ភ្នំពេញ ៖ សមត្ថកិច្ចខេត្ដព្រៃវែង បានឃាត់ខ្លួនជនសង្ស័យ ករណីរំលោភហើយសម្លាប់ កុមារីអាយុ ០៥ឆ្នាំ ស្ថិតក្នុងស្រុកព្រះស្ដេច កាលពីរសៀលថ្ងៃទី១៨ ខែមេសា ម្សិលមិញ។ ករណីនេះ អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា សម្ដែងការសាទរ ប៉ុន្ដែសំណូមពរឲ្យរឹងបន្ដឹងអនុវត្ដន៍ច្បាប់ បញ្ឈប់ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដើម្បីជាការព្រមានដល់ជនដទៃទៀត។
លោក លៀ ស៊ីណា រាយការណ៍ ៖
ជនសង្ស័យម្នាក់នេះមានឈ្មោះថា ពេជ ពិសី អាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិ សទ្ធា ឃុំ រំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង។ ក្រោយឃាត់ខ្លួន ជនសង្ស័យរូបនេះ បានឆ្លើយសារភាព ថា ខ្លួនពិតជាបានចាប់រំលោភ និងសម្លាប់ កុមារី ចាន់ ស្រីជេត ហើយយកទៅបោះចោលក្នុងទឹកស្រះពិតមែន។ នេះបើយោងតាមការឲ្យដឹងពីលោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងខេត្ដព្រៃវែង ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៩ ខែមេសានេះ។
យោងតាមចម្លើយសារភាពជនសង្ស័យ ពេជ ពិសី មុនឈានដល់ការចាប់រំលោភកុមារីរងគ្រោះ បុរសរូបនេះ ក៏ធ្លាប់បានចាប់រំលោភបងស្រីបង្កើតរបស់កុមារីរងគ្រោះម្ដងរួចមកហើយដែរ កាលពីឆ្នាំ២០១៧។ ក៏ប៉ុន្ដែព័ត៌មាននេះ ត្រូវបានវេចខ្ចប់ដោយគ្រួសារទាំងសងខាង ដោយស្រុះស្រួលគ្នាក្រៅប្រព័ន្ធច្បាប់។
លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ៖«បាទ ហ្នឹងបើតាមការបំភ្លឺរបស់ក្មេងស្រី ដែលត្រូវជាបងស្រី របស់ក្មេងស្រីដែលរងគ្រោះ ស្លាប់ហ្នឹងគាត់បាននិយាយអញ្ចឹង ក៏ដូចជាលោកឪពុករបស់ក្មេងស្រីរងគ្រោះគាត់បាននិយាបំភ្លឺថាអញ្ចឹង»។
ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី១៩ ខែមេសានេះ ឬក៏ថ្ងៃស្អែក ប្រសិនបើសំណុំឯកសារត្រូវបានបំពេញចប់សព្វគ្រប់។ យ៉ាងណាលោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី សំណូមពរដល់អាណាព្យាបាលគ្រប់រូប កុំបណ្ដោយឲ្យកូនស្រីរបស់ខ្លួននៅដាច់ឆ្ងាយពីភ្នែក ហើយមិនត្រូវទុកចិត្ដអ្នកដទៃពេកទេ។ ជាងនេះលោកស្នើឲ្យឪពុកម្ដាយ ផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានករណីរំលោភកើតឡើង គឺមិនត្រូវលួចសម្របសម្រួលគ្នានៅក្រៅប្រព័ន្ធច្បាប់ឡើយ។
បន្ថែមលើនេះឧត្ដមសេនីយ៍ត្រី ពៅ ជីវី អះអាងថា ក្នុងនាមជាអាជ្ញាធរ នឹងចុះអប់រំផ្សព្វផ្សាយបន្ថែមទៀតពីការបង្ការ ករណីរំលោភ និងអំពើហិង្សាក្នុងគ្រួសារ ដើម្បីឲ្យពលរដ្ឋបានយល់ និងមានការប្រុងប្រយ័ត្នឲ្យបានល្អប្រសើរជាងនេះ។
លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ៖«បច្ចុប្បន្នក៏ដូចជានៅពេលខាងមុខ ទាំងសមត្ថកិច្ច ទាំងអាជ្ញធរកំពុង ចុះផ្សព្វផ្សាយទៅតាមមូលដ្ឋាន បានធ្វើរួចហើយអំពីការផ្សព្វផ្សាយហ្នឹងទៅដល់បណ្ដាភូមិឃុំ ដែលអាចនឹងងាយរងគ្រោះបានធ្វើហើយ។ នៅពេលខាងមុខក៏នឹងខិតខំបន្ថែមនៅអំពីបញ្ហាការខិតខំផ្សព្វផ្សាយហ្នឹង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងមានការយល់បានច្បាស់ អំពីបញ្ហាដែលយើងគួរតែប្រុងប្រយ័ត្នទាំងអស់គ្នា»។
ពាក់ព័ន្ធករណីនេះលោក អំ សំអាត មន្ដ្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការ លីកាដូ សាទរចំពោះការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការតាមចាប់ជនល្មើស ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ តែយ៉ាងណាលោក មើលឃើញកត្ដាមួយចំនួន ដែលនាំឲ្យមនុស្សហ៊ានប្រព្រឹត្ដទង្វើ ដែលអសីលធម៌ និងសង្គមស្អប់ខ្ពើមដូចនេះ។ កត្ដាទាំងនោះរួមមាន ការប្រើប្រាស់គឿងញៀន គ្រឿងស្រវឹង ការមើលរូប កាមើលវិដេអូ អាសអាភាស ការអនុវត្ដច្បាប់របស់អាជ្ញាធរនៅមានភាពធូរលុងចំពោះជនល្មើស ឬការទទួលសំណូកដើម្បីបញ្ចប់សំណុំរឿង និងកត្ដាសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាដើម។
លោក អំ សំអាត សង្កត់ធ្ងន់ថា កត្ដាទាំងអស់នេះ គឺជាចំណែករួមផ្សំយ៉ាងសំខាន់ ដែលនាំឲ្យមនុស្សទុច្ចរិតមួយចំនួន ហ៊ានប្រព្រឹត្ដការចាប់រំលោភ ហើយឈានដល់ការសម្លាប់យ៉ាងព្រៃផ្សៃដូច្នេះ។ លោកបន្ដថា អំពើរំលោភសេពសន្ថវៈនាពេលបច្ចុប្បន្ននេះ បានបង្ហាញរូបភាពកាន់តែអាក្រក់ និងសាហាវ ដែលជារឿងគួរឲ្យព្រួយបារម្ភណាស់សម្រាប់ក្មេងស្រី។
លោក អំ សំអាត៖«ការរំលោភសេពសន្ថវៈនេះ វាកាន់តែអាក្រក់ទៅ សាហាវទៅៗ ដែលយើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងក្លាផងដែរ ហើយអ្វីដែលសំខាន់គឺឪពុកម្ដាយទាំងឡាយ គាត់មានការធ្វេសប្រហែស ក្នុងការឲ្យកូននៅម្នាក់ឯង ឬក៏ទៅណាមកណាតែម្នាក់ឯង នេះគឺជាឱកាស សម្រាប់ជនល្មើសក្នុងការប្រព្រឹត្ដនៅបទរំលោភសេពសន្ថវៈនេះផងដែរ»។
មន្ដ្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការ លីកាដូ សំណូមពរឲ្យអាជ្ញាធរអនុវត្ដច្បាប់ឲ្យបានតឹងរ៉ឹង បញ្ឈប់ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាបន្ដទៀត ដោយត្រូវនាំជនល្មើសនោះយកទៅផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីជាការព្រមានដល់ជនដទៃទៀត។
សូមជម្រាបថា កុមារីរងគ្រោះមានឈ្មោះថា ចាន់ ស្រីជេត អាយុ ០៥ឆ្នាំ រស់នៅក្នុងភូមិ សទ្ធា ឃុំ រំចេក ស្រុកព្រះស្ដេចខេត្ដព្រៃវែង ត្រូវបានជនសង្ស័យឈ្មោះ ពេជ ពិសី អាយុ ២៥ឆ្នាំ ចាប់រំលោភទាំងកណ្ដាលថ្ងៃត្រង់ នៅក្នុងចេតិយ៍ វត្ដ សទ្ធា ឬហៅថា វត្ដសទ្ធោ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។ បន្ទាប់មកជនសង្ស័យរូបនេះ ក៏បានសម្លាប់កុមារីរងគ្រោះ ហើយក៏យកទៅបោះចូលក្នុងទឹកស្រះក្នុងវត្ដ។ ជនសង្ស័យរូបនេះ នឹងត្រូវប្ដឹងពីបទរំលោភហើយសម្លាប់៕