ភ្នំពេញ៖ អ្នកបាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់មានតែម្នាក់ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៧នេះ ពោលគឺការធ្លាក់ចុះជាអតិបរិមាចាប់តាំងពីឆ្នាំ ២០១១មក។ រដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាជោគជ័យមួយកើតចេញពីលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជម្អឺគ្រុនចាញ់ ឆ្នាំ ២០ ១១ – ២០២៥។ លោក រឿន រិទ្ធី រាយការណ៍ពីព័ត៌មាននេះ!
លិខិតរបស់រាជរដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី២៤ មេសានេះ បានបង្ហាញពីការអបអរសាទរទិវាជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ ក្រោមពាក្យស្លោក «ត្រៀមជាស្រេច ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់»។
ទិវានេះប្រារព្ធឡើងដើម្បីជម្រុញឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត ដើម្បីថែរក្សាសុខភាពក្នុងការរស់នៅ។
បើតាមលិខិតដដែល ជម្អឺគ្រុនចាញ់បានបណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពចំណាយប្រាក់កាក់ ពេលវេលាក្នុងការព្យាបាល កាត់បន្ថយប្រាកចំណូលក្នុងគ្រួសារ និងអាចគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ មិនតែប៉ុណ្ណោះ ក៏ជាមូលហេតុមួយដែលនាំឱ្យមានផលអវិជ្ជមានក្នុងការអភិ វឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ដោយយោងតាមរបាយការណ៍ប្រចាំឆ្នាំនៃសេវាសាធារណៈ ក្នុងកម្មវិធីប្រយុទ្ធប្រឆាំងជម្អឺគ្រុនចាញ់ឆ្នាំ ២០១១-២០១៧ ចំនួនអ្នកឈឺក្នុងករណីគ្រុនចាញ់បានថយចុះពីជាង ៦ម៉ឺនករណី មកត្រឹមជាង ៣ម៉ឺនករណី។ រីឯចំនួនអ្នកស្លាប់វិញថយចុះពី ៩៣នាក់ មកត្រឹមតែ ១នាក់តែប៉ុណ្ណោះ។ នេះគឺជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជម្អឺគ្រុនចាញ់ ឆ្នាំ ២០១១-២០២៥ របស់រដ្ឋាភិបាល។
ទន្ទឹមនឹងការថយចុះនេះ សម្រាប់រាជរដ្ឋាភិបាលគឺនៅតែមិនទាន់ដល់ចំណុចដែលចង់បាននូវឡើយនោះទេ ទើបរដ្ឋាភិបាលនៅតែបន្ត ក៏ដូចជាលើកទឹកចិត្តឱ្យមានសកម្មភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់កាន់តែខ្លាំងថែមទៀត ដើម្បីលុបបំបាត់ជម្ងឺនេះតាមផែនការកំណត់។
រដ្ឋាភិបាលបានដាស់តឿនក្រើនរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លុបបំបាត់មេរោគគ្រុនចាញ់នេះ ព្រោះភ្នាក់ងារចម្លងគឺមូលដែកគោលញីនៅតែមានវត្តមាននៅក្នុងព្រៃ និងក្នុងតំបន់ជុំវិញសហគមន៍នៅឡើយ ដូច្នេះប្រសិនបើមានការធ្វេសប្រហែសនោះជំងឺនេះនឹងអាចកើតមានជាថ្មីតាមរយៈមូសដែកគោលញីខាំចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
សូមរំលឹកថា ជំងឺគ្រុនចាញ់នៅឆ្នាំ ២០១៦ មានចំនួន ២៣.៣៦៧ករណី និងមានអ្នកជំងឺស្លាប់ម្នាក់ ដែលថយចុះ ៥៤ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ដែលមានជំងឺគ្រុនចាញ់ចំនួន ៥៦.២៧៤ករណី និងមានអ្នកជំងឺស្លាប់១០នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាAKP៕