en     km
en     km

​រន្ទះបាញ់​សម្លាប់​មនុស្ស​២​នាក់​ និង​ខ្យល់​កន្ត្រាក់​រំលំ​ផ្ទះ​ ប៉ើង​ដំបូល​ ៧ ​ខ្នង​

Share

​ភ្នំពេញ​៖​ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​កក់ខែ​នៅ​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​បណ្តាល​ឲ្យ​រលំ​​ ​និង​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងតិច​៧​ខ្នង​ ស្ថិត​ក្នុងស្រុក​មួយ​នៃ​ខេត្ត​សៀម​ និង​ រន្ទះបាញ់​សម្លាប់​មនុស្ស​ ២​ នាក់​ ស្ថិត​នៅ​ខេត្តបាត់ដំបង​។​

    រន្ទះបាញ់បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅខេត្តបាត់ដំបង នៅថ្ងៃទី ២២ ខែ មេសា ឆ្នំា ២០១៨។

​យ៉ាងតិច​ផ្ទះ​ប្រជាពលរដ្ឋ​ ២​ ខ្នង​ដួល​រលំ​ និង​ ៥​ ខ្នង​ របើក​ដំបូលផ្ទះ​ ដោយ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួសស្រាល​រលាត​ដៃជើង​ ស្ថិត​នៅ​ស្រុក​ជីក្រែង​ ខេត្ត​ សៀមរាប​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មេ​សា​នេះ​។ ​នេះ​បើ​តាម​ លោក​ កែវ​ វី​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​

​តាម​លោក​កែវ​ វី​ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ ​និង ​ភ្លៀង​កក់ខែ​បាន​ធ្វើ​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ៣៦៧​ ខ្នង​រង​ផល​ប៉ះពាល់​របើក​ដំបូល​ និង ​ដួល​រលំ​ កាលពី​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ ។​

ផ្ទះប្រជាពលរដ្ឋរលំដោយសារខ្យល់កន្រ្តាក់នៅខេត្តសៀម នៅថ្ងៃទី ២២ ខែ មេសានេះ។

​លោក​ កែវ​ វី​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ ​(​ថ្ងៃ​ទី​ ២២​ មេ​សា​) ​មាន​ករណី​រន្ទះបាញ់​បង្ក​ឲ្យ​យុវជន​ឈ្មោះ​ តិ​ញ​ តុលា​ អាយុ​ ២១​ ឆ្នាំ​ ស្លាប់​ នៅ​ពេល​ដើរ​ចេញ​ទៅ​ក្រៅ​ពេល​មេឃ​កំពុង​ភ្លៀង​ ។​ ករណី​រន្ទះបាញ់​នេះ​ បាន​កើតឡើង​នៅ​ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។

​ចំណែក​ រន្ទះបាញ់​មួយ​ករណី​ទៀត​បណ្តាល​បុរស​វ័យ​ ៥៤​ ឆ្នាំ​ ម្នាក់​ ឈ្មោះ​ ខ្មែ​ត​ សា​វេ​ត​ ស្លាប់​ភ្លាមៗ​ នៅ​ពេល​គាត់​ជិះ​ម៉ូតូ​ទៅ​ស្រែ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ ស្ថិត​នៅ​ក្នុងស្រុក​សង្កែ​ ខេត្តបាត់ដំបង​។

​លោក​ កែវ​ វី​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ អះអាង​ថា​ ចាប់តាំងពី​ដើមឆ្នាំ​ ២០១៨​នេះ​ យ៉ាងតិច​មនុស្ស​ស្លាប់​ ១៦​ នាក់​ ដោយសាររន្ទះបាញ់​។​ ក្នុង​នោះ​មាន​ស្ត្រី​ ៤​ នាក់​ ហើយ​របួស​មនុស្ស​ ៩​ នាក់​ និង​ គោក្របី​ងាប់​ ៨​ ក្បាល​។

​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​រយៈពេល​ ៣​ ខែ​ដើមឆ្នាំ​ ២០១៨​នេះ​ ខ្យល់ព្យុះ​ ខ្យល់​ក​ន្ក្រា​ក់​ដែល​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ និង​អគារ​ផ្សេងៗ​ មាន​ចំនួន​តិច​ជាង​ឆ្នាំ​២០១៧​ ពោល​គឺ​ខ្យល់ព្យុះ​ និង​ខ្យល់​ក​ន្ក្រា​ក់បាន​កើតឡើង​ចំនួន​ ២០ ​លើក​ ក្នុង​នោះ​ នៅ​រាជធានី​និង​ ខេត្ដ​ ចំនួន​ ០៨​។​ គ្រោះ​ធម្មជាតិ​បង្ក​ឲ្យ​ខូចខាត​ និង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ ៩៧​ ខ្នង​ ខូចខាត​មធ្យម​ និង​របើក​ដំបូល​ ២០១​ ខ្នង​។ របើក​ដំបូល​សាលារៀន​ ៥ ​អគារ​ និង​បង្ក​ឲ្យ​មនុស្ស​ ០២​នាក់​រង​របួស​។

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ នៅថ្ងៃចន្ទនេះ បាន​ចេញ​សេចក្តីជូនដំណឹង ​អំពី​បញ្ហា​អាកាសធាតុ​ថា​ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ស្ទើរ​ទូ​ទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​ ២៣​ ខែមេសា​ ឆ្នាំ​ ២០១៨​ រហូត​ដល់​ថ្ងៃ​ទី​ ២​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​។

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​កើត​មាន​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ លោក​ កែវ​ វី​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​បើក​វិទ្យុ​ ទូរទស្សន៍​ និង​ទូរស័ព្ទដៃ​នៅ​ពេល​មេឃ​កំពុង​ភ្លៀង​ ហើយ​មិន​គួរ​ជ្រក​ភ្លៀង​ក្រោម​ដើមឈើ​ ឬ​ បើ​ជ្រក​ភ្លៀង​ក្រោមដើម​ឈើ​គួរ​ឈរ​ឲ្យ​ឆ្ងាយ​ពី​គល់ឈើ​យ៉ាងតិចបី​ម៉ែត្រ​៕

Share

ព័ត៌មានទាក់ទង

Image