ភ្នំពេញ៖ ក្រសួងមហាផ្ទៃចេញសេចក្ដីណែនាំមន្ត្រីក្រុមប្រឹក្សា/ឃុំសង្កាត់នៅទូទាំងប្រទេសត្រូវសម្របសម្រួលដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗ ដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ ២០១៨នេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រកាសឲ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានរយៈពេល១៥ថ្ងៃ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ៣០ ខែ មេសា រហូតដល់ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨។
ដោយយោងតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ម្សិលមិញបានចេញលិខិតមួយ ជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ធ្វើការណែនាំដល់អាជ្ញាធរឃុំ/សង្កាត់ឲ្យជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលក្នុងការចេញលិខិតបញ្ជាក់នានាដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាងរបស់គណបក្សនយោបាយចុះបញ្ជីត្រឹមត្រូវតាមច្បាប់។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨។
នៅក្នុងកិច្ចប្រជុំនៅគ.ជ.ប កាលពីម្សិលមិញ ប្រធានគណបក្សធម្មាធីបតេយ្យ លោកស្រី ពោធិតី សាវត្ថី ស្នើសុំឲ្យ គ.ជ.ប ពិនិត្យមើលមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់មួយនៅក្នុងខេត្តកំពង់ស្ពឺបានបដិសេធ មិនចុះបញ្ជីបេក្ខជនរបស់ខ្លួន ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។
លោកស្រី ពោធិតី សាវត្ថី៖«ពេលគាត់ទៅចុះឈ្មោះគេសម្លុតគំរាមកគហែងគាត់គេថា អ្នកគ្រូធ្វើជានាយកសាលាគេគិតថាសមាជិកគណបក្សប្រជាជនបានគេឲ្យអង្គុយកន្លែងនិង។ប្រសិនបើជាចេញពីនិងឈរឈ្មោះឲ្យគណបក្សផ្សេងសុំលាលែងពីអោយហើយអញ្ចឹងវាខុសពីច្បាប់គ.ជ.ប សូមឯកឧត្តមអធិបតីបំភ្លឺបញ្ហានឹង។»
នៅក្នុងកិច្ចប្រជុំស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅថ្ងៃទី ២៥ ខែ មេសានេះ លោក សោម សូលីដា អគ្គលេខាធិការរងគ.ជ.ប ថ្លែងថា គ.ជ.ប នឹងមានវិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីថ្នាក់ក្រោមជាតិរារាំងឬរើសអើងក្នុងការបញ្ជាក់លិខិតនានាចំពោះបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ។
លោក សោម សូលីដា៖ «វិធានការគឺមាននៅក្នុងច្បាប់គ.ជ.ប អនុវត្តកិច្ចការរបស់ខ្លួន ហើយនឹងទោសទៅតាមបញ្ញាតិមាត្រា១៤២ បទរារាំង គឺជាបញ្ហាកើតឡើង ហើយត្រូវផាក់ពិន័យពី ៥ លានរៀល ទៅ ២០ លានរៀល ហើយបទរារាំងតាំងពីការមិនបំពេញឬការមិនបញ្ជាក់អំពីការមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដើម្បីបំពេញលក្ខខណ្ឌជាបេក្ខជន។»
បច្ចុប្បន្នគណបក្សចំនួន ៣៧ បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។ អសនៈនៅក្នុងរដ្ឋសភានីតិកាលទី៦នេះ មានតំណាងរាស្ត្រ ១២៥រូប។ បើតាម គ.ជ.ប បេក្ខជនយ៉ាងតិច ៤១ រូប របស់គណបក្សនយោបាយនីមួយៗ ដាក់ក្នុងបញ្ជីបោះឆ្នោត៕