កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត ហើយមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំ នោះនឹងមានសង្គ្រាមវណ្ណៈរវាងអ្នកមាន និងអ្នកក្រ។ ផ្អែកតាមប្រសាសន៍នេះ បានន័យថា លោកអាចសង្កេតឃើញមានវណ្ណៈអ្នកមាន និងអ្នកក្រនៅក្នុងសង្គមខ្មែររួចស្រេចទៅហើយ។ តើអ្នកមាន ឧកញ៉ា ទាំងឡាយគួរធ្វើបែបណា ដើម្បីកុំឲ្យមានសង្គ្រាមវណៈកើតឡើង ដូចការប្រមើលមើលរបស់លោកនាយករដ្ឋមន្ត្រី?
លោកណុល ដារ៉ា រៀបរៀងបទវិភាគនេះ
ជារឿយៗ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងសង្កត់ធ្ងន់ថា បើគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត នឹងមានសង្គ្រាម ។ ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជានឹងមានសង្គ្រាម ក្រោយពេលមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំ។ លោកថា សង្គ្រាមនោះ គឺសង្គ្រាមវណ្ណៈរវាងអ្នកមាន និងអ្នកក្រ និងសង្គ្រាមជាមួយប្រទេសជិតខាង។
ប៉ុន្តែបក្សប្រឆាំងថា ខ្លួនមិនដែលយកអ្នកមាន និងប្រទេសជិតខាងធ្វើជាសត្រូវនោះទេ ផ្ទុយទៅវិញ នឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោយឈរលើគោលការណ៍ជាតិ និងអន្តរជាតិ។ បក្សប្រឆាំងក៏បញ្ជាក់ផងដែរថា ខ្លួននឹងការពារផលប្រយោជន៍អ្នករកស៊ីសុចរិត និងយុត្តិធម៌។
ចំណែកអ្នកតាមដានព្រឹត្តិការណ៍នយោបាយវិញ យល់ថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី គ្រាន់តែជាបំភិតបំភ័យអ្នកមាន ឧកញ៉ា កុំឲ្យបែកចិត្តចេញពីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ។ អ្នកវិភាគយល់ថា សម័យទំនើបនេះ មិនអាចមានសង្គ្រាមវណ្ណៈកើតឡើងដូចសម័យបុព្វកាលនោះទេ ព្រោះប្រទេសនីមួយៗមានច្បាប់រដ្ឋធម្មនុញ្ញក្នុងការដឹកនាំ ហើយអ្នកនយោបាយឡើងថ្មី ត្រូវតែគោរពច្បាប់រដ្ឋធម្មនុញ្ញជាគោល។
យ៉ាងនោះក្ដី សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោករស់ រ៉ាវុធ លើកឡើងថា បើសិនជាអ្នកនយោបាយបណ្ដែតបណ្តោយឲ្យគម្លាតអ្នកមាន និងអ្នកក្រកាន់តែធំ ហើយអ្នកមានជិះជាន់អ្នកក្រកាន់តែខ្លាំង នោះ បញ្ហាសង្គ្រាមវណ្ណៈជារឿងដែលមិនអាចទស្សន៍ទាយទុកបាន ។ លោកមានប្រសាសន៍ថា «បើសិនណាជាយើងគ្មានដំណោះស្រាយ ដែលធ្វើឲ្យមានកាន់តែគម្លាតឡើងនោះ អាហ្នឹងយើងមិនអាចទស្សន៍ទាយត្រូវទេ នូវចរន្តគេហៅថា ចលនាបដិវត្តន៍ប្រជាជន»។
តើអ្នកមាន ឧកញ៉ាទាំងឡាយ មានកាតព្វកិច្ចយ៉ាងណា ដើម្បីរួមចំណែកបញ្ចៀសសង្គ្រាមវណ្ណៈកុំឲ្យកើតឡើងដូចការព្រមានរបស់លោកនាយករដ្ឋមន្ត្រី?
បើតាមសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោករស់ រ៉ាវុធ យល់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ កម្ពុជាមិនអាចមានសង្គ្រាមវណ្ណៈកើតឡើងទេ ព្រោះមានឧកញ៉ាមួយចំនួនបានយកចិត្តទុកដាក់ជួយអ្នកក្រ ផ្ដល់ឱកាសឲ្យអ្នកក្របានទៅសិក្សា និងដកពិសោធន៍ពីការងាររបស់ពួកគេផងដែរ។ លោកថា បើអ្នកមាន ឧកញ៉ា យកចិត្តទុកដាក់ជាមួយអ្នកក្រ និងយុវជនឲ្យបានច្រើន តាមរយៈការបង្កើតការងារធ្វើជាដើមនោះ វានឹងមិនមានបញ្ហាសង្គ្រាមវណ្ណៈកើតឡើងឡើយ។
លោកសាស្ត្រាចារ្យរស់ រ៉ាវុធ មានប្រសាសន៍ថា «ឧកញ៉ារបស់យើងគួរតែបង្កើតគំនិតច្នៃប្រឌិត បង្កើតគំនិតច្នៃប្រឌិត ហើយយកកសិករ ឬក៏យកយុវជនយើងដែលអត់មានការងារធ្វើនេះ ទៅធ្វើការនៅកសិដ្ឋានរបស់ខ្លួន ឬក៏ធ្វើនៅរោងចក្ររបស់ខ្លួន នេះជាការរំលែកការងាររបស់រដ្ឋាភិបាលក្នុងបន្ទុកមួយហើយ»។
ប៉ុន្តែនៅពេលសួរថា ករណីអ្នកមាន ឧកញ៉ាមួយចំនួនបានប្រើអំណាចទឹកលុយ ដណ្ដើមយកដីធ្លីប្រជាពលរដ្ឋ ឬក៏វាតយកធនធានធម្មជាតិតែឯង មិនឲ្យអ្នកក្រអាចអាស្រ័យផលរកទទួលទានបាន តើនឹងទៅជាយ៉ាងណា លោករស់ រ៉ាវុធ បានចាត់ទុកអ្នកមាន ឧកញ៉ា ប្រភេទនោះថាជាសាច់ស្អុយ ដែលរដ្ឋាភិបាលត្រូវតែកាត់ចោល ព្រោះវាធ្វើឲ្យខូចកិត្តិយសរដ្ឋាភិបាលផង ធ្វើឲ្យមានទំនាស់វណ្ណៈផង ។
ចំណែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកកែម ឡី យល់ថា ការបណ្ដែតបណ្ដោយឲ្យអ្នកមាន ឧកញ៉ា ជិះជាន់សង្កត់សង្កិនអ្នកក្រីក្រ ជាមូលហេតុនាំឲ្យមានសង្គ្រាមវណ្ណៈ «តាមពិតគាត់ទេកំពុងតែបង្កើតឲ្យមានវណ្ណៈ ។ ហេតុអី? ពីព្រោះក្រុមហ៊ុនឧកញ៉ាមួយចំនួន គាត់លើកតម្កើង ជប់លៀង គាំទ្រ ដែលបណ្ដោយឲ្យក្រុមហ៊ុនខិលខូចមួយចំនួនហ្នឹង គាបសង្កត់អ្នកក្រីក្រ អ្នកវេទនាហ្នឹងហើយ ដែលធ្វើឲ្យមានកំហឹងវណ្ណៈ ។ គាត់កំពុងបង្កើតឲ្យមាន គាត់កំពុងបើកចំហឲ្យមានរបៀបហ្នឹង»។
ចំពោះករណីថាតើអ្នកមាន ឧកញ៉ា គួរសម្របខ្លួនបែបណា ដើម្បីបញ្ចៀសសង្គ្រាមវណ្ណៈនោះ លោកកែម ឡី យល់ថា មិនចាំបាច់ឲ្យមានការសម្របខ្លួនពីភាគីណាមួយទេ ប៉ុន្តែលោកថា ជារឿងសំខាន់ គឺត្រូវរៀបចំតុលាការឲ្យមានយុត្តិធម៌ ហើយមន្ត្រីសាធារណៈត្រូវតែឯករាជ្យ មិនពាក់ព័ន្ធនឹងនយោបាយ។
ផ្អែកតាមអ្នកវិភាគខាងលើឃើញថា គេអាចបញ្ចៀសសង្គ្រាមវណ្ណៈបាន ដោយទី១ អ្នកមាន ឧកញ៉ា ត្រូវយកចិត្តទុកដាក់ជាមួយអ្នកក្រ និងយុវជនឲ្យបានច្រើន ដោយការបង្កើតការងារឲ្យពួកគាត់ធ្វើ ទី២ រដ្ឋាភិបាលត្រូវហ៊ានកាត់សាច់ស្អុយ គឺធ្វើទោសទណ្ឌចំពោះអ្នកមាន ឬឧកញ៉ា ដែលរំលោភជិះជាន់កេងប្រវ័ញ្ចពីអ្នកក្រ និងទី៣ ត្រូវរៀបចំឲ្យមានតុលាការយុត្តិធម៌ ហើយមន្ត្រីរាជការត្រូវតែឯករាជ្យ៕