en     km
en     km

គ.ជ.ប បន្តអះអាងថា ខ្លួនគឺជាស្ថាប័នអព្យាក្រឹត្យ

Share

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលរាល់ការចោទពីសំណាក់មជ្ឈដ្ឋានមួយចំនួនមកលើគ.ជ.បថា ជាស្ថាប័ននេះ មានភាពលម្អៀង និងមិនឯករាជ្យចំពោះការបំពេញការរងាររបស់ខ្លួន។ក្នុងន័យនេះគ.ជ.ប  មានការសោកស្ដាយ ដោយទទូចថា ប្រជាពលរដ្ឋខ្មែរគួរតែមានមោទនភាពជាតិចំពោះសមិទ្ធផលដ៏ធំធេងដែលគ.ជ.បបានខិតខំបំពេញការងារកន្លងមក។

តាមខ្លឹមសារនៅក្នុងសេចក្ដីប្រកាសព័តត៌មានដែលចុះផ្សាយនៅថ្ងៃទី២៩ មេសា ឆ្នាំ ២០១៨ ដដែលនេះ គ.ជ.ប បញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយ គឺត្រូវបានបើកចំហ និងធ្វើឡើងដោយត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ។

គ.ជ.ប ថា គណបក្ស និងបេក្ខជនមានសិទ្ធិចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោត ហើយជាពិសេសមាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងយ៉ាងច្បាស់ អំពីសិទ្ធិរបស់ពលរដ្ឋកម្ពុជាដែលមានសិទ្ធិបោះឆ្នោត ​និងមានសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត។

គ.ជ.ប អះអាងថា ការដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានព្យួរជំនួយពី គ.ជ.ប គឺជាហេតុផលផ្សេងមិនមែន គ.ជ.ប ធ្វើការមិនត្រឹមត្រូវនោះទេ។

គ.ជ.ប បានលើកឡើងបន្ដថា លទ្ធផលការងាររបស់ខ្លួននៃការរៀបចំការបោះឆ្នោតសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងមក អ្នកអង្កេតការណ៍ជាតិ និងអន្ដរជាតិបានទទួលស្គាល់ថា គ.ជ.ប ជាស្ថាប័នឯករាជ្យ និអព្យាក្រឹត ។

នៅក្នុងលិខិតដដែលនេះ បញ្ជាក់ថា គ.ជ.ប គ្មានហេតុផលអ្វីត្រូវបោះបង់ចោលសមិទ្ធផលជាប្រវត្តិសាស្រ្ដរបស់ខ្លួនដែលទទួលស្គាល់ដោយសហគមន៍ជាតិ និងអន្ដរជាតិ ជាពិសេសអ្នកជំនាញការរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ដែលមានទីស្នាក់ការផ្ទាល់ជាមួយ គ.ជ.ប ជាយូរឆ្នាំមកហើយនោះទេ។

សមាភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលកើតចេញពីកិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សប្រជាជនកម្ពុជានិងអតីតគណ បក្សសង្រ្គោះជាតិ មានសមាជិក ៩រូប គឺ ៤រូប មកពីបក្សធំៗនេះហើយមួយរូបទៀតជាមកពីសង្គមស៊ីវិល។

តាមរយៈកិច្ចព្រមព្រៀងនេះបាននាំអោយសហភាពអឺរ៉ុប និងអាមេរិក ព្រមទាំងសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតចាត់ទុកថា ជាតុល្យភាពនៃអំណាចរបស់ស្ថាប័ននេះ។ តែ គ.ជ.ប នៅពេលនេះ មានសមាសភាពថ្មីដែលរើសតាំងចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមិនមានអាសនៈនៅរដ្ឋ សភា ខណៈសមាសភាព ៣រូប របស់បក្សប្រឆាំងបានលាលែងបន្ទាប់ពីបក្សនេះ ត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧។  

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) មើលឃើញថា ការដែលមានព័ត៌មានលើកឡើងថា គ.ជ.ប ធ្វើការដោយមិនមានភាពត្រឹមត្រូវ ឬមិនអព្យាក្រឹតនោះដោយសារតែកន្លងមកមានការផ្លាស់ប្ដូរសមាសភាពគ.ជ.ប ។ ប៉ុន្ដែយ៉ាងណាលោកថា គ.ជ.ប ក៏បានខិតខំប្រឹងប្រែងណាស់ដែរចំពោះការងារកន្លងមក។លោកសង្ឃឹមថា គ.ជ.ប នឹងបន្ដសម្មភាពការងាររបស់ខ្លួនអោយបានល្អជាងនេះទៀត។

លោក សំ គន្ធាមី ៖«យើងសង្កេតមើលឃើញថា កន្លងមកសមាជិក(គ.ជ.ប) ៣នាក់បានសុំលាឈប់ សមាជិកថ្មីមកពីគណបក្សនយោបាយចូលមក ការពិតទៅមើលមានការិះគន់មែន។ ប៉ុន្ដែតាមការសង្កេតមើលឃើញថា គ.ជ.ប មានការប្រឹងប្រែង ព្យាយាមដើម្បីរៀបចំការងារ​ចាត់ចែងការបោះឆ្នោត អោយមានភាពឯករាជ្យភាព ត្រឹមត្រូវ »។

សូមរំលឹកថា ការបោះឆ្នោតសភា នីតិកាលទី៦នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែ​​កក្កដា ឆ្នាំ២០១៨ ហើយ​នៅខណៈនេះ គ.ជ.ប ចាប់ផ្ដើមទទួលចុះបញ្ជីឈ្មោះគណបក្សនយោបាយដែលត្រូវចូលរួមប្រកួតនៅក្នុងការបោះឆ្នោតនេះ។ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចជិត ៤០ឆ្នាំមកហើយនេះ  គឺ បានចុះឈ្មោះបក្ស និងបេក្ខជនតំណាងរាស្ត្ររបស់ខ្លួនរួចរាល់ហើយ ៕

 

Share

ព័ត៌មានទាក់ទង

Image