ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានថ្លែងអះអាងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី ប្រទេសមួយ មិនងាយស្រួលអោយបរទេសចាប់ខ្លួនបានងាយៗនោះទេ។ ប្រតិកម្មរបស់នាយករដ្ឋមន្ត្រី ទំនងឆ្លើយតប នឹងការព្រមានរបស់អតីតមេបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលបានលើកឡើងថា នឹងមានការចាប់ខ្លួន មេដឹកនាំកម្ពុជារូបនេះ បើមិនព្រមពន្យារពេលបោះឆ្នោត។
លោក លៀ ស៊ីណា ជូនសេចក្ដីរាយការណ៍៖
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី៣០ ខែមេសានេះ សម្ដេច ហ៊ុន សែន បានលើកឡើងជាច្រើនពាក់ព័ន្ធការបោះឆ្នោតសភាខាងមុខនេះ។
សារនយោបាយរបស់សម្ដេច ដែលបានស្ងប់ស្ងាត់នៅមុននិងក្រោយចូលឆ្នាំបន្តិច បានចាប់ផ្ដើមជាថ្មីទៀតនៅថ្ងៃទី៣០ ខែមេសានេះ គឺនៅចំពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសបើក ការចុះបញ្ជីបក្សនយោបាយនិងបេក្ខជនតំណាងរាស្ត្រ នៃគណបក្សនយោបាយសម្រាប់ការឈរឈ្មោះបោះឆ្នោត នៅចុងខែកក្កដា ឆ្នាំ២០១៨។ សារនយោបាយ ដែលប្រើវោហាសាស្ត្រធ្ងន់ៗ ទំនងវាយប្រហារ និងចំអកដល់អតីតមេបក្សប្រឆាំងដែលនិទេសខ្លួន។ សម្ដេច ហ៊ុន សែន អះអាងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីប្រទេសមួយ ដែលមានអធិបតេយ្យភាពមិនងាយរងការចាប់ខ្លួនពីភ្នាក់ងារបរទេសណាមួយនោះទេ។ សម្ដេចថាមិនអាចទៅរួចទេ។
សម្ដេចបានលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជាមិនត្រូវបានរាំងខ្ទប់ដោយបុគ្គល ឬក្រុមណាមួយនោះទេ ហើយប្រព័ន្ធប្រជាធិបតេយ្យ សិរីពហុបក្សនៅតែបន្ត។ សម្ដេចបញ្ជាក់ថា គ្មានការលើកពេលបោះឆ្នោតនោះទេ។
កាលពីថ្ងៃ២៨ ខែមេសា លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលបានលើកឡើង ចំនួន៣ចំណុច ដែលសរុបសេចក្ដីទៅលោកទទូចសុំឲ្យពលរដ្ឋកុំទៅបោះឆ្នោត ព្រោះតែគ្មានគណបក្ស សង្គ្រោះជាតិចូលរួមការបោះឆ្នោតនៅពេលខាងមុខនោះ។ លោកក៏បានហៅការបោះឆ្នោតគ្មានបក្សរបស់លោក គឺជាការបោះឆ្នោតក្លែងក្លាយ ហើយធ្វើទៅតាមសេចក្ដីត្រូវការរបស់បក្សកាន់អំណាចតែប៉ុណ្ណោះ។ លោកបន្តថា គណបក្សដទៃទៀត ដែលមកចូលរួមការបោះឆ្នោត ដោយឆ្លៀតឱកាស មិនមានវត្តមានគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែមកលម្អឆាកល្ខោនឲ្យការរៀបចំការបោះឆ្នោតក្លែងក្លាយ ដើម្បីអោយបក្សកាន់អំណាចបន្តកាន់អំណាចតែប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសខ្លីមួយជាមួយ វិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោក ច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានប្រសាសន៍ដោយទទូចសុំអោយមានការស្រុះស្រួលនយោបាយ ឡើងវិញ នៅមុនការបោះឆ្នោត។ លោកអះអាងថា បើអាចធ្វើបាន គឺសហភាពអឺរ៉ុបនឹងទម្លាក់ចោល វិធានការដែលបម្រុងដាក់លើប្រទេសកម្ពុជា។ លោកបន្តថា ការបោះឆ្នោតដែលមានស្ថិរភាព ស្ថិតក្នុងស្ថានភាពប្រជាធិបតេយ្យ និងតុល្យភាពនយោបាយបាន លុះត្រាតែការបោះឆ្នោតនោះមានបក្សខ្លាំងចូលរួមប្រកួតដែរ៕