ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ ទទួលបានកំណើនចរាចរហោះហើរយ៉ាងខ្លាំងដោយសារការពង្រីកជើងហោះហើរដោយក្រុមហ៊ុនថ្មីមួយចំនួន និង កំណើនអ្នកដំណើរជនជាតិចិនមកកម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន VINCI AIRPORTS ចេញផ្សាយកាលពីថ្ងៃទី ១២ មេសានេះថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ មានកំណើនចរាចរយ៉ាងខ្លាំងដោយទទួលស្វាគមន៍អ្នកដំណើរចំនួន ៣ លាននាក់ ដោយកើនឡើង ២៦.១ ភាគរយ ក្នុងរយៈពេល ៣ ខែដំបូងឆ្នាំ២០១៨នេះ។
ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានទទួលអ្នកដំណើរ ១.៤ លាននាក់ ដោយកើនឡើង ៣៤.៥ ភាគរយ។
ចំណែកឯ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលស្វាគមន៍អ្នកដំណើរកើនឡើង ១៧.៤ ភាគរយ ដោយសារកំណើនអ្នកដំណើរមកពីប្រទេសចិន និង ទីផ្សារក្នុងស្រុកគឺជាកត្តាចម្បងជំរុញកំណើននេះ។
សេចក្តីប្រកាសនេះបញ្ជាក់ថា ការកើនឡើងអ្នកដំណើរតាមផ្លូវអាកាសដោយសារការពង្រីកជើងហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយចំនួន ដូចជា ក្រុមហ៊ុន Malindo ក្រុមហ៊ុន Vietjet និង ក្រុមហ៊ុន Shenzhen Airlines និងការកើនឡើងនៃក្រុមហ៊ុនអាកាសចរណ៍ចិនក៏ជាចលករដ៏សំខាន់ជំរុញកំណើនអ្នកដំណើរនេះដែរ។ ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះរួមមាន ក្រុមហ៊ុន Spring ក្រុមហ៊ុន China Southern Airlines និង ក្រុមហ៊ុន Xiamen ។
ជាមួយគ្នានេះ ការបង្កើតក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដូចជា Singapore និង Bangkok ដោយក្រុមហ៊ុន JC Airlines and Lan Mei ក៏បានជំរុញកំណើនអ្នកដំណើរមកកម្ពុជាឆាប់រហ័សផងដែរ។
ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៨នេះ ការចរាចរណ៍ជើងហោះហើរប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ VINCI Airports មានការកើនឡើង ១១.៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧។ អ្នកដំណើរសរុប ៣៨.៦ លាននាក់នៅក្នុងចំណោមអាកាសយានដ្ឋានផ្តល់ប្រតិបត្តិការប្រចាំថ្ងៃនៅតាមព្រលានយន្តហោះចំនួន ៣៦ ក្នុងប្រទេសចំនួន ៧ និងទ្វីបចំនួន ៣៕