ការឃោសនាបោះឆ្នោតចាប់ផ្ដើមហើយ។ប្រជាជនម៉ាឡេស៊ីដែលមានឈ្មោះបោះឆ្នោតជិត ១៥លាននាក់ត្រូវធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត សភានីតិកាលទី១៤នៅថ្ងៃទិ៩ឧសភាដែលជាការបោះឆ្នោតកាត់សេចក្ដីទៅលើបក្សកាន់អំណាចរណសិរ្សជាតិបារីសាន់ដែលដឹកនាំដោយនាយករដ្ឋ មន្រ្ដីណាជីពរ៉ាហ្សាក់ ថាតើប្រជាជនម៉ាឡេស៊ីត្រូវទុកចិត្តគណបក្សដែលពោរពេញដោយរឿងអាស្រូវហិរញ្ញវត្ថុឱ្យបន្ដដឹកនាំប្រទេសប្រាំឆ្នាំទៅមុខទៀត ឬក៏ត្រូវទម្លាក់ពីអំណាច។
ប៉ូលនយោបាយមួយទៀតដែលប្រជាជនម៉ាឡេស៊ីសង្ឃឹមថា អាចដឹកនាំប្រទេសបាននោះ គឺក្រុមគណបក្សប្រឆាំងរួបរួម PKRដឹកនាំដោយអតីតនាយករដ្ឋមន្រ្ដីមហាធាមហាម៉ាដ។ ប្រជាជនម៉ាឡេស៊ីចាត់ទុកប៉ូលនយោបាធំពីរនេះ ជាជម្រើសរបស់ពួកគេដែលត្រូវធ្វើការផ្ទៀងផ្ទាត់អំណាចរបស់ពួកគេនៅថ្ងៃ៩ឧសភានេះហើយ។
អត្ថបទរៀបរៀងដោយ លោកនួនបូរិន សេចក្ដីអត្ថាធិប្បាយដោយ កញ្ញា ជុំជោគជាតា៖
វេទិកានយោបាយរបស់បក្សកាន់អំណាចBNគឺសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេស
យុទ្ធនាការដ៏ក្ដៅគគុកនេះនៅថ្ងៃដំបូងគឺលោកនាយករដ្ឋមន្រ្ដីណាជីបនិងគណបក្សរណសិរ្សជាតិបារីសាន់ឬគេហៅថា អង្គការជាតិម៉ាឡេស៊ីរួបរួម UMNO បានបើកវេទិកាឃោសនានៅទូទាំងប្រទេសដោយរបៀបវារៈសំខាន់របស់គណបក្សកាន់អំណាចជាង ៦០ឆ្នាំនេះ ផ្ដោតសំខាន់ទៅលើសេដ្ឋ កិច្ចនិងការអភិវឌ្ឍប្រទេសដែលនាំឱ្យមានការកាត់បន្ថយបានយ៉ាងខ្លាំងនូវភាពក្រីក្ររបស់ប្រជាជន។
សមិទ្ធផលរបស់បក្សកាន់អំណាចត្រូវបានមើលឃើញនៅទូទាំងប្រទេសហើយនាំឱ្យប្រជាជនម៉ាឡេស៊ីដែលមានជីវភាពធូរធារនៅតែឱ្យតម្លៃនិងទុកចិត្តការដឹកនាំរបស់បក្សBN និងលោក ណាជីពបន្ដទៀត។
នៅក្នុងក្បួនឃោសនាបោះឆ្នោតរបស់បក្សកាន់អំណាចនេះគេឃើញផ្ទាំងបដានយោបាយជាច្រើនបានលើកព្រោងព្រាតដើម្បីទាក់ទាញអ្នកបោះឆ្នោត។ផ្ទាំងបដានយោបាយខ្លះលើកឡើងថា បក្ស BN នៅតែជាក្ដីសង្ឃឹមនៃជីវភាពរុងរឿងរបស់ប្រជាជនម៉ាឡេស៊ីទូទាំងប្រទេស។
វេទិកានយោបាយរបស់បក្សកាន់អំណាចនេះក៏បានផ្ដោតសំខាន់ទៀតទៅលើអនាគតរបស់យុវជនដែលជាធនធានមនុស្សដ៏សំខាន់នៃការអភិវឌ្ឍប្រទេស។ការឃោសនារបស់បក្សកាន់អំណាចដែលទាញអារម្មណ៍របស់ប្រជាជនទៀតនោះគឺបក្សនេះបានលើកឡើងជាច្រើនអំពីវិស័យសុខាភិបាល សាធារណៈនិងគម្រោងអភិវឌ្ឍធំៗរបស់ជាតិដែលកំពុងធ្វើឱ្យយុវជនមានការងារធ្វើកាន់តែច្រើនឡើង។ក្រៅពីនេះ BNបានផ្ដោតសំខាន់ទៅលើសន្ដិសុខជាតិផងដែរ។
បក្សកាន់អំណាចនេះបានអះអាងថា ខ្លួនបានគ្រប់គ្រងសន្ដិសុខជាតិបានយ៉ាងរឹងមាំទប់ទល់នឹងផែនការរបស់ពួកសកម្មប្រយុទ្ធដែលកំពុងធ្វើ សកម្មភាពបំផ្លាញសន្ដិសុខជាតិ។ បក្សនេះបានប្រកាសថា បើប្រទេសមានសន្ដិភាពមានសន្ដិសុខគ្រប់គ្រាន់ការអភិវឌ្ឍបន្រទេសគឺគ្មានឧបសគ្គអ្វីទេ។ ស្របពេលនេះដែរ រណសិរ្សជាតិបារីសានក៏បានលើកឡើងអំពីគម្រោងធំៗរបស់ជាតិសម្រាប់ប្រាំឆ្នាំទៅមុខទៀតបើខ្លួនបន្ដកាន់អំណាចទៀតនោះ។
គម្រោងវិនិយោគធំៗទាំងនោះភាគច្រើនជាគម្រោងស្ថិតនៅក្រោមការវិនិយោគទុនមកពីប្រទេសចិន។ គម្រោងទាំងនោះរួមមានការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិនិងសំណង់ហេដ្ឋារចនាសម័្ពន្ធក្រុមទំនើបៗនៅទីប្រជុំជនមួយចំនួនដែលជាតំបន់រស់នៅរបស់ប្រជាជនមានជីវភាពក្រីក្រ។វេទិកានយោបាយរបស់នេះហាក់មិនមានអ្វីនិយាយលើសពីនេះទៀតទេ។
ដោយឡែកវេទិកានយោបាយរបស់បក្សប្រឆាំង PKR គឺសន្យាសង្រ្គោះប្រទេសចេញពីប្រព័ន្ធពុករលួយ និងទប់ស្កាត់ការដាក់ប្រទេសលក់ឱ្យចិន។
គណបក្សប្រឆាំងរួបរួមដែលមានរហូតដល់ទៅ ៤គណបក្សធំៗនោះដឹកនាំដោយគណបក្សរួមមួយឈ្មោះថា PKRដែលដឹកនាំដោយអតីតនាយករដ្ឋមន្រ្ដីមហាធាមហាម៉ាដ។ការហក់ចូលនយោបាយរបស់លោកមហាធាមហាម៉ាដក្នុងវ័យ ៩២ឆ្នាំ បានធ្វើឱ្យប្រជាជនម៉ាឡេស៊ីភ្ញាក់ផ្អើលជាខ្លាំង។
ពួកគេបានចោទសួរថាតើមេដឹកនាំចាស់ជរារូបនេះអាចមានលទ្ធភាពនិងសមត្ថភាពដឹកនាំរដ្ឋាភិបាលបានគ្រប់ជ្រុងជ្រោយដែរឬទេ។
លោកមហាធាបានទៅឈរឈ្មោះនៅរដ្ឋឡាក់កាវី ដែលជាទីតាំងរឹងមាំរបស់លោកយូរយារណាស់មកហើយ។ទាំងរូបលោកនិងសម័្ពន្ធភាព PKR បានបើកវេទិកានយោបាយស្ទើរទូទាំងប្រទេសដែរ។របៀបវារៈនយោបាយគឺដើរបញ្ច្រាសទិសនៃរបៀបវារៈបក្សកាន់អំណាច។ក្រុមប្រឆាំងដែលជាក្ដីសង្ឃឹមរបស់ប្រជាជនម៉ាឡេស៊ីបានលើកឡើងអំពីសមភាពនៃការអភិវឌ្ឍប្រទេសដែលត្រូវបានមើលឃើញថា បានបង្កើតឱ្យមានអំពើពុករលួយនិងអយុត្តិធម៌សង្គម។
ក្រុមប្រឆាំងនេះបានវាយទម្លាក់នាយករដ្ឋមន្រ្ដីណាជីពដោយរឿងអាស្រូវហិរញ្ញវត្ថុ ៦៨១លានដុល្លារ រកឃើញដោយអត្ថបទស៊ើបអង្កេតរបស់សារព័ត៌មាន The wall street journal ។ ប៉ុន្ដែលោកណាជីពបានបដិសេធការចោទមកលើរូបលោកដូចនេះ។
យ៉ាងនេះក្ដីរឿងអាស្រូវនេះទំនងធ្វើឱ្យលោកណាជីពពិបាកនឹងស្រោចស្រង់ប្រជាប្រិយភាពរបស់ខ្លួនបានណាស់។ក្រុមគណបក្សប្រឆាំងសន្យាសើរើរឿងនេះឡើងវិញបើខ្លួនឈ្នះឆ្នោត។ករណីវិនិយោគទុនប្រទេសចិនដ៏គំហុកក៏ក្លាយជាឧបករណ៍ឃោសនារបស់បក្ស PKRផងដែរ។
ក្រុមគណបក្សប្រឆាំងរួបរួមបានចោទបក្សកាន់អំណាចBN ថា បណ្ដោយអោយក្រុមហ៊ុនចិនលុកលុយប្រទេសព្រោះតែការគ្រប់គ្រងឥទ្ធិពលវិនិ យោគទុនរបស់ចិនមិនសូវមានប្រសិទ្ធភាពេះ និងតម្លាភាព។
លោកបណ្ឌិតមហាធាមហាម៉ាដដែលធ្លាប់កានអំណាចប្រទេសបាន ២២ឆ្នាំបានសន្យាថា លោកនឹងធ្វើឱ្យជនជាតិដើមម៉ាឡេស៊ីមានឥទ្ធិពលក្នុងសង្គមឡើងវិញ។ លោកថា ជនជាតិដើមម៉ាឡេស៊ីកំពុងតែប្រឈមមុខនឹងវប្បធម៌បរទេសនិងការគ្រប់គ្រងទៅលើជនបរទេសមានភាពធូររលុងពេក។ក្រៅពីនេះគណបក្សប្រឆាំងបានរិះគន់បក្សកាន់អំណាចទៅលើការរឹតបន្ដឹងសេរីភាពសារពត៌មានតាមរយៈការធ្វើច្បាប់ចាប់កំហុសអ្នកសារពត៌មាននិងអ្នកលេងបណ្ដាញសង្គមដែលច្បាប់នេះចែងថា ការផ្សាយពត៌មានមិនពិត។
ការផ្សាយពត៌មានមិនពិត គឺជាឧបករណ៍ដែលបក្សកាន់អំណាច BN យកទៅដាក់ក្នុងក្រមព្រហ្មទណ្ឌរបស់ប្រទេស។ គណបក្សប្រឆាំងបានសន្យាថា បើខ្លួនឡើងកាន់អំណាចឈ្នះការបោះឆ្នោតនឹងទុកច្បាប់នេះទុកជាមោឃៈ។
របៀបវារៈផ្ទុយគ្នា
វេទិកានយោបាយរបស់ប្រជាជនម៉ាឡេស៊ីឯណោះវិញ គឺកំពុងសម្លឹងមើល និងធ្វើការវិភាគទៅលើរបៀបវារៈពីផ្ទុយគ្នានេះ ថាតើពួកគេត្រូវទទួលយកការបកស្រាយរបស់បក្សកាន់អំណាចបន្ដទៀត ឬក៏ទទួលស្គាលការបកស្រាយគណបក្សប្រឆាំង។
ប្រជាជនម៉ាឡេស៊ីជិត ១៥លាននាក់ដែលមានសិទ្ធិបោះឆ្នោតបានដាក់ក្នុងចិត្តពួកគេហើយ គឺគណបក្សធំពីរនេះ ខណៈពួកគេកំពុងតែទទួលសម្លេងសារនយោបាយោសនាពីក្រុមប៉ូលនយោបាយធំពីរនេះដែលនាំឱ្យអ្នកវិភាគមួយចំនួននៃប្រទេសម៉ាឡេស៊ីយល់ឃើញថា ការបោះឆ្នោតថ្ងៃ ៩ ឧសភា ហាក់ដូចជា ថ្ងៃសវនាការរបស់ប្រជាជនកាត់ក្ដីទៅលើគណបក្សទាំងពីរនេះ។
ប្រសិនបើប្រជាជនទម្លាក់សន្លឹកឆ្នោតច្រើនលើសលប់ទៅឱ្យគណបក្សប្រឆាំងរួបរួម PKRបានន័យថា រឿងអាស្រូវរបស់លោកណាជីពទាក់ទងទៅនឹងហិរញ្ញវត្ថុដែលបក្សប្រឆាំងចោទថា លោកណាជីពប្រើប្រាស់អំណាចរបស់ខ្លួនហួសព្រំដែននោះបានទៅដកលុយពីធនាគារ ONE MDBដើម្បីធ្វើមានធ្វើបាននៅក្នុងបក្សពួកខ្លួននិងគ្រួសារខ្លួន គឺប្រៀបបាននឹងការកាត់សេចក្ដីឱ្យបក្សកាន់អំណាច BNទទួលកំហុសក្នុងសំណុំរឿងនេះ។
ការដែលបក្សប្រឆាំងចោទថា បក្ស BNកំពុងដាក់ប្រទេសលក់ឱ្យចិនទំនងជាសំណុំរឿងរបស់ប្រជាជនម៉ាឡេស៊ីដើម្បីធ្វើសេចក្ដីសម្រេចក្នុងការបោះឆ្នោតថ្ងៃ៩ឧសភានេះដែរ។ តែបែបនេះក្ដីអ្នកវិភាគមួយចំនួនមិនទាន់មើលឃើញថាប្រជាជនប្រជាជនម៉ាឡេស៊ីដើរឆ្ងាយពីគណបក្ស BNនោះទេ ។មានន័យថា ប្រជាជនម៉ាឡេស៊ីនៅតែឱ្យតម្លៃ BNថា ជាកម្លាំងពិតនៃការធ្វើឱ្យសេដ្ឋកិច្ចម៉ាឡេស៊ីរឹងមាំហើយផ្ដើមឱ្យឱ្យពួកគេមានជីវភាពរុងរឿងបន្ដទៀត។
យ៉ាងណាក៏ដោយការបោះឆ្នោតសភានីតិកាលទី១៤ដែលមានអាសនៈសរុប ២២២បូកនឹងការបោះឆ្នោតសភាតំបន់និងខេត្ត ៥០៥អាសនៈទៀតនោះ គឺជាការពិបាកសន្និដ្ឋានថាតើបក្សទាំងពីរនេះអាចដណ្ដើមបានសន្លឹកឆ្នោតខុសគ្នាឬចាញ់ឈ្នះគ្នាកម្រិតណានោះទេ ខណៈអង្គការបោះឆ្នោតដ៏ធំមួយរបស់ប្រទេសនេះប្របើមើលទុកថា ប្រជាជនម៉ាឡេស៊ីមិនសូវជាឱ្យតម្លៃច្រើនទេទៅលើការរៀបចំបោះឆ្នោតរបស់ប្រទេសឥស្លាមមួយនេះទេ ព្រោះ តម្លាភាពមានកម្រិត ។
អង្គការឃ្លាំមើលការបោះឆ្នោតនៃមជ្ឈមណ្ឌល Merdeka សង្ស័យថា ការបោះឆ្នោតនេះមិនមានតម្លាភាពនិងយុត្តិធម៌នោះទេដោយសារតែអ្នកនយោបាយមួយចំនួនគ្មានសេរីភាពក្នុងការឃោសនាបោះឆ្នោតឱ្យបានទូលំទូលាយនិង ស្របពេលដែលមេបក្សប្រឆាំងធំមួយកំពុងតែជាប់ពន្ធ នាគារនៅឡើយ។ តែបែបនេះក្ដីក្រុមអ្នកជំនួញ និងអ្នកវិភាគសេដ្ឋកិច្ចព្រមានថា បើមានការដោះដូរមេដឹកនាំ គឺ សេដ្ឋកិច្ចរបស់ប្រទេសនេះអាចនឹងជួបហានិភ័យ៕