en     km
en     km

ខែមេសា៖ រោងចក្របើកថ្មីចំនួន ១០ ផ្តល់ការងារដល់កម្មករជិតមួយម៉ឺននាក់

Share

ភ្នំពេញៈ រយៈពេល​ ១ ​ខែ​ក្នុង​ខែ​មេសា ឆ្នាំ​ ២០១៨ នេះក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ចំនួន​ ១០ ​ក្រុមហ៊ុន ដែល​មាន​ទុនវិនិយោគ​សរុប​ជាង​ ១៣០ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការចេញ​ផ្សាយ​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​​នៅក្នុង​ខែ​មេសានេះ​។

 

                                    សកម្មភាពកម្មករកំពុងកាត់ដេរសំលៀកបំពាក់នៅរោងចក្រអក្សារ។រូបភាពWMC

 

យោង​តាម​ការចេញ​ផ្សាយដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ការវិនិយោគក្នុងរយៈពេញមួយខែនៅក្នុងខែមេសា​ ឆ្នាំ ២០១៨ នេះ ​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​នៅក្នុង​គម្រោង​វិនិយោគ​ទាំងអស់​នោះ ​បានផ្តល់​ការងារ​សរុប​ដល់កម្មករចំនួន​ជាង​ ១ ​ម៉ឺន​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​នៅលើ​ទំព័រ​ហ្វេសប៊ុករបស់ CDC ​ចំនួន​គម្រោង​ដែល​ត្រូវ​បាន​អនុម័ត​ដល់​ក្រុមហ៊ុន​ចំនួន​ ១០ រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន​ ៥ មាន​ទីតាំង​នៅ​ភ្នំពេញ និង​រោងចក្រ​ផលិត​កាបូប និង​សម្លៀកបំពាក់​ ៥ ផ្សេង​ទៀត​មាន​ទីតាំង​វិនិយោគ​ស្ថិត​ក្នុង​ខេត្ត​កណ្តាល តាកែវ និង​កំពង់ស្ពឺ​។

សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​ភាគច្រើន​បំផុត​លើ​វិស័យ​កាត់ដេរ ​ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​ជាង​ ៧០ ​ម៉ឺន​នាក់ និង​រក​បាន​ចំណូល​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។ វិស័យវាយនភណ្ឌ ត្រូវបានចាត់ទុកជាវិស័យស្នូរមួយដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំៗ។

របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ ពី​ក្រសួង​ការងារ​ចេញ​ផ្សាយ​កាលពី​ខែ​មីនា​ឆ្នាំ​ ២០១៨ បាន​បង្ហាញ​ថា​ «​សហគ្រាស និង​គ្រឹះស្ថាន​» កាត់ដេរ​នៅ​កម្ពុជា​សរុប​មាន ១ ១៤៧ ដែល​ប្រតិបត្តិការ​កាលពី​ឆ្នាំ​ ២០១៧។

                                                             ​​កម្មករកាត់ដេរសម្លៀកបំពាក់កំពុងបំពេញការងារ។

 

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ឆ្នាំ ២០១៧ កន្លង​ទៅ បាន​ផ្តល់​សិទិ្ធ​ដល់​គម្រោង​ស្នើសុំ​វិនិយោគ​សរុប​ទាំង​ក្នុង​ស្រុក និង​បរទេស មាន​តម្លៃ​ជា​ទឹកប្រាក់ ៦,៣ ពាន់​លាន​ដុល្លារ​កើនឡើង​យ៉ាង​ខ្លាំង​ពី ៣,៦ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៦​។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន​សេដ្ឋកិច្ច​ជប៉ុន Nikkei Asian Review​។

សារព័ត៌មាន Nikkei Asian Review បាន​ចេញ​ផ្សាយ​របាយការណ៍​នេះ ​បន្ទាប់ពី​បាន​ធ្វើ​បទសម្ភាស​ផ្ទាល់​ជាមួយ​លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​កាលពី​ដើម​សប្តាហ៍​មុន​។

របាយការណ៍ Nikkei Asian Review បាន​បង្ហាញ​ពី​និន្នាការ​នៃ​ការអនុម័ត​លើ​គម្រោង​ស្នើសុំ​វិនិយោគ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៣ មក​តាមរយៈ​ក្រាហ្វិក​នៃរបាយការណ៍នេះ។ របាយការណ៍ដដែល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ទឹកប្រាក់​សរុប​នៅ​ឆ្នាំ ២០១៧ វិនិយោគ​ដែល​ស្នើឡើង​ដោយ​ពាណិជ្ជករ​ក្នុង​ស្រុក​មាន​ពាក់កណ្តាល ខណៈ​ពាក់កណ្តាល​ផ្សេង​ទៀត​ជា​គម្រោង​ស្នើសុំ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI) ដែល​ភាគច្រើន​ជា​គម្រោង​វិនិយោគិន​ជនជាតិ​ចិន​។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក សុខ ចិន្តាសោភា ក្នុង​សេចក្តី​រាយការណ៍​របស់ Nikkei Asian Review កម្ពុជា​ចាប់ផ្តើម​មាន​ឯករាជភាព​ផ្នែក​ថាមពល​អគ្គិសនី​ចាប់ពី​ឆ្នាំ ២០១៨ នេះ​តទៅ ហើយ​តម្លៃ​អគ្គិសនី​នឹង​បន្ត​ធ្លាក់​ចុះ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ប៉ះប៉ូវ​ទៅ​ដល់​កំណើន​ថ្លៃឈ្នួល​អប្បបរមា​ដែល​បន្ត​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕

Share

Image
Image
Image