ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការបង្កើនបរិមាណ និងគុណភាពនៃជំនាញវិជ្ជាជីវៈក្នុងវិស័យវិស្វកម្ម ស្របពេលកម្ពុជាកំពុងប្រឈមុខការខ្វះជំនាញវិស្វករជាង ៣ ម៉ឺន នាក់ នៃវិស្វករសំណង់ស៊ីវិល អគ្គីសនី មេកានិច វិទ្យាសាស្ត្រកុំព្យូទ័រ ភូគភ្ភសាស្ត្ររ៉ែ គីមីចំណីអាហារ កសិឧស្សាកម្ម ពេទ្យកោសល្យជនបទ និងធនធានទឹកជាដើម។
នៅក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៧ និងលើកទិសដៅ ២០១៨នេះ គណៈវិស្វករកម្ពុជា បានឲ្យដឹងថា វិស្វករបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ជាង ៣ ពាន់នាក់។ ក្នុងនោះមានវិស្វករសំណង់ស៊ីវិល អគ្គីសនី មេកានិច វិទ្យាសាស្ត្រកុំព្យូទ័រ ភូគភ្ភសាស្ត្ររ៉ែ គីមីចំណីអាហារ-កសិឧស្សាកម្ម ពេទ្យកោសល្យជនបទ និងធនធានទឹកដែលចំនួននេះមិនទាន់សមាមាត្រជាមួយនឹងតម្រូវការងារនោះទេ។
លោក ពេជ្រ សោភណ្ឌ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រាប់អ្នកសារព័ត៌មានថា ប្រទេសកម្ពុជាកំពុងខ្វះខាតវិស្វករក្នុងការជួយអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន។
លោក ពេជ្រ សោភណ្ឌ ជឿថា សមត្ថិភាពវិស្វករកម្ពុជាគឺមានជំនាញវិជ្ជាជីវៈ និងគុណភាពប្រហាក់ប្រហែលទៅនឹងប្រទេសជិតខាងកម្ពុជាដែរ។ ទោះបីយ៉ាងណា គណៈវិស្វករកម្ពុជា នឹងខិតខំប្រឹងប្រែងថែមទៀតក្នុងបណ្តុះបណ្តាលជំនាញវិស្វករខ្មែរឲ្យស្តង់ដាតែជាមួយប្រទេសជាសមាជិកអាស៊ាន។
លោក ពេជ្រ សោភណ្ឌ៖ «អ្នកដែលរៀនពូកែគួរចាប់យកមុខជំនាញវិស្វកម្មព្រោះវិស្វកម្មគឺជាអ្នកប្រែប្រួលពិភពលោកព្រោះតាមរយៈការច្នៃប្រឌិត ការបង្កើតថ្មីនេះធ្វើឲ្យពិភពលោកប្រែប្រួល។ក្នុងជីវភាពសព្វថ្ងៃបច្ចេកវិទ្យាភាគច្រើនវិស្វកម្ម។»
លោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា មើលឃើញថា កម្ពុជាមានតម្រូវការច្រើនចំពោះមុខជំនាញវិស្វករ ព្រោះកម្ពុជាកំពុងខ្វះជំនាញនេះ។
លោក លឹម សុថាវ ៖ «តម្រូវការទៅតាមទីផ្សារបច្ចុប្បន្នគឺវិស្វករយើងនៅខ្វះខាតច្រើន ហើយគណៈវិស្វករកម្ពុជាដែលបង្កើតឡើងនេះដោយរដ្ឋាភិបាលគឺមានតួនាទីប្រមូលផ្តុំបញ្ញាវន្តវិស្វករជាតិឲ្យមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីរៀបចំបណ្តុះបណ្តាលវិស្វករបំពាក់បំប៉នជំនាញបន្ថែមឲ្យមានកម្រិតស្តង់ដារមួយដែលអាចប្រហាក់ប្រហែលជាមួយគេ។»
ជាមួយគ្នានេះ លោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា អះអាងថា ដើម្បីបង្កើនបរិមាណ និងគុណភាពជំនាញវិស្វកម្មបន្ថែមទៀត គណៈវិស្វករកម្ពុជាគ្រោងនឹងស្នើឲ្យដាក់បញ្ជូលជំនាញវិជ្ជាជីវៈវិស្វករទៅក្នុងកម្ពុជាវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្រិតឧត្តមសិក្សា។
បើយោងតាមការសិក្សារបស់អង្គការ JICA កាលពីថ្មីៗនេះ រកឃើញថា កម្ពុជាត្រូវការវិស្វករប្រមាណ ៣ ម៉ឺន ៥ ពាន់នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យ ចាប់ពីឆ្នាំ ២០១៨ រហូតដល់ ឆ្នាំ ២០២០។
របាយការណ៍របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានអោយដឹងថា គេបានធ្វើការបណ្តុះបណ្តាលវិស្វករលើមុខជំនាញវិជ្ជាជីវៈវិស្វកម្ម និងវិស្វករមកចុះបញ្ជីសរុប ៣ ០៤៥ នាក់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងចំណោម វិស្វករដែលទទួលបានការបណ្ដុះបណ្ដាលនោះគឺ វិស្វករសំណង់ស៊ីវិល ៧៦% អគ្គិសនី ៧,៥% មេកានិច ៣% វិទ្យាសាស្ត្រកុំព្យូទ័រ ៣% ភូគភ្ភសាស្ត្ររ៉ែ ២% គីមីចំណីអាហារ-កសិឧស្សាហកម្ម-ទេពកោសល្យជនបទ និងធនធានទឹក ១% និងជំនាញផ្សេងៗ ៧,៥%៕