ភ្នំពេញ ៖ ក្នុងឱកាសទិវាពលកម្មអន្ដរជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ខួបលើកទី១៣២ មេដឹកនាំសហជីពស្នើឲ្យប្រាក់ឈ្នួលអប្បបរមារបស់ក្រុមកម្មករ កម្មការិនី និយោជិត ឡើងដល់ ២០៧ដុល្លារ ទើបអាចធ្វើឲ្យជីវភាពរបស់ពួកគេ អាចរស់នៅសមរម្យ ខណៈក្រុមកម្មករ បាននិយាយថា ប្រាក់ឈ្នួលសព្វថ្ងៃបានត្រឹមតែទប់ទល់ការចំណាយប្រចាំថ្ងៃតែប៉ុណ្ណោះ។ ពួកគេចង់ឲ្យប្រាក់ឈ្នួលកើនជាងនេះ។
លោក លៀ ស៊ីណា ជូនសេចក្ដីរាយការណ៍ ៖
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ សហភាពការងារកម្ពុជា បានប្រារព្ធពិធីអបអរខួបលើកទី១៣២ នៃទិវាពលកម្មអន្ដរជាតិ នៅម្ដុំសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនី ចូលរួមប្រមាណជា ២ពាន់នាក់។ ក្នុងពិធីនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានផ្ដល់បទសម្ភាសន៍ ឲ្យសារព័ត៌មានថា បច្ចុប្បន្ននេះ បើយោងតាមការសង្កេតរបស់លោក កម្មករ កម្មការិនី បានចំណាយជាមធ្យមប្រចាំខែចន្លោះពី ២២០ ទៅ ២៥០ដុល្លារ ទន្ទឹមនឹងប្រាក់ឈ្នួលគោលសព្វថ្ងៃមានត្រឹមតែ ១៧០ដុល្លារ។
លោក អាត់ ធន់ បន្ដថា បើពិនិត្យមើលលើប្រាក់ចំណូល និងការចំណាយរបស់កម្មករ កម្មការិនី ប្រាក់ឈ្នួលគោលត្រឹម ១៧០ដុល្លារ គឺមិនសមាមាត្រនឹងស្ថានភាពតម្រូវការជាក់ស្ដែងរបស់កម្មករ កម្មការិនីនោះទេ។ លោកបញ្ជាក់ថា សហជីពនឹងបន្ដទាមទារប្រាក់ឈ្នួលកម្មករ ឲ្យបានឡើងយ៉ាងហោចណាស់ ២០៧ដុល្លារ ក្នុងឆ្នាំ២០១៩ ៖«អ្វីដែលយើងស្នើនៅក្នុងទិវានេះ គឺស្នើឲ្យរដ្ឋាភិបាលកំណត់ប្រាឈ្នួល អប្បបរមា ឲ្យបាន ២០៧ដុល្លារ ហើយបើសិនជាកម្មករ បូកបន្ថែមនៅអត្ថប្រយោជន៍ផ្សេងៗ គាត់អាចរកបាននៅរង្វង់ ២៥០ដុល្លារគាត់អាចចាយសមរម្យជាងមុន ហើយយើងគិតថា សមនិងស្ថានភាពនាពេលបច្ចុប្បន្ននេះ»។
ប្រធានសហភាពការងារកម្ពុជា បន្ថែមទៀតថា ក្នុងអំឡុងចរចាប្រាក់ឈ្នួលកាលពីឆ្នាំ២០១៧ សហជីពបានលើកម្ដងហើយ ពីចំនួននេះ ក៏ប៉ុន្ដែជាលទ្ធផលគឺបានត្រឹមតែ ១៧០ដុល្លារ។ លោកបន្ដថា នៅក្នុងការចរចាប្រាក់ឈ្នួលឆ្នាំ២០១៨នេះ លោកនឹងនៅតែបន្ដលើកយកប្រាក់ឈ្នួលគោល ២០៧ដុល្លារនេះ ស្នើទៅក្រសួងការងារ និងនិយោជក់ជាថ្មីទៀត។
កន្លងមករាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បាននិយាយថា ការដំឡើងប្រាក់ឈ្នួលខ្ពស់ពេកសម្រាប់ កម្មករ វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមអ្នកវិនិយោគ ហើយពួកនឹងគេចាកចេញពីកម្ពុជា ដែលវានឹងនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ហើយជាពិសេស គឺក្រុមកម្មករ នឹងត្រូវអត់ការងារធ្វើ។
ត្រង់ចំណុចនេះ ប្រធានសហភាពការងារកម្ពុជាទទួលស្គាល់ ក៏ប៉ុន្ដែលោកបញ្ជាក់ថា ក្រុមសហជីព និងកម្មករ នឹងមិនទាមទារដំឡើងប្រាក់ឈ្នួលនោះទេ ប្រសិនបើរដ្ឋអំណាច អាចរក្សាតម្លៃទំនិញលើទីផ្សារ ឲ្យនៅថេរ មិនឡើងប្រដេញប្រាក់ខែរបស់ក្រុមកម្មករ ដូចសព្វថ្ងៃ ៖«សហជីព និងកម្មករ មិនទាមទារឡើងទេ ក្នុងករណីដែលទំនិញទីផ្សារគ្រប់ប្រភេទហ្នឹង វា រក្សា ឬក៏វាចុះ។ ឥឡូវយើងមើលប្រេងឡើងទៀតបាត់ហើយ ហើយកាលណាប្រេងឡើងទំនិញគ្រប់ប្រភេទ វាឡើង ហើយកាលណាឡើង គឺ អ្នកណាអ្នករងគ្រោះ គឺកម្មករ។ អញ្ចឹងបើរដ្ឋាភិបាលធានាស្ថិរភាពអតិផរណាឲ្យនៅកម្រិតមួយ កម្មករ មិនបាច់ឡើងទៀតក៏បានដែរ ។ ព្រោះយើងដឹងកាលណាឡើងរហូតទៅ គឺវាប៉ះពាល់ការប្រកួតប្រជែង»។
កម្មករ កម្មការិនី និយោជិត ក្នុងឆ្នាំ ២០១៨នេះ ពួកគាត់ទទួលបានប្រាក់ឈ្នួលគោលចំនួន ១៧០ដុល្លារ។ ប្រាក់ឈ្នួលនេះ គឺបានកើន ១៧ដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៧។ កញ្ញា ជិន សុខតឿន កម្មការិនីមួយរូប ដែលបានទៅចូលរួមកម្មវិធីនេះដែរ បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីថា នាងរីករាយចំពោះប្រាក់ខែដែលបានដំឡើងនាពេលសព្វថ្ងៃនេះ ក៏ប៉ុន្ដែនាងបញ្ជាក់ថា ប្រាក់ខែនេះគឺនាងមិនបានសល់អ្វីនោះទេ ព្រោះតែកាលណាប្រាក់ខែឡើង ថ្លៃផ្ទះ និងទំនិញលើទីផ្សារក៏ឡើងដូចគ្នាដែរ បើទោះបីជាមានការអំពាវនាវពីរដ្ឋាភិបាល ឲ្យម្ចាស់ផ្ទះកុំដំឡើងថ្លៃផ្ទះក៏ដោយ ៖«ហ្នឹងហើយឲ្យទាបទៅ ឡើងធ្វើអី បើគ្នាប៉ិនៗណ្ណឹង ថ្លៃផ្ទះថ្លៃអីទៀត ហើយស្ងាត់ៗផ្ទះជួលឡើងទៀត ។ តែយើងឡើងប្រាក់ខែផ្ទះជួលក៏ឡើងដែរ ហ្នឹងហើយផ្ទះជួល ហើយឥវ៉ាន់ក៏ចាប់ផ្ដើមឡើងដែរ»។
ដូចគ្នាដែរអ្នកស្រី សួរ គ៌ា មានវ័យ ៣៩ឆ្នាំ កម្មការិនីមួយរូបធ្វើការងារនៅក្នុងខេត្ដកណ្ដាល បាននិយាយថា ប្រាក់ខែ ១៧០ដុល្លារនេះ គឺមិនគ្រប់គ្រាន់សម្រាប់ការចំណាយរបស់អ្នកស្រី ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ និងកូនៗរៀននោះទេ។ អ្នកស្រីចង់ឲ្យប្រាក់ឈ្នួលកម្មករ កើនជាងនេះ និងមានការយកចិត្ដទុកដាក់កាន់តែខ្លាំងបន្ថែមទៀតពីរដ្ឋាភិបាល ដើម្បីកុំឲ្យក្រុមថៅកែរោងចក្រគាបសង្កត់កម្មករខ្លាំងពេក ៖«អូ មិនគ្រប់ទេ លុយប៉ុណ្ណឹង ចាយមិនគ្រប់ទេ សម្រាប់តែខ្លួនឯង ហើយនិងកូនហ្នឹងវិលទៅវិលមក វាមិនសល់ ដល់កូនរៀនផង ចំណាយខ្លួនឯងផង កូនផង»។
សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងការងារកម្ពុជា គិតមកដល់ឆ្នាំ២០១៨នេះ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្នុងក្រសួងការងារ មានចំនួនសរុប ១ម៉ឺន ២ពាន់ (១២០០០) គ្រឹះស្ថាន ហើយចំនួនកម្មករ កម្មការិនី សរុបមាន ១លាន ៥សែននាក់ ហើយជាង ៨សែននាក់ជាស្ដ្រី៕