en     km
en     km

ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសាកែវជួយពលករខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

Share

ពលករខ្មែរ៖ បន្ទាប់ពីមានករណីពលករខ្មែរខុសច្បាប់ចំនួន ២១នាក់ បានរងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តប្រាជីនបុរី ប្រទេសថៃ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវបានទៅពិនិត្យស្ថានភាពរបស់ពលករនៅមន្ទីរពេទ្យ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ បញ្ចូនពលករខ្មែរដែលមានរបួសស្រាលចំនួ ១៤នាក់ត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែតនៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលចេញផ្សាយនៅថ្ងៃទី២៤​ខែមេសាឆ្នាំ២០១៨នេះបានឱ្យដឹងបន្ដថា អ្នករងរបួសធ្ងន់និងអ្នកថែទាំអ្នករបួសនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជានៅពេលក្រោយ បន្ទាប់ពីអាការៈធូរស្រាល។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨ នៅក្នុងឃុំឌុងឡេក ស្រុកមឿងប្រាជីនបុរី ដោយរថយន្ដ Pick-up មួយគ្រឿងដែលដឹកពលករខ្មែរខុសច្បាប់ចំនួន ២១នាក់ ក្នុងនោះមានស្រ្ដី ៥នាក់ ចេញពីច្រកព្រំដែនបឹងត្រកួន-ណងចាន់ (ខេត្តបន្ទាយមានជ័យ-ខេត្តសាកែវ) ឆ្ពោះទៅខេត្តឈុនបុរីបានរេចង្កូតបុករថយន្ដដឹកទឹកកពីក្រោយ បណ្ដាលឲ្យពលករខ្មែរទាំងនោះរងរបួសធ្ងន់ និងស្រាល ហើយត្រូវបានអាជ្ញាធរថៃបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ៕

 

Share

ព័ត៌មានទាក់ទង

Image