ភ្នំពេញ៖ ក្រុមស្រាវជ្រាវអំពីការទប់ស្កាត់អំពើហិង្សាផ្លូវភេទនៅកម្ពុជានៃសកលវិទ្យាល័យ Monash University ឈ្នះជ័យលាភីរង្វាន់ប្រាក់ជិត ១ សែន ដុល្លារអាមេរិកពីធនាគារពិភព លោក(World Bank) និងពីកម្មវិធីស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទ(Sexual Violence Research Initiative) កាលពីថ្មីៗនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកផ្សព្វផ្សាយនៅថ្ងៃទី ២០ ខែ មេសានេះ ឲ្យដឹងថា ធនាគារពិភពលោក និងកម្មវិធីស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទបានផ្តល់ប្រាក់រង្វាន់ទឹកប្រាក់ចំនួន ៩៩.៩០០ ដុល្លារអាមេរិកដល់សកលវិទ្យាល័យ Monash University នៅប្រទេសអូស្ត្រាលី ក្នុងសិក្សាស្រាវជ្រាវរកដំណោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឆ្នាំ ២០១៨។
សេចក្តីប្រកាសព័ត៌មានប្រកាសថា រង្វាន់នេះផ្នែកមួយនៃកម្មវិធី«ការអភិវឌ្ឍទីផ្សារឱ្យមាន នវានុវត្តភាព ដើម្បីដោះស្រាយអំពើហិង្សា» ដើម្បីជួយអង្គការសម្ព័ន្ធសុខភាពកុមារនិងសុខភាពបន្តពូជដែលមានមូលដ្ឋាននៅកម្ពុជា។
ក្រុមស្រាវជ្រាវអំពីការទប់ស្កាត់អំពើហិង្សាផ្លូវភេទនៅកម្ពុជានៃសកលវិទ្យាល័យ Monash University ស្រាវជ្រាវអំពីអានុភាពផ្នែកវប្បធម៌ដែលជាដើមចមនាំឱ្យកើតមានអំពើហិង្សាទាក់ទងនឹងយ៉េនឌ័រ និងធ្វើពិសោធន៍ចំពោះកិច្ចអន្តរាគមន៍ពីព្រះសង្ឃ និងយាយជី អាចរួមសហការកម្រិតណាក្នុងការទប់ស្កាត់អំពើហិង្សាលើផ្លូវភេទ។
ក្រុមសិក្សាជ្រាវនេះក៏នឹងពិសោធន៍ថាតើ ស្ត្រី បុរស ហើយ ក្មេងស្រី និងក្មេងស្រី បង្ហាញតឹកតាងវប្បធម៌ជាសំអាងបែបណាខ្លះ ដើម្បីយល់ដឹកអំពើហិង្សាទាក់ទងនឹងយ៉េនឌ័រដែលពួកគេធ្លាប់ជួបប្រទះ និងទទួលរង។
ជាមួយគ្នានេះ ក្រុមស្រាវជ្រាវអំពីការទប់ស្កាត់អំពើហិង្សាផ្លូវភេទនៅកម្ពុជា នឹងចងក្រងឯកសារអំពីមូលហេតុអ្វីបានជាជនល្មើស និងជនរងគ្រោះរួចផុតពីអំពើហិង្សាងាកទៅរកព្រះសង្ឃនិងយាយជីឲ្យជួយពួកគេ ហើយពូកគេផ្លាស់ប្តូរអរិយាបថបែបណាចំពោះស្ត្រីនិងក្មេងស្រី។
យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់លើកកម្ពស់សមភាពយ៉េនឌ័រប្រចាំកម្ពុជា (UN Women) រកឃើញថា យ៉ាងតិចស្ត្រីម្នាក់ក្នុងចំណោម៥នាក់ក្លាយជាជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយ៉េបឌ័រ ហើយជាងពាក់កណ្តាលនៃចំនួនកុមារសរុបរងនូវអំពើហិង្សាលើរាងកាយក្នុងទម្រងណាមួយពីឳពុកម្តាយ សាច់ញាតិ ឬសមាជិកក្នុងសហគមន៍របស់ពួកគេ។
ធនាគារពិភពលោករកឃើញថា អំពើហិង្សាទាក់ទងនឹងយ៉េនឌ័រអាចធ្វើឱ្យខាតបង់ផ្នែកសេដ្ឋកិច្ចរហូតដល់៣.៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយសារផលិតភាពផ្នែក សេដ្ឋកិច្ចបាត់បង់នៃជនរងគ្រោះអំពើហិង្សា៕