ភ្នំពេញៈ រយៈពេល ១ ខែក្នុងខែមេសា ឆ្នាំ ២០១៨ នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនវិនិយោគបរទេសចំនួន ១០ ក្រុមហ៊ុន ដែលមានទុនវិនិយោគសរុបជាង ១៣០ លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅលើទំព័រហ្វេសប៊ុកនៅក្នុងខែមេសានេះ។
យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ការវិនិយោគក្នុងរយៈពេញមួយខែនៅក្នុងខែមេសា ឆ្នាំ ២០១៨ នេះ ភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលនៅក្នុងគម្រោងវិនិយោគទាំងអស់នោះ បានផ្តល់ការងារសរុបដល់កម្មករចំនួនជាង ១ ម៉ឺននាក់។
យោងតាមសេចក្តីប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ CDC ចំនួនគម្រោងដែលត្រូវបានអនុម័តដល់ក្រុមហ៊ុនចំនួន ១០ រួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៥ មានទីតាំងនៅភ្នំពេញ និងរោងចក្រផលិតកាបូប និងសម្លៀកបំពាក់ ៥ ផ្សេងទៀតមានទីតាំងវិនិយោគស្ថិតក្នុងខេត្តកណ្តាល តាកែវ និងកំពង់ស្ពឺ។
សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកភាគច្រើនបំផុតលើវិស័យកាត់ដេរ ដែលបានផ្តល់ការងារដល់ប្រជាជនជាង ៧០ ម៉ឺននាក់ និងរកបានចំណូលរាប់ពាន់លានដុល្លារក្នុង ១ ឆ្នាំៗ។ វិស័យវាយនភណ្ឌ ត្រូវបានចាត់ទុកជាវិស័យស្នូរមួយដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំៗ។
របាយការណ៍ប្រចាំឆ្នាំ ២០១៧ ពីក្រសួងការងារចេញផ្សាយកាលពីខែមីនាឆ្នាំ ២០១៨ បានបង្ហាញថា «សហគ្រាស និងគ្រឹះស្ថាន» កាត់ដេរនៅកម្ពុជាសរុបមាន ១ ១៤៧ ដែលប្រតិបត្តិការកាលពីឆ្នាំ ២០១៧។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីឆ្នាំ ២០១៧ កន្លងទៅ បានផ្តល់សិទិ្ធដល់គម្រោងស្នើសុំវិនិយោគសរុបទាំងក្នុងស្រុក និងបរទេស មានតម្លៃជាទឹកប្រាក់ ៦,៣ ពាន់លានដុល្លារកើនឡើងយ៉ាងខ្លាំងពី ៣,៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦។ នេះបើតាមរបាយការណ៍របស់សារព័ត៌មានសេដ្ឋកិច្ចជប៉ុន Nikkei Asian Review។
សារព័ត៌មាន Nikkei Asian Review បានចេញផ្សាយរបាយការណ៍នេះ បន្ទាប់ពីបានធ្វើបទសម្ភាសផ្ទាល់ជាមួយលោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC នៅទីក្រុងតូក្យូប្រទេសជប៉ុនកាលពីដើមសប្តាហ៍មុន។
របាយការណ៍ Nikkei Asian Review បានបង្ហាញពីនិន្នាការនៃការអនុម័តលើគម្រោងស្នើសុំវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ ២០១៣ មកតាមរយៈក្រាហ្វិកនៃរបាយការណ៍នេះ។ របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមទឹកប្រាក់សរុបនៅឆ្នាំ ២០១៧ វិនិយោគដែលស្នើឡើងដោយពាណិជ្ជករក្នុងស្រុកមានពាក់កណ្តាល ខណៈពាក់កណ្តាលផ្សេងទៀតជាគម្រោងស្នើសុំវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដែលភាគច្រើនជាគម្រោងវិនិយោគិនជនជាតិចិន។
យោងតាមការឲ្យដឹងពីលោក សុខ ចិន្តាសោភា ក្នុងសេចក្តីរាយការណ៍របស់ Nikkei Asian Review កម្ពុជាចាប់ផ្តើមមានឯករាជភាពផ្នែកថាមពលអគ្គិសនីចាប់ពីឆ្នាំ ២០១៨ នេះតទៅ ហើយតម្លៃអគ្គិសនីនឹងបន្តធ្លាក់ចុះសម្រាប់ការធ្វើពាណិជ្ជកម្ម ដើម្បីប៉ះប៉ូវទៅដល់កំណើនថ្លៃឈ្នួលអប្បបរមាដែលបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕