en     km
en     km

យុវតីមួយចំនួនជ្រើសរើសការហាត់ប្រាណតាមបទចម្រៀងដើម្បីបំបាត់ភាពស្មុគ្រស្មាញ(មានសំឡេង)

Share

ភ្នំពេញ្៖ការហាត់ប្រាណមានច្រើនបែបច្រើនយ៉ាង  អ្នកខ្លះ​បានជ្រើសរើសយកការហាត់ប្រាណដោយ ការហែលទឹក ជិះកង់  រត់ ឬលោតអន្ទាក់។ រីឯអ្នកខ្លះទៀតក៏ចូលចិត្តហាត់ប្រាណដោយការធ្វើចលនាជាមួយនិងឧបករណ៍ហាត់ប្រាណ។ ដោយឡែកអ្នកខ្លះទៀតក៏ចូលចិត្តហាត់ប្រាណទៅតាមចង្វាក់ភ្លេង ឬបទចម្រៀងញាក់។ ការហាត់ប្រាណទាំងនេះ  កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពិសេសយុវតី។

មូលហេតុអ្វីបានជាយុវតីមួយចំនួននិយមចូលចិត្តការហាត់ប្រាណដើម្បីបំបាត់ភាពស្មុគ្រស្មាញតាមរយៈការរាំទៅវិញ? ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយ កញ្ញា ជាតា ដូចតទៅ៖

ដើម្បីបំបាត់ភាពស្មុគ្រស្មាញ និងធ្វើអោយខួរក្បាលជ្រះស្រឡះពីភាពហត់នឿយ គេសង្កេតឃើញនៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ មានយុវជន​ និងយុវតីមួយចំនួនបានមកហាត់ប្រាណនៅមុខសួរច្បារវត្តបុទុមវត្តី។

ការហាត់ប្រាណរបស់ពួកគេ គឺ មានអមទៅដោយបទចម្រៀង និងចង្វាក់ភ្លេង។ បទចម្រៀងដែលក្រុមយុវជនរាំលេងដើម្បីការហាត់ប្រាណនេះ ហាក់មានភាពញាក់ក​ន្ត្រា​ក់អារម្មណ៍ជាខ្លាំងធ្វើអោយអ្នកដំណើរដែលឆ្លងកាត់ទីនោះ ត្រូវចោលកន្ទុយផ្នែកមួយសន្ទុះសិន។

យុវតីម្នាក់ឈ្មោះ ចម្រើនដែលមើលទៅដូចជាសកម្មជាងគេបន្តិច។ ច​ម្រើននាងនិយាយថា ការដែលនាងមកហាត់ប្រាណដូចនេះ គឺ ជួយអោយនាងបំបាត់ភាពស្មុគស្មាញបានច្រើន។

កញ្ញា ចម្រើន ៖ «និយាយទៅពេលមានអារម្មណ៍ថាស្រ្ដេស ឬកើតទុក្ខ ដឹងថា ចង់មករាំ ឬក៏មកមើល   គេរាំ ព្រោះអី វាជួយអោយយើងអត់មានអារម្មណ៍ថាស្រ្ដេស មួយទៀតបានហាត់ប្រាណទៀត និងជួយសម្រួលសរសៃ »។

និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចរូបនេះ បាននិយាយថា នាងមកហាត់ប្រាណនៅទីនេះយូរម្ដងៗ ពិសេស គឺនៅពេលទំនេរពីការសិក្សានៅថ្ងៃចុងសប្ដាហ៍។

ទៅជួបជាមួយនិងយុវតីមួយរូបទៀតដែលនៅក្បែរនោះ តែនាងមើលទៅដូចជាអឹមអៀនបន្ថិច។ ប៉ុន្ដែ​នាងប្រាប់ថា នាងចូលចិត្តការហាត់ប្រាណតាមចង្វាក់ភ្លេងបែបនេះដែរ។

ធានិត ៖«នៅពេលបានមើលគេរាំ ខ្ញុំមានអារម្មណ៍ថា បានធូរស្បើយពីកាលឈឺក្បាលបានច្រើន »

ធានិតជាក្មេងស្រីម្នាក់ដែលកំពុងរៀននៅថ្នាក់ទី១០ នៃសាលាមួយនៅរាជធានីភ្នំពេញ ។

តាមការលើកឡើងរប​ស់ធានិត ការយកពេលទំនេរមកហាត់ប្រាណដើម្បីសុខភាព គឺគ្រាន់បើជាងទៅសេពគ្រឿងញៀនដែលជាអំពើមួយមិនគួរគាប់នោះទេ។

មិនថា យុវតីរូបនេះទេ ដែលចាប់អារម្មណ៍ទៅលើការហាត់បា្រណតាមចង្វាក់ភ្លៀង គឺសូម្បីតែនារីម្នាក់ទៀតក៏នាងចាប់អារម្មណ៍ទៅលើការរាំតាមចង្វាក់ភ្លេងផងដែរ ។ នាងដាក់ឈ្មោះខ្លួនឯង ថា ជ្រូកព្រៃ។

«ខ្ញុំមកនេះ គឺខ្ញុំក៏ចង់រាំ ព្រោះខ្ញុំគិតថា ការដែលរាំនេះវាជាលំហាត់ប្រាណមួយហើយធ្វើអោយរាងស្អាត »

យ៉ាងណានាងក៏បានលើកឡើងដែរថា ត្បិតតែនាងចូលចិត្តរាំតាមចង្វាក់ភ្លេង ដែលភាគច្រើនជាចង្វាក់ញាក់ តែនាងក៏ចូលចិត្តនិងស្រឡាញ់សិល្បៈបុរាណរបស់ខ្មែរផងដែរ គឺដល់ថ្នាក់មានពេលខ្លះនាងលើកយកចម្រៀងបុរាណមកសម្ដែង និងរាំបង្ហោះតាមហ្វេសប៊ុកដើម្បីចូលរួមអភិរក្សប្រពៃណី និងវប្បធម៌ខ្មែរ។

កញ្ញារូបនេះបាននិយាយបន្ដថា ការរាំតាមចង្វាក់ភ្លេងបានក្លាយជាលំហាត់ប្រាណដ៏សំខាន់មួយ បានជួយអោយយើងបំបាត់ភាពស្មុគ្រស្មាញ ឬធ្វើអោយមានរាងស្អាត និងសុខភាពល្អ។ ប៉ុន្ដែក៏មិនត្រូវបំភ្លេចសិល្បៈបុរាណរបស់ខ្មែរផងដែរ។

«ខ្ញុំសូមសំនូមពរថា ការចូលចិត្តរាំចង្វាក់បទញាក់ៗក៏វាជាការចូលចិត្តរបស់អ្នក តែកុំភ្លេចវប្បធម៌របស់យើង កុំភ្លេចប្រទេសជាតិយើង ព្រោះយើងជាកូនខ្មែរទាំងអស់គ្នា។ ចឹងកាលណាដែលឃើញពីណាដែលធ្វើទាក់ទងនិងវប្បធម៌ យើងត្រូវតែលើកស្ទួយ ចាប់ផ្ដើមពីយើងទាំងអស់គ្នា ដើម្បីប្រទេសយើងរីកចម្រើន»

ការហាត់ប្រាណដែលមានអមដោយចង្វាក់ភ្លេងនេះ គឺមានការពេញនិយមជាច្រើនពីមជ្ឈដ្ឋានទូទៅ មិនថាតែយុវវ័យនោះទេ។ ព្រោះការហាត់ប្រាណតាមរយៈបទចម្រៀង គឺជួយអោយពួកគេបំបាត់ភាពស្មុគស្មាញ និងមានសុខភាពល្អ។ ដូចនេះ ទើបបានជាមនុស្សភាគច្រើនជ្រើសរើសយកការហាត់ប្រាណនៅពេល ទំនេរពីការសិក្សា និងការងារ ដើម្បីសុខភាពរ​បស់ពួកគេ។ ប៉ុន្តែអ្វីដែលនាំអោយមានការចាប់អារម្មណ៍ឃើញថា ស្ត្រីមេផ្ទះក្ដី ឬ យុវតីគឺ​ច្រើនឡើងៗនិយមការហាត់ប្រាណនៅតាមទីសាធារណៈ​ដោយការចាក់ចង្វាក់ភ្លេងក​ន្ត្រា​ក់ញាក់គួរអោយទាក់ទាញហើយការហាត់ប្រាណនេះក៏នាំអោយមានអត់ឱននឹងគ្នាដែរ ៕

 

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង