en     km
en     km

​ក្រសួងសុខាភិបាល​ប្រកាស​ពី​ការ​រាតត្បាត​ជំងឺគ្រុនឈាម​ស្ទុះ​ងើបឡើង​ជាង​ឆ្នាំ​មុន​

Share

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​តួលេខ​អ្នកជំងឺ​គ្រុនឈាម​ស្ទុះ​ងើបឡើង​វិញ​ ជាង​ពាក់កណ្តាល​ នៅ​រាយ​ប៉ាយ​ស្ទើរ​ទូ​ទាំង​ប្រទេស​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ការ​រើប​ឡើង​វិញ​នៃ​ជំងឺគ្រុនឈាម​ព្រោះ​វដ្ត​វិល​ជុំ​នៃ​ជំងឺគ្រុនឈាម​ ដែល​ក្រសួង​ព្យាករណ៍​ថា​ នឹង​អាច​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១៨​នេះ​។​

                                                        កុមារមកសម្រាកព្យាបាលជំងឺទូទៅនៅមណ្ឌលសុខភាព។រូបភាព៖ Facebook’s page CDC

​ក្រសួងសុខាភិបាល​ដាក់​ចេញ​នូវ​យន្តការ​ជា​ស្រេច​ក្នុង​ការ​បង្ការ​ទប់ស្កាត់​​ជំងឺគ្រុនឈាម​ដែល​ដំណាលគ្នា​នឹង​ការ​រីក​រាលដាល​ជំងឺគ្រុនឈាម​រាយ​ប៉ាយ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ ប្រយុទ្ធ​នឹងជំងឺ​គ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​ បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល​បង្ហាញ​តួលេខ​អ្នក​កើត​ជំងឺគ្រុនឈាម​មាន​កើនឡើង​ជាង​ឆ្នាំ​មុន​។

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ អះអាង​ថា​ ជំងឺគ្រុនឈាម​កើតឡើង​មាន​ចំនួន​ ១២០០​ ករណី​ ហើយ​សង្ស័យ​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​ ១ ​ករណី​ នៅ​ក្នុង​រយៈពេល​ជាង​ ៤​ ខែ​ដើមឆ្នាំ​នេះ ​ដែល​មានការ​កើនឡើង​ជាង​ពាក់កណ្តាល​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ មាន​ត្រឹម​ ៤៩៨​ ករណី​។​

លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​៖ «​មក​ដល់​ចុង​ស​ប្តា​ហ៍​នេះ​ជំងឺគ្រុនឈាម​កើនឡើង​តែ​បន្តិច​ទេ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ១៤​ ស​ប្តា​ហ៍​ដូច​គ្នា​ គឺ​ ឆ្នាំ​ ២០១៧​ ៤៩៨​ ករណី​ ហើយ​ឆ្នាំ​ ១២០០​ករណី​។​មិន​ទាន់​មាន​ករណី​ស្លាប​នៅឡើយ​ទេ​។ មាន​ករណី​សង្ស័យ​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​ដែរ​ ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់លាស់​ថា​ ពិតជា​គ្រុនឈាម​នោះ​ទេ​។​»

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ក្នុង​ចំណោម​កុមារ​ជាង​ ១​ ម៉ឺន​ ៥​ពាន់​នាក់​ដែល​ មក​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ យ៉ាងតិច​កុមារ​ ៥៥៤​ នាក់​ កើត​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ដោយ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប​ និង​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ក្រុងភ្នំពេញ​។នេះបើតាមរបាយការណ៍ ៣ ខែដំបូងដើមឆ្នំានេះ របស់មន្ទីរពេទ្យគន្ធបុប្ផាចេញផ្សាយកាលពីថ្មីៗនេះ។​

​លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា​ កុមារ​កើត​ជំងឺគ្រុនឈាម​មាន​អត្រា​ខ្ពស់​ជាង​មនុស្ស​ពេញវ័យ​ និង​ មនុស្ស​ចាស់​។​ លោក​ព្រមាន​ថា​ ការ​រីក​ចម្រើន​នៃ​សំណង់​អាគារ​កំពុង​រីក​ដុះដាល​ និង​ការ​អភិវឌ្ឍ​តំបន់​ជាយក្រុង​ កន្លែង​ដក់​ទឹក​ ឬ​ការ​ស្តុ​ប​ទឹក​ទុក​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​គឺជា​ដើមចម​នៃ​ការ​ផ្តល់​ទីជម្រក​សម្រាប់​មូល​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។

​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​៖ «​ជា​ទូទៅ​ដើរតួ​ជាងគេ​អ្នក​កើត​ជំងឺគ្រុនឈាម​ពី​អាយុ​៥​ឆ្នាំ​ ទៅ​ដល់​ ១៤​ ឆ្នាំ​។​មនុស្ស​ចាស់​ក៏​មាន​ដែរ​ប៉ុន្តែ​វា​ចំនួន​តិច​ជាង​វ័យ​ក្រុម​អាយុ​ដែល​ខ្ញុំ​ជម្រាប​ប្រាប់​មិ​ញៗ​ ទោះបី​ទាប​ជាង​យ៉ាងណា​ក៏​ការ​កើនឡើង​ជំងឺគ្រុនឈាម​លើ​មនុស្ស​ចាស់​យើង​កំពុង​អង្កេត​តាមដាន​ផង​ដែរ​ព្រោះ​កាលណា​ប្រទេស​កាន់តែ​អភិវឌ្ឍ​ គ្រុនឈាម​នឹង​ប្តូរ​បរិបទ​ពី​ការ​កើត​លើ​មនុស្ស​វ័យក្មេង​ទៅ​ជា​មនុស្ស​ពេញវ័យ​និង​មនុស្ស​ចាស់​វិញ​ហើយ​។​»

​ប្រជាពលរដ្ឋ​អាច​កត់សម្គាល់​រោគ​សញ្ញា​នៃ​ជំងឺគ្រុនឈាម​នេះ​បាន​ តាម​រយៈ​ការ​ឡើង​កម្ដៅ​ខ្លួន​ខ្លាំង​ចាប់ពី​ ៣៨.៥ ​អង្សា​សេ​ឡើង​ទៅ​ មុខ​អ្នកជំងឺ​ឡើង​ក្រហម​ ឈឺក្បាល​ ឈឺ​សាច់ដុំ​ ឈឺសន្លាក់​ដៃជើង​ ឈឺ​ក្នុង​គ្រាប់ភ្នែក​ កុមារ​មាន​ស្ថានភាព​ងងុយដេក​សន្លឹម​ មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្បែក​ និង​ដងខ្លួន​។

​លើស​ពី​នេះ​បើ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ កុមារ​ នឹង​មាន​ស្នាក់​ជាំ​ឈាម​ជា​បន្ទះៗ​ លើ​ដៃ​ ដងខ្លួន​ និង​ជើង​។​ សញ្ញា​ទាំង​អស់នេះ​ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ គឺជា​រោគ​សញ្ញា​ដ៏​គ្រោះថ្នាក់​បំផុត​ ដែល​អាណាព្យាបាល​ទាំងអស់​ត្រូវ​ប្រញាប់​រួសរាន់​នាំ​អ្នកជំងឺ​ទៅ​កាន់​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ជា​បន្ទាន់​។



​លោក​ វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនឈាម​ ដោយ​ត្រូវកា​ចាត់​ជម្រក​មូស​ខ្លា​ឲ្យ​អស់​។​

​មូស​ខ្លា​ ពង​កូន​ក្នុង​ទឹក​រង​ថ្លា​ មិន​មាន​ក្លិនស្អុយ​មែន​ តែ​គេ​អាច​បំផ្លាញ​ទីជម្រក​របស់​ពពួកសត្វ​មូស​ខ្លា​នេះ​ គឺ​ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ពិនិត្យ​ឲ្យ​បានជា​ប្រចាំ​ទឹក​ក្នុង​ថូផ្កា​ ក្រឡ​ សំបក​កំប៉ុង់​ សំបក​កង់​ឡាន​ កង់​ម៉ូតូ​ សំបក​ដូង​ និង​ជា​ពិសេស​ត្រូវ​លាង​សម្អាត​អាង​ ឬ​ពាងទឹក​ឲ្យ​បាន​រៀង​រាល់​ស​ប្ដា​ហ៍​ ហើយ​ប្រជាពលរដ្ឋ​អាច​ចិញ្ចឹម​ត្រី​ ៧​ពណ៌​ ដើម្បី​ឲ្យ​ស៊ី​ដង្កូវទឹក​។​ លើស​ពី​នេះ​អាណាព្យាបាល​ត្រូវ​តែ​ស្លៀកពាក់​ខោអាវ​វែង​ ឲ្យ​កុមារ​តូចៗ​ និង​ ដេក​ក្នុង​ម៉ុង​ជា​ប្រចាំ​។​

​ដើម្បី​គ្រប់គ្រង​ហានិភ័យ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ​នេះ​ឲ្យ​ទាន់​ពេលវេលា​ ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ និង​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​តាមដាន​ស្ថានភាព​ជំងឺគ្រុនឈាម​។​ ពិសេស​ត្រៀម​ធនធានមនុស្ស​ និង​ សម្ភារៈ​បរិក្ខា​ឱសថ​ឲ្យ​បាន​គ្រប់គ្រាន់​។​ ជាមួយ​គ្នា​នេះ​ មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ ត្រូវ​ពង្រឹង​សេវា​ពិនិត្យ​ រោគវិនិច្ឆ័យ​ ការ​ព្យាបាល​ បន្ថែម​ទៀត​។​

​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​នាយ​ដ្ឋា​ន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​រក​ឃើញ​ថា​ ជំងឺគ្រុនឈាម​ថយ​ចុះ​ចំនួន​ ១២០​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​។​ ទោះបី​យ៉ាង​ក្តី​របាយការណ៍​នេះ​រក​ឃើញ​ថា​ ជំងឺគ្រុនឈាម​មានការ​កើតឡើង​លើ​មនុស្ស​ពេញវ័យ​ និង​ មនុស្ស​ចាស់​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ចុង​ក្រោយ​នេះ​៕

Share

ព័ត៌មានទាក់ទង

Image