en     km
en     km

ថ្នាក់ដឹកនាំវៀតណាមថា ស្ថិរភាពនយោបាយកម្ពុជាល្អពិសេសនៅក្នុងឆាកអន្តរជាតិ

Share

លោកស្រី Tong Thi Phong អនុប្រធានទី ១ រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា ដោយបានជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៦ មេសានេះ បានបង្ហាញការសាទរ ចំពោះការរីកចម្រើននៃប្រទេសកម្ពុជា ដែលលោកស្រីទទួលស្គាល់នូវការអភិវឌ្ឍន៍យ៉ាងខ្លាំង ដោយទទួលបាននូវស្ថេរភាពនយោបាយល្អជាពិសេសនៅក្នុងឆាកអន្តរជាតិ។

           សម្តេច ហ៊ុន សែន ទទួលជួបជាមួយលោកស្រី Tong Thi Phong អនុប្រធានទី១រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

 

យោងតាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបនោះ លោកស្រី Tong Thi Phong បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខ ពីប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំប្រទេសវៀតណាម ជូនចំពោះសម្ដេច ហ៊ុន សែន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ។

លោកស្រីបានសំដែងការអបអរសាទរជូនចំពោះសម្ដេច រាល់សកម្មភាពទាំងឡាយ ដែលកម្ពុជាទទួលបានជាប្រទេសរីកចម្រើន លើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ​ លោកស្រីបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកស្រីគឺទី១ ដើម្បីពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភា និងសភា និងទី ២ គឺដើម្បីផ្ទេរតំណែងជាម្ចាស់ផ្ទះនៃប្រធានកិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិចជូនដល់កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះបន្ត ពីប្រទេសវៀតណាមសម្រាប់កិច្ចប្រជុំលើកទី ២៧ ។ លោកស្រីថា ភាគីវៀតណាមប្ដេជ្ញាចិត្តនឹងជួយចែករំលែកនូវរាល់បទពិសោធន៍ទាំងឡាយ ដែលមានកន្លងមកអំពីការរៀបចំធ្វើជាម្ចាស់ផ្ទះប្រជុំសភាអាស៊ីប៉ាស៊ីហ្វិកនៅវៀតណាម ជូនដល់កម្ពុជា សំដៅធ្វើយ៉ាងណាឲ្យកម្ពុជារៀបចំកិច្ចប្រជុំបន្តពីវៀតណាមនេះ នៅឆ្នាំក្រោយក្នុងប្រទេសកម្ពុជាឲ្យទទួលបានជោគជ័យ។

ចំណែកសម្ដេច ហ៊ុន សែន វិញក៏បានអរគុណផងដែរ ចំពោះការប្ដេជ្ញាចិត្តរបស់លោកស្រី Tong Thi Phong ក្នុងការផ្ដល់ និងជួយចែករំលែកបទពិសោធន៍ សម្រាប់កិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ៕

 

Share

Image
Image
Image