en     km
en     km

រដ្ឋមន្ត្រីពាណិជ្ជកម្មបង្ហាញសុទិដ្ឋិនិយមចំពោះអនាគតវិស័យម្រេចកម្ពុជា

Share

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជបានបង្ហាញសុទិដ្ឋិនិយមជាវិជ្ជមានចំពោះស្ថានភាពល្អប្រសើរនៃវិស័យម្រេចកម្ពុជា បើទោះជាមានការប្រែប្រួលតម្លៃម្រេចលើទីផ្សារក្នុងតំបន់ និងពិភពលោកយ៉ាងណាក្តី។ការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិធ្វើឡើងក្នុងឱកាសបិទវេទិកាម្រេចលើកទី២ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី២៤ ខែមេសា ម្សិលមិញ។​

ជាងនេះទៀតលោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តមួយចំនួន ដែលក្រសួងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំរចនាសម្ព័ន្ធដឹកនាំ និងបណ្តាញផ្គត់ផ្គង់ច្បាស់លាស់ ជាមួយគោលនយោបាយសមស្រប សំដៅធានាអភិវឌ្ឍន៍វិស័យម្រេចកម្ពុជាប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្រ្តីពាណិជ្ជកម្មរូបនេះបន្តថា នៅឆ្នាំខាងមុខ វិស័យម្រេចនឹងកាន់តែរឹងមាំឡើងៗ ប្រហាក់ប្រហែលវិស័យស្រូវ អង្ករ និងដំឡូងមីផងដែរ។

ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍វិស័យម្រេច និងបានសំណូមពរដល់ជំនាញការជាតិ និងអន្តរជាតិ ពន្លឿនការចងក្រងសេចក្តីព្រាងគោលនយោបាយម្រេចដាក់ឆ្លងគណៈកម្មាការបច្ចេកទេសអន្តរក្រសួង មុនពេលស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល។ លោកថាគោលនយោបាយនោះ នឹងត្រូវផ្កោតលើកិច្ចសម្រួលពាណិជ្ជកម្ម ប្រព័ន្ធកាត់បន្ថយថ្លៃដើមផលិតកម្ម ប្រព័ន្ធឡូជីស្ទីក ជំនួយឥណទាន បច្ចេកទេសដាំដុះថែទាំ និងការកសាងទំនុកចិត្តលើទីផ្សារ រាប់ទាំងប្រព័ន្ធសុវត្ថិភាព គុណភាព ស្លាកសញ្ញា និងនិមិត្តសញ្ញាម្រេចខ្មែរជាដើម។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ក្នុងសម្តីដើមយ៉ាងដូច្នេះថា៖«ខ្ញុំមានជំនឿថា ប្រសិនបើយើងសហការគ្នាធ្វើកិច្ចការទាំងនេះតាមតួនាទី និងទទួលខុសត្រូវស្ថាប័នរៀងខ្លួន នោះវិស័យម្រេចនឹងមានការរីកចម្រើននាពេលដ៏ខ្លីខាងមុខ»។

សូមបញ្ជាក់ថា ម្រេចគឺជាដំណាំដ៏សក្តានុពលរបស់កម្ពុជា ដែលត្រូវបានក្រសួងពាណិជ្ជកម្ម ដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ដើម្បីអភិវឌ្ឍន៍សង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ។

បច្ចុប្បន្ន ម្រេចត្រូវបានដាំដុះនៅក្នុងខេត្តចំនួន១៩ លើផ្ទៃដីប្រមាណ ៦,៦៧៨ហិកតា ហើយផ្តល់ទិន្នផលប្រហែលជាង ២ម៉ឺនតោន ក្នុងមួយឆ្នាំ៕

Share

ព័ត៌មានទាក់ទង

Image