ភ្នំពេញ៖ ក្មេងប្រុសវ័យជំទង់ម្នាក់យកគ្រាប់បេមួយគ្រាប់មកដំលេងបណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ និងក្មេងប្រុស ស្រី ៣ នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលារួចផុតពីសេចក្តីស្លាប់។
ក្មេងប្រុសអាយុ ១៣ ម្នាក់ដែលរើសបានគ្រាប់បេប្រភេទ ៦៣ មីលីម៉ែត្រមួយគ្រាប់នៅចម្ការក្រោយផ្ទះ ហើយក្មេងប្រុសនេះបានយកមកដំលេងនៅមុខផ្ទះបណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ និង បណ្តាលក្មេង ៣ នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រាប់អំបែកហោះត្រូវចំភ្លៅ ពោះ និង ស្មងជើង។
លោកមេឃុំ ឡាញ ហម ប្រាប់វិទ្យុស្ត្រីថា ករណីផ្ទុះគ្រាប់បេនេះកើតឡើងនៅវេលាម៉ោង ៥ រសៀល ថ្ងៃទី ២៦ ខែ មេសានេះ ត្រង់ឃុំ កំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ហើយ កុមាររងរបួសទាំង៣នាក់នោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យអង្គការមួយឈ្មោះ មេចន្ទី ស្ថិតនៅក្រុងបាត់ដំបង។
ប៉ុន្តែក្មេងប្រុសអាយុ ១៣ ឆ្នាំ ម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ លោកមេឃុំ ឡាញ ហម អះអាងថា ស្ថានភាពក្មេងទាំង ៣នាក់នោះមានភាពធូរស្រាល និងរួចផុតពីសេចក្តីស្លាប់ហើយ។
លោកមេឃុំ ឡាញ ហម៖ «គាត់ទៅក្រោយចម្ការក្រោយរើសបានគ្រាប់ប្រភេទបេ៦៣ កាំជ្រូចដៃ គាត់យកមកដំមុខផ្ទះបណ្តាលឲ្យផ្ទុះរបសួ៣នាក់ ស្លាប់មួយនៅកន្លែង ក្មួយប្រុសអាយុ១៣ ឆ្នាំ អ្នកដំ។យកមកដល់មណ្ឌលសុខភាព ពេទ្យបង្អែកគ្រោះថ្នាក់ធ្ងន់ជាងក្មេងតូចមួយត្រូវបំបែងគ្រាប់ភ្លៅមុខ និង ពោះ។»
លោកថា ការផ្ទុះគ្រាប់សេសលពីសម័យសង្គ្រាមជាករណីទី២ហើយ។ កាលពីលើទី១ កើតឡើងនៅក្នុងឆ្នាំ ២០១៧ បណ្តាលឲ្យក្មេងប្រុសអាយុ ១៣ ឆ្នាំ ផ្ទុះដាច់ដៃ ក្រោយពីកែច្នៃគ្រាប់មិនផ្ទុះសម្រាប់គ្រាប់បែកបោកយកត្រី។
បើយោងតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកថា នៅវេលាម៉ោង ៥ រសៀល ថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ មានករណីផ្ទុះមីនមួយគ្រាប់បណ្តាលឲ្យកុមារម្នាក់ក្នុងចំណោម៣នាក់ស្លាប់។
កុមារវ័យជំទងឈ្មោះ សំ ប្រុស អាយុ ១៣ ឆ្នាំ ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីនេះនាំឲ្យក្មេងប្រុសស្រី ៣ នាក់រងបួសធ្ងន់គឺ ក្មេងប្រុសឈ្មោះ ប៊ុន វ៉ាន អាយុ ១២ ឆ្នាំ និង កុមារា ឈ្មោះ សំ ថាប់ អាយុ ៤ ឆ្នាំ និងកុមារី ឈ្មោះ ភាក់ ស្រីពេជ អាយុ៣ ឆ្នាំ។
លោក ហេង រតនា បញ្ជាក់ថា ឃុំកំពង់ល្ពៅនេះ មានគ្រាប់មីនតោនច្រើនណាស់ហើយ ភាគច្រើនមាន២-៣ជាន់ និងសំរុកដាក់នៅចុងឆ្នាំ១៩៩៧-៩៨។លោកសូមចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយគ្រួសារសព និងគ្រួសាររងរបួសនិងកុមារៗរងរបួសឆាប់ជាស្បះស្បើយឡើងវិញ។
បើតាមលោកមេឃុំល្ពៅ អំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសក្មេងពេលឃើញគ្រាប់មិនទាន់ផ្ទុះ ឬ សង្ស័យវត្ថុអ្វីសូមកុំប៉ះពាល ហើយរាយការទៅអាជ្ញាធរ និងមន្ត្រីស៊ីម៉ាក CMAC ចុះទៅពិនិត្យដោយផ្ទាល់។
បើតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) បង្ហាញថា នៅឆ្នាំ២០១៧ ជនរងគ្រោះដោយសាគ្រាប់មីន និង គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះមាន ៥៨នាក់ ថយចុះ ៣០ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៦ មាន អ្នក ស្លាប់ ៨៣ នាក់។ ក្នុងនោះមនុស្ស២២នាក់គ្រោះថ្នាក់ដោយគ្រាប់មីន និង ៣៦ នាក់គ្រោះ ថ្នាក់ ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ មនុស្ស ១០ នាក់ស្លាប់ និង រងរបួស៣៥នាក់ ហើយ ១៣ នាក់ វះកាត់ដៃជើង។
បើតាមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បំផ្លាញគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជិត ៤ ម៉ឺនគ្រាប់ នៅឆ្នាំ ២០១៧៕