លិខិតមួយច្បាប់ដែលផ្ញើមកកាន់ក្រុមព័ត៌មាននៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាតាមសារអេឡិចត្រូនិច កាលពីថ្ងៃទី ២៥មេសា សមាជិកសភាអាស៊ាន ផ្នែកសិទ្ធិមនុស្សបានទទូចអោយមេដឹកនាំនៃប្រទេសសមាជិកអាស៊ាន ត្រូវលើកឡើងអំពីការរំលោភសិទ្ធិមនុស្ស និងការបំបិទសំឡេងបក្សប្រឆាំងនៅក្នុងតំបន់ និងនៅកម្ពុជា។
លិខិតរបស់សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស (APHR) ដែលបានទទូចអោយមេដឹកនាំអាស៊ានលើកឡើងពីកង្វល់របស់ខ្លួន គឺចំពេលមេដឹក នាំអាស៊ានចាប់ផ្ដើមប្រជុំគ្នានៅប្រទេសសិង្ហបុរី នៅថ្ងៃ សុក្រ ទី ២៧ មេសានេះ។
លោក Charles Santiago ប្រធានសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សបានលើកឡើងអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសមួយចំនួន ក្នុងនោះមានប្រទេសភូមានឹងប្រទេសកម្ពុជា។
លោក Charles Santiago បង្ហាញការព្រួយបារម្ភជាខ្លាំងអំពីរំលោភសិទ្ធិមនុស្សទៅលើសហគមន៍ម៉ូស្លីមភូមាដែលកើតមានជាច្រើនខែមកហើយ ។
ដោយឡែកករណីប្រទេសកម្ពុជាវិញ លិខិតរបស់សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សបានទាមទារអោយមានរបៀបវារៈមួយ និយាយអំពីលទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មាន ការបង្ក្រាបសង្គមស៊ីវិល និងក្រុមប្រឆាំង។
អ្នកតំណាងរាស្ត្រនៃប្រទេសឥណ្ឌូនេស៊ី ឈ្មោះ Eva Sundari បានទទូចថា កិច្ចប្រជុំកំពូលអាស៊ានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ និងថ្ងៃទី២៨ មេសា ២០១៨នេះ គឺជាឱកាសដែលមេដឹកនាំអាស៊ានដែលសម្ដែងការព្រួយបារម្ភរួមគ្នាពាក់ព័ន្ធនឹងសិទ្ធិសេរីភាព និងសិទិ្ធមនុស្សនៅក្នុងតំបន់។
លិខិតរបស់សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សធ្វើឡើងទន្ទឹមនឹងអង្គការអន្តរជាតិចំនួន ៦ទៀត មានបណ្តាញប្រជាធិបតេយ្យអាស៊ី(ADN) វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (ANFREL) ក្រុមប្រឹក្សាសេរីភាពនិងប្រជាធិបតេយ្យអាស៊ី (CALD) អង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្ដរជាតិ(NDI)បានស្នើឲ្យប្រធានប្ដូរវេនអាស៊ានជួយសម្រុះសម្រួលធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាត្រលប់ទៅរកភាពប្រសើរឡើងវិញ។
លើសពីនេះ ក៏មានការអំពាវនាវឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលជាសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ កោះប្រជុំឡើងវិញ មុនខែ កក្កដា ឆ្នាំ២០១៩ ដើម្បីនាំមកនូវសកម្មភាពរួម ផ្លាស់ប្តូរកម្ពុជាឲ្យផុតពីគន្លងប្រទេសដែលមានការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ។
លិខិតសរសេរទៅកាន់ប្រធានអាស៊ានឆ្នាំនេះដែរ ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិទាំងនេះបានលើកឡើងអំពីការរំលាយគណបក្សប្រឆាំង, ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងសកម្មជនសិទិ្ធមនុស្ស ,ការបំបិទសិទ្ធិនយោបាយមេដឹកនាំបក្សប្រឆាំងជាង ១០០នាក់ ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលដែលមិនស្របទៅនឹងគោលការណ៍របស់អាស៊ាន។
ទោះជាបែបនេះក្ដី គេមិនទាន់ឃើញមានការចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបពីក្រសួងការបរទេស និងអ្នកនាំពាក្យកម្ពុជានៅឡើយទេ ទាក់ទិននឹងសេចក្ដីអំពាវនាវរបស់សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សដែលព្រួយបារម្ភពីការធ្លាក់ចុះសេរីភាពនៅកម្ពុជានេះ។ តែជារឿយៗ មន្ត្រីបក្សកាន់អំណាចមិនដែលទទួលស្គាល់ការរិះគន់ដូចនេះទេ។ ផ្ទុយទៅវិញតែងតែអះអាងថា សេរីភាពសារព័ត៌មាន ឬសិទ្ធិមនុស្សនៅកម្ពុជានៅតែល្អប្រសើរជាងប្រទេសដទៃនៃសមាគមអាស៊ាន៕