ឥណ្ឌា៖ សានទី ណាហ្គា (Shanti Nagar Slum) ជាសំណង់អណាធិបតេយ្យមួយក្នុងចំណោមសំណង់អណាធិបតេយ្យទាំងអស់ ៥ពាន់ពីររយសំណង់នៅក្នុងប្រទេសឥណ្ឌា។ អ្វីដែលខុសប្លែកពីសំណង់អណាធិបតេយ្យដទៃទៀតនោះ ដោយសារសានទី ណាហ្គា ជាសំណង់អនាធិបតេយ្យមគ្មានការបន្ទោរបង់ពាសវាលពាសកាល (ODF) និងជាគំរូផ្នែកអនាម័យទទួលបានពានរង្វាន់ច្រើនជាងគេនៅឥណ្ឌា។ សំណង់នេះមានទីតាំងស្ថិតនៅក្នុងសហគមន៍ Jahangirpura ក្នុងរដ្ឋធានីបុផល។
សំណង់អនាធិបតេយ្យរៀបរយសានទី ណាហ្គា កើតឡើងចេញពីការខិតខំប្រឹងប្រែងរបស់ស្ត្រីមេផ្ទះជាច្រើនរូប រួមគ្នាកសាងភូមិស្ថានឱ្យក្លាយជាតំបន់មានអនាម័យ ព្រមទាំងមានទឹកស្អាតប្រើប្រាស់គ្រប់ដំបូលផ្ទះ។
អ្នកស្រី Maunar ស្ត្រីដឹកនាំការសាងសង់បង្គន់អនាម័យនៅក្នុងសំណង់អណាធិបតេយ្យនេះ បានឱ្យដឹងថា សានទី ណាហ្គា បានក្លាយជាសំណង់អនាធិបតេយ្យគ្មានការបន្ទោរបង់ពាសវាលពាសកាសនៅក្នុងឆ្នាំ២០០៧ ព្រមទាំងទទួលបានពានរង្វាន់ជាសំណង់អនាធិបតេយ្យមានអនាម័យស្អាតជាងគេ។
អ្នកស្រីបានឱ្យដឹងទៀតថា រដ្ឋាភិបាលឥណ្ឌា ព្រមទាំងអង្គការសង្គមស៊ីវិលក្នុងនិងក្រៅប្រទេស ចាត់ទុកសំណង់នេះជាសគមន៍គំរូផ្នែកអនាម័យ ខណៈប្រជាពលរដ្ឋក្នុងសហគមន៍ទាំងមូលផ្តើមស្រឡាញ់ការររស់នៅរបស់ខ្លួន និងគិតគួរដល់សុខភាពជាចម្បង។
សំណង់អាណាធិបតេយ្យសានទី ណាហ្គា មានផ្ទះចំនួន ៣៥ខ្នង មានប្រជាពលរដ្ឋរស់នៅចំនួន ៥៧គ្រួសារ ភាគច្រើនស្ត្រីប្រកបរបរបម្រើការងារតាមផ្ទះ និងបុរសជាលក់ដូរបន្លែផ្លែឈើតាមដងផ្លូវ។
ស្រី្តវ័យ៤២ ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា “ស្ត្រីមេផ្ទះជាអ្នកសាងសង់បង្គន់តាមផ្ទះ ហើយផ្ទះនីមួយៗក្នុងសំណង់នេះ រដ្ឋាភិបាលផ្តល់សិទ្ធិឱ្យយើងរស់នៅបានរយៈពេល៣០ឆ្នាំ បើចង់នៅបន្តទៀតនឹងត្រូវបង់ប្រាក់ចំនួន ២រ៉ូពីទៅឱ្យរដ្ឋាភិបាលក្នុងទំហំដីមួយម៉ែត្រការ៉េ ប៉ុន្តែយើងមិនចង់ចាកចេញពីទីនេះទេ”។
មូលហេតុដែលប្រជាពលរដ្ឋក្នុងសំណងនេះ មិនចង់ចាកចេញពីលំនៅដ្ឋានរបស់ខ្លួនដោយសារពួកគេយល់ថា លំនៅដ្ឋានក្នុងសានទី ណាហ្គា មានងាយស្រួលរស់នៅ។ “យើងបានក្លាយជាតំបន់រស់នៅគំរូហហើយ… ហើយយើងចង់ក្លាយជាអ្នកបណ្តុះបណ្តាលរឿងអនាម័យដល់អ្នករស់នៅក្នុងសំណង់អាណាធិបតេយ្យផ្សេងទៀត”។
ចំពោះលោក Anup Kishore Sahay នាយកប្រតិបត្តិអង្គការ AARAMBD ធ្វើការលើការអប់រំផ្នែកទឹកស្អាត និងអនាម័យ មានប្រសាសន៍ថា សំណង់អាណាធិបតេយ្យសានទី ណាហ្គា ត់ទុកជាសំណងទទួលបាន ODF មុនគេក្នុងចំណោមសំណង់អាណាធិបតេយ្យចំនួន៩០ ដែលមានអនាម័យនិងទឹកស្អាតប្រើប្រាស់។
លោកបានបញ្ជាក់ថា ៖ “ យើងធ្វើការងារជាច្រើនជាមួយប្រជាពលរដ្ឋរស់នៅក្នុងសំណង់អនាធិបតេយ្យ ហើយយើងកំពុងតែផ្តល់ចំណេះដឹងផ្សេងៗដល់ពួកគេ ពិសេសការលើកកម្ពស់សិទ្ធិដល់យុវតី បញ្ហាអនាម័យផ្ទាល់ខ្លួន ព្រមទាំងរៀបចំផែនការមួយចំនួនទៅកាន់រដ្ឋាភិបាលថ្នាក់ខេត្ត…”។
សូមជម្រាបថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងគោលនយោបាយជាតិរបស់រដ្ឋាភិបាល Clean India Machine បានប្តេជ្ញាថា នឹងធ្វើឱ្យប្រទេសឥណ្ឌាទាំងមូលក្លាយជាប្រទេសគ្មានការបន្ទោរបង់ពាសវាលពាសកាល និងមានទឹកសុវត្ថិភាពប្រើគ្រប់គ្រួសារនៅត្រឹមចុងឆ្នាំ២០១៩ ខាងមុខ។
អត្ថបទ និង រូបភាព ៖ ម៉ៅ សំណាង