(ភ្នំពេញ)៖ ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈ (Yoga Day) ដោយការសម្ដែងសិល្បវប្បធម៌ដ៏ធំនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។ នេះបើតាមការ ពីលោកស្រី ម៉ានីកា ចេន ឯកអគ្គរដ្ឋទូតឥណ្ឌា ក្នុងជំនួបជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃម្សិលមិញ។
ក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២០ ខែមេសានេះ លោកស្រី ម៉ានីកា ចេន បញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍លំហាត់ប្រាណតាមបែប«យោគៈ»ដែលនឹងរៀបចំនៅខែមិថុនាឆ្នាំ២០១៨ និងការសម្ដែងសិល្បវប្បធម៌រួមគ្នាដ៏ធំមួយ នាថ្ងៃទី១០ ខែឧសភា គឺជាកិច្ចខិតខំបង្កើនកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរ ពិសេសគឺផ្តោតយ៉ាងសំខាន់លើការគៀងគរភ្ញៀវទេស ចរណ៍ផងដែរ។
ឆ្លើយតបក្នុងរឿងនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា របស់ភាគីឥណ្ឌានៅកម្ពុជា។
ជាមួយគ្នានេះដែរ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាបានបញ្ជាក់ថា ភាគីឥណ្ឌានឹងមានរៀបចំសិក្ខាសាលា ដើម្បីប្រមូលផ្ដុំវិនិយោគិនឥណ្ឌា ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ល្បីៗរបស់ឥណ្ឌា ធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក សំដៅជំរុញកំណើនទេសចរពីគ្នាទៅវិញទៅមក។
ជាការឆ្លើយតប លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ទីផ្សារទេសចរណ៍ឥណ្ឌាជាទីផ្សារធំ ដែលកម្ពុជាត្រូវតែយកចិត្តទុកដាក់ទាក់ទាញឲ្យមកទស្សនាឲ្យបានច្រើនថែមទៀត ព្រោះកម្ពុជាមិនអាចមើលរំលងទីផ្សារទេសចរណ៍ឥណ្ឌានេះបានទេ។
ក្រៅពីនេះលោក ថោង ខុន បានស្វាគមន៍ចំពោះការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា និងសូមឲ្យភាគីឥណ្ឌាជួយជំរុញការងារឲ្យបានរហ័ស ខណៈភ្ញៀវទេសចរឥណ្ឌាដែលមកទស្សនាកម្ពុជាកំពុងមានការកើនឡើង ទោះបីមិនទាន់ច្រើនក្រាស់ក្រែលយ៉ាងណាក៏ដោយ៕