ភ្នំពេញ៖ ខ្យល់កន្ត្រាក់និងព្យុះភ្លៀងបង្កឲ្យរលំនិងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋជាង ៣០០ ខ្នងចាប់ពីថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ តែគ្រោះធម្មជាតិនេះមិនបណ្តាលមនុស្សរងរបួសនិងស្លាប់ទេ។
របាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា យ៉ាងតិចផ្ទះរបស់ប្រជាពលរដ្ឋជាង៣០០ខ្នងរងផលប៉ះពាល់របើកដំបូលផ្ទះនិងដួលរលំដោយសារខ្យល់កន្ត្រាក់បោកបក់ខ្លាំងដោយមានព្យុះភ្លៀងកើតឡើងចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែ មេសានេះ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា បើតាមរបាយការណ៍បឋម គ្រោះធម្មជាតិខ្យល់កន្ត្រាក់និងភ្លៀងកក់ខែបានធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋ ៣៦៧ ខ្នងរងផលប៉ះពាល់របើកដំបូលនិងដួលរលំ។
លោក កែវ វី អះអាងថា ករណីខ្យល់កន្ត្រាក់និងភ្លៀងកក់ខែបានធ្វើឲ្យប៉ះពាល់និងខូចខាតផ្ទះរបស់ប្រជាពលរដ្ឋនៅខេត្តចំនួនប្រាំបី។ រួមមានខេត្ត សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង រតនគិរី និង កំពង់ស្ពឺ។
លោកបញ្ជាក់ថា ខ្យល់កន្ត្រាក់បណ្តាលឲ្យផ្ទះរលំ២ខ្នងនិងប៉ើងដំបូល ៧ ខ្នងនៅស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី ១៥ ខែ មេសានេះ។
ដោយឡែកខេត្តបន្ទាយមានជ័យប៉ះបណ្តាលឲ្យរលំផ្ទះ ១៣ ខ្នង និង ប៉ើងដំបូល ៥៩ ខ្នង ខណដែលខេត្តព្រះវិហាររលំផ្ទះ ១០ ខ្នងនិងប៉ើងដំបូល ២១០ ខ្នង។ រីឯខេត្តព្រៃវែងរលំ ១ ខ្នង និងខេត្តស្វាយរៀងរលំ ៣ ខ្នងនិងប៉ើងដំបូលផ្ទះ២ខ្នង។ជាមួយគ្នានេះ ខេត្តពោសាត់រលំផ្ទះ៤ខ្នង និងប៉ើងដំបូល៨ខ្នង ហើយខេត្តកំពង់ស្ពឺប៉ើងដំបូល៣០ខ្នងផ្ទះ។
យោងតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានរយៈពេល ៣ ខែដើមឆ្នាំ ២០១៨នេះបញ្ជាក់ថា ខ្យល់ព្យុះ និងខ្យល់កន្ក្រាក់ដែលវាយប្រហារផ្ទះប្រជាពលរដ្ឋ និងអគារផ្សេងៗគឺមានចំនួនតិចជាងឆ្នាំ២០១៧។ពោលគឺខ្យល់ព្យុះ និងខ្យល់កន្ក្រាក់បានកើតឡើងចំនួន ២០លើក នៅក្នុងរាជធានី ខេត្ដ ចំនួន ០៨។ បង្កឲ្យខូចខាត និងរលំផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរ ៩៧ខ្នង ខូចខាតមធ្យម និងរបើកដំបូល ២០១ខ្នង របើកដំបូលសាលារៀន ៥អគារ និងបង្កឲ្យមនុស្ស ០២នាក់រងរបួស។
យោងតាមរបាយការណ៍នេះបង្ហាញថា ឥទ្ធិពលបាតុភូតធម្មជាតិ រន្ទះបាញ់ បានសម្លាប់មនុស្ស ០៩នាក់ មានស្ដ្រី ០៣នាក់ ហើយបង្កឲ្យមនុស្សរងរបួសចំនួន ០៩នាក់ និងងាប់គោក្របី ចំនួន ០៣ក្បាល៕