en     km
en     km

កម្ពុជា-បង់ក្លាដែស នឹងចុះកិច្ចព្រមព្រៀងបង្កើនទំហំពាណិជ្ជកម្មឱ្យដល់ ១០០លាន$ នៅឆ្នាំ២០២០

Share

(ភ្នំពេញ)៖ កម្ពុជា និងបង់ក្លាដែស បានសន្យាពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ ១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២០។ ការសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស ដែលរៀបចំឡើងកាលពីថ្ងៃទី២៥ ខែមេសា  ម្សិលមិញ នៅសណ្ឋាគារភ្នំពេញ។នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយកាលពីថ្ងៃទី ២៥ មេសា។

                                                                  ជំនួបរវាងរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា(ស្តាំ) និងបង់ក្លាដេស(ឆ្វេង)។

 

តាមប្រភពដដែលនេះ លោក ប៉ាន សូរស័ក្តិ បានជំរុញឲ្យភាគីបង់ក្លាដែសគោរពកិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជាចំនួន ១លានតោន សម្រាប់រយៈពេល ៥ឆ្នាំ (២០១៧-២០២២) ដែលបានចូលជាធរមានកាលពីឆ្នាំ ២០១៧ និងធ្វើការនាំចូលនូវផលិតផលកសិកម្មថែមទៀតពីកម្ពុជាដូចជា ដំឡូងមី ពោត និងម្រេច ជាដើម។

ជាការឆ្លើយតប លោក តូហ្វែល អាមេត បានទទួលស្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមានកម្រិតនោះឡើយ ដែលទាមទារឲ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែម និងការរៀបចំជំនួបធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនការដោះដូរទំនិញ និងសេវាកម្មផ្សេងៗ ដែលប្រទេសទាំងពីរបានកំណត់។

បើតាមកិច្ចប្រជុំ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងត្រូវរៀបចំឲ្យបានរួចរាល់នៅក្នុងខែឧសភា ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ធ្វើការត្រួតពិនិត្យ មុនពេលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

យោងតាមរបាយការណ៍ពីស្ថានទូតបង់ក្លាដែស​បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស នៅក្នុងឆ្នាំ ២០១៥ មានត្រឹមតែ ៦លានដុល្លារប៉ុណ្ណោះ​។ នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញនូវខ្លឹមសារនៃអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសំខាន់ៗ ដែលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាជាមួយគ្នាកាលពីចុងឆ្នាំ ២០១៧ និងបានទទូចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តអនុវត្តន៍លក្ខខណ្ឌដែលបានចែងប្រកបដោយស្មារតីយោគយល់ខ្ពស់។

គួររំលឹកដែរថា កាលពីចុងឆ្នាំ២០១៧ ប្រទេសកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាលើអនុស្សារណៈចំនួន ៩ ។ អនុស្សារណៈទាំង ៩នោះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរួម ការអនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាព ឆ្នាំ២០៣០ ការបណ្ដុះបណ្ដាលការងារ និងវិជ្ជាជីវៈ។ ជាមួយគ្នានោះ ការការពារកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងស្លាកស្នាមសង្គ្រាម ការវិនិយោគលើវិស័យជលផល និងវារីវប្បកម្ម កិច្ចសហការស្រាវ ជ្រាវរវាងវិទ្យាស្ថានសិក្សាអន្តរជាតិកម្ពុជា និងវិទ្យាស្ថានយុទ្ធសាស្រ្តសិក្សាបង់ក្លាដែស ព្រមទាំងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍វិនិយោគបង់ក្លាដែសក៏ស្ថិតក្នុងអនុស្សារណៈនោះផងដែរ៕

 

 

Share

ព័ត៌មានទាក់ទង

Image