ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានសុំជំនួយឧបត្ថម្ភពីប្រទេស តួកគី ដើម្បីជំរុញសកម្មភាពបោសសំអាតគ្រាប់មីននៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។ ជាការឆ្លើយតបភាគីតួកគី នឹងចាត់បញ្ជូនគណៈប្រតិភូមកកាន់កម្ពុជានៅខែ ឧសភា ខាងមុខនេះ ដើម្បីសិក្សាពីលទ្ធភាពជួយដល់ប្រទេសកម្ពុជា។
នេះបើតាមការលើកឡើងរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបសម្ដែងការគួរសមរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកស្រី Ayda Ünlü ឯកអគ្គ រដ្ឋទូតតួកគី ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងនៅថ្ងៃទី ១៩ មេសានេះ។
លោក ប្រាក់ សុខុនបានប្រាប់ឯកអគ្គរដ្ឋទូតតួកគីថ្មីថា សកម្មភាពបោសគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះនៅកម្ពុជាមានសកម្មភាពយ៉ាងសស្រាក់សស្រាំគួរឱ្យកត់សម្គាល់។ តែយ៉ាងណាលោករដ្ឋមន្រ្តី ប្រាក់ សុខុន បន្តថា បញ្ហាមីននៅតែជាឧបសគ្គដ៏សំខាន់នៃគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវដោះស្រាយ ហើយជំនួយណាមួយពិមិត្តបរទេសក្នុងរឿងនេះ គឺជាចំណែកមួយដ៏សំខាន់សម្រាប់ជួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។
កាលពីខែធ្នូ ឆ្នាំ២០១៧ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ ទទួលបានជំនួយជាថវិកា ១លាន ២សែនដុល្លារ ដើម្បីបោសសំអាតមីនក្នុងខេត្តចំនួន ៣នៅកម្ពុជា ។ ជំនួយនេះតាមរយៈកម្មវិធីអភិវឌ្ឍន៏អង្គការសហប្រជាជាតិ(UNDP) ដែលដាក់ឱ្យដេញថ្លៃដោយអាជ្ញាធរមីនកម្ពុជា។
ថវិកាទំាងនេះស៊ីម៉ាក់នឹងប្រតិបត្តិការរំដោះផ្ទៃដីចំនួន ៧លាន ៥រយពាន់ (៧.៥០០.០០០) ម៉ែត្រការ៉េ។
ជាមួយគ្នានេះដែរខាងអាជ្ញាធរមីន និងUNDP បានសំរេចបន្ថែមថវិកាចំនួនប្រមាណ ៧៥ពាន់ដុល្លារ (៧៥០.០០០) លើគំរោងឆ្នំា២០១៧ នៅ២ខេត្ត គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលត្រូវបន្តរហូតដល់ខែមិថុនា ឆ្នំា២០១៨។ បើតាម ស៊ីម៉ាក់(CMAC) កម្ពុជាត្រូវការទឹកប្រាក់ប្រមាណ ៤៥៥លានដុល្លារអាមេរិក ដើម្បីសំអាតគ្រាប់មិនទាន់ផ្ទុះរហូតដល់ឆ្នាំ២០១៩៕