបាកសន្និដ្ឋានណាស់ ថាបក្សណាអាច គ្រប់គ្រង់អាសនៈទាំង៥៥របស់ បក្ស CNRP បាននោះ ។ តើបក្សណាទៅ ? ពលរដ្ឋខ្មែរដែលកាន់សាសនា ព្រះពុទ្ធ គឺបើងប់នឹងបក្សណា ឬបុគ្គលណាហើយ គឺមិនងាយដកខ្លួនចេញបានងាយៗទេ។ បើដូច្នេះមែន ថាតើអាសនៈ ៥៥ អាចបានទៅលើបក្សណាទៅវិញ។ ទំនងមានតែបក្សប្រជាជនកម្ពុជាទេដែលអាចដណ្ដើមអាសនៈពី CNRP នេះបាន ហើយបានយ៉ាងងាយទៀតផង។
តើកត្តាអ្វីខ្លះបានជាបក្សCPP អាចដណ្ដើមអាសនៈរបស់CNRP បាន?
កត្តាប្រវត្តិសាស្ត្រ និងនយោបាយ គឺជាសត្យានុម័ត ដែលប្រជាជនកម្ពុជា មិនអាចភ្លេចបក្សកាន់អំណាចសព្វថ្ងៃបានឡើយ។ ដោយសារមានគុណដ៏ធំធេងមួយជាប្រវត្តិសាស្ត្រធ្វើឲ្យបក្សនេះ នៅតែទទួលបានការគាំទ្រពីម្ចាស់ឆ្នោត។ គុណបំណាច់ នៃការរំដោះប្រទេស និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុលពត គឺជាកត្តាប្រវត្តិសាស្ត្រ ដែលធ្វើឲ្យ បក្សប្រជាជនកម្ពុជា នៅតែជាជម្រើសទីមួយ របស់អ្នកបោះឆ្នោត បើទោះជាបក្សដ៏ធំនេះ មានគុណវិបត្តិមួយចំនួនក៏ដោយ។ ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន និងអាគារល្អៗ ខ្ពស់ៗ ការបង្កើនប្រាក់ខែមន្ត្រីរាជការ កម្មករ និង ប្រាក់ចំណូលពលរដ្ឋប្រចាំថៃ្ង ក៏ជាកត្តាមួយ ដែលមិនអាចភ្លេចបក្សនេះបានឡើយ។ កតា្តមួយទៀត ដែល អាចធ្វើអោយពលរដ្ឋបន្តទុកចិត្តបានទៀតនោះ គឺកត្តាសន្តិសុខសង្គម សន្តិភាព និងការលើកស្ទួយ របបរាជាននិយម អាសស្រ័យធម្មនុញ្ញ។ បក្សប្រជាជនកម្ពុជា ត្រូវបានមើលឃើញថា គឺជាអាយុជីវិតស្លាប់រស់របស់ប្រទេសជាតិ។ ទំនងទាំងនេះហើយ ដែលពលរដ្ឋម្ចាស់ឆ្នោត មិនបានគិតថា បក្សផ្សេងៗដែលចូលរួមប្រកួតនៅចុងខែកក្កដា បានក្លាយជាបក្សស្ថិតក្នុងចិត្តរបស់ពួកគេនោះទេ ព្រោះបក្សទាំងនោះ មានតុល្យភាពអំណាចនិងសក្តានុពល តិចតួចណាស់បើប្រៀបធៀបនឹងបក្សប្រជាជនកម្ពុជា ។ បើបក្សទាំងនោះមិនស្ថិតបេះដូងអ្នកបោះឆ្នោត មានន័យថា អាសនៈសរុប ១២៥ឋ នៃអាណត្តិថ្មីរបស់រដ្ឋសភានេះ ទំនងបក្សផ្សេងៗនោះ ពុំមានលទ្ធភាពដណ្ដើមបាន ពីបក្សកាន់អំណាចសព្វថ្ងៃនេះណាស់៕