ភ្នំពេញ៖ ក្មេងប្រុសម្នាក់ស្លាប់ និងក្មេងប្រុសស្រី ៣ នាក់ទៀតរងរបួសធ្ងន់ ករណីជាន់គ្រាប់មីនផ្ទុះ ស្ថិតនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នំា ២០១៨។
បើយោងតាម លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកថា នៅវេលាម៉ោង ៥ រសៀល ថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ មានករណីផ្ទុះមីនមួយគ្រាប់បណ្តាលឲ្យកុមារម្នាក់ក្នុងចំណោម៣នាក់ស្លាប់។
កុមារវ័យជំទងឈ្មោះ សំ ប្រុស អាយុ ១៣ ឆ្នាំ ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីនេះនាំឲ្យក្មេងប្រុសស្រី ៣ នាក់រងបួសធ្ងន់គឺ ក្មេងប្រុសឈ្មោះ ប៊ុន វ៉ាន អាយុ ១២ ឆ្នាំ និង កុមារា ឈ្មោះ សំ ថាប់ អាយុ ៤ ឆ្នាំ និងកុមារី ឈ្មោះ ភាក់ ស្រីពេជ អាយុ៣ ឆ្នាំ។
លោក ហេង រតនា បញ្ជាក់ថា ឃុំកំពង់ល្ពៅនេះ មានគ្រាប់មីនតោនច្រើនណាស់ហើយ ភាគច្រើនមាន២-៣ជាន់ ដែលគេសំរុកដាក់នៅចុងឆ្នាំ១៩៩៧-៩៨។ លោកសូមចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយគ្រួសារសព និងគ្រួសាររងរបួសនិងកុមារៗរងរបួសឆាប់ជាស្បះស្បើយឡើងវិញ៕