ភ្នំពេញ ៖ រយៈពេល ០៤ខែ ដើមឆ្នាំ ២០១៨នេះ មានខេត្ដចំនួន ០៤ ក្បែរព្រំដែនកម្ពុជា-ថៃ បានជនលិចដោយទឹកភ្លៀង ក៏ប៉ុន្ដែមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ បើទោះបីជាបានបង្កផលប៉ះពាល់មួយចំនួនក្ដី។ បើទោះជាទឹកភ្លៀងមិនបង្កបញ្ហាធ្ងន់ធ្ងរដល់ពលរដ្ឋ និងផលដំណាំក៏ដោយ តែមន្ដ្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅតែបារម្ភពីគ្រោះថ្នាក់ចំពោះពលរដ្ឋ ដែលអាចបង្កឡើងដោយបាតុភូតធម្មជាតិ ។
លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាននេះ ៖
កាលពីចុងខែមេសា ក្រសួងធនធានទឹក បានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជា នឹងមានភ្លៀងកក់ខែកម្រិតពីតិចទៅច្រើនក្នុងខេត្ដ ដែលមានដូចជា ខេត្ដពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្ដរមានជ័យ ព្រះវិហារ និងខេត្ដសៀមរាប។ ដោយឡែកខេត្ដផ្សេងៗទៀត ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។
កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ជំនន់ទឹកភ្លៀងបានជនលិចបណ្ដាលឲ្យដាច់ទំនប់ (ស្ដេច) ដែលកសាងឡើងពីសម័យសង្គមរាស្ដ្រនិយម ប្រវែងជាង ១០ម៉ែ ស្ថិតក្នុងភូមិស្ដៅ ឃុំ គោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយជ័យ។ យោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ភ្លៀងបានធ្លាក់រយៈពេល ៤ថ្ងៃជាប់ៗគ្នា ពោលគឺតាំងពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ទើបបណ្ដាលឲ្យទំនប់នេះដាច់។
ជុំវិញស្ថានភាពខេត្ដដែលជនលិចដោយទឹកភ្លៀង លោក កែវ វី អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់វិទ្យុស្ដ្រី នៅថ្ងៃទី០២ ខែឧសភានេះថា រយៈពេល ០៤ខែ ដើមឆ្នាំ២០១៨ ភ្លៀងកក់ខែបានចាប់ផ្ដើម ធ្លាក់ស្ទើរគ្រប់ខេត្ដនៅទូទាំងប្រទេស។ ក៏ប៉ុន្ដែក្នុងនោះមានខេត្ដចំនួន ០៤ ដែលជនលិចដោយជំនន់ទឹកភ្លៀងច្រើនជាងគេ គឺខេត្ដបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្ដព្រះវិហារ។ តែយ៉ាងណាលោកបញ្ជាក់ថា បើទោះជាខេត្ដទាំង ០៤នោះ ទទួលរងទឹកភ្លៀងច្រើនជាងគេក្ដី តែមិនបង្កឲ្យខូចខាតដល់ផលដំណាំរបស់ប្រជាកសិករឡើយ ។
លោក កែវ វី ៖«ភាគច្រើននៅក្នុងបណ្ដាខេត្ដជាប់ព្រំដែនជាមួយថៃហ្នឹង វាជនលិច ជនអីហ្នឹង វាលិចផ្ទះ លិចផលដំណាំ តែវាអត់មានផលប៉ះពាល់អីទេ ដោយសារទឹកវាហូរធ្លាក់ទៅតាមទំនាបអីផ្សេងៗ ដែលយើងគិតថា វាមិនទាន់មានផលប៉ះពាល់ខ្លាំង។ គ្រាន់តែថា បរិមាណទឹកភ្លៀងធ្លាក់ច្រើន វាបង្កឲ្យមានការជនលិចក្នុងរយៈពេលខ្លី»។
ក្នុងអំឡុងចុងខែ មេសា ដល់ដើមខែ ឧសភានេះ ទឹកភ្លៀងបានធ្លាក់ក្នុងខេត្ដក្បែរព្រំដែនកម្ពុជា-ថៃ ទាំង ០៤នេះ យ៉ាងតិចណាស់ ០៥ម៉ោងក្នុងមួយថ្ងៃ ក៏ប៉ុន្ដែអ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ គិតថា វាជាចំនួនតិចនៅឡើយទេ ពីព្រោះតែនេះគឺត្រឹមតែជាភ្លៀងកក់ខែចុងរដូវប្រាំងប៉ុណ្ណោះ។
លោក កែវ វី មានប្រសាសន៍បន្ដថា ក្នុងអំឡុង ០៤ខែ ដើមឆ្នាំ២០១៨នេះ កម្រិតទឹកភ្លៀងកក់ខែ គឺប្រហាក់ប្រហែលទៅឆ្នាំ២០១៧ ដែលវាមិនមានបង្កគ្រោះថ្នាក់ ឬនាំឲ្យខូចខាតដល់ផលដំណាំរបស់ប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ
វាគឺ ជាសញ្ញាល្អ ដែលកសិករ មានទឹកគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលដំណាំកសិកម្ម។
តែយ៉ាងណាបើទោះបីជា ក្នុងរដូវប្រាំងដើមឆ្នាំនេះ ស្ថានភាពទឹកភ្លៀងមានអំណោយផលយ៉ាងណាក្ដី អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅតែមានក្ដីបារម្ភពីសុវត្ថិភាពពលរដ្ឋ ដែលអាចបង្កឡើង ដោយបាតុភូតធម្មជាតិផ្សេងៗ ដែលមានជាអាទិ៍ រន្ទះបាញ់ជាដើម។ ដើម្បីបង្ការគ្រោះថ្នាក់ដោយសាររន្ទះបាញ់ លោកសំណូមពរ ដល់ប្រជាពលរដ្ឋ កុំបន្ដធ្វើការងារនៅហាលភ្លៀង ត្រូវរួតរះត្រឡប់ទៅផ្ទះវិញ បិទទូរស័ព្ទ ទូរទស្សន៍ ឬក៏ចន្ដរអគ្គិសនី។
សូមជម្រាបថា នៅថ្ងៃទី០២ ខែឧសភានេះ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ចន្លោះពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ថា ជ្រលងសម្ពាធទាបកំពុងបន្ដគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ដែលនឹងនាំឲ្យខ្យល់មានរយៈកំពស់ ១៥០០ម៉ែត្រ បក់ពីទិសនិរតី ហើយរដូវស្សានឹងចូលមកដល់ពេញលេញនៅថ្ងៃទី០៥ ខែឧសភា។
សេចក្ដីជូនដំណឹងបន្ដទៀតថា ភ្លៀងនឹងនៅតែបន្ដធ្លាក់ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស បរិមាណទឹកភ្លៀងអាចមានចំនួនច្រើនបង្កជាជំនន់ទឹកភ្លៀង នៅតាមបណ្ដារាជធានី ខេត្ដមួយចំនួន ជាពិសេសតំបន់ទំនាបកណ្ដាល។ ក្រសួងធនធានទឹក ស្នើឲ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានគ្រប់ពេល ខណៈដែលមានភ្លៀងធ្លាក់ ព្រោះអាចនឹងមានផ្គរ រន្ទះ បូករួមនិងខ្យល់កន្ដ្រាក់៕