en     km
en     km

សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ រំលោភ​ហើយ​សម្លាប់​កុមារី​អាយុ​ ០៥​ឆ្នាំ​

Share

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​ខេត្ដព្រៃវែង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ ករណី​រំលោភ​ហើយ​សម្លាប់​កុមារី​អាយុ​ ០៥​ឆ្នាំ​ កាល​ពិ​ថ្ងៃ​ទី​១៧​ ខែមេសា​ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ហើយ​។​ សមត្ថកិច្ច​បញ្ជាក់​ថា​ នឹង​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​ ឲ្យ​បាន​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

កុមារីរងគ្រោះឈ្មោះ ចាន់ ស្រីជេត រស់នៅក្នុងភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង

 

​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម​ និង​ថ្កោលទោស​ខ្លាំង​បំផុត​មួយ​ បាន​កើតឡើង​ទៅ​លើ​កុមារី​ម្នាក់​អាយុ​ ០៥​ឆ្នាំ​ ត្រូវ​បាន​ជន​ដៃដល់​ចាប់រំលោភ​ហើយ​សម្លាប់​ ដោយ​បោះ​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​។​ កុមារី​ម្នាក់​នេះ​ មានឈ្មោះ​ ចាន់​ ស្រី​ជេ​ត​ រស់នៅ​ក្នុងភូមិ​សទ្ធា​ ឃុំ​រំចេក​ ស្រុក​ព្រះស្ដេច​ ខេត្ដព្រៃវែង​។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ពៅ​ ជីវី​ ស្នងការ​រង​ខេត្ដព្រៃវែង​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​១៨​ ខែមេសា​នេះ​ថា​ ហេតុការណ៍​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៤៖៣០​នាទី​ រសៀល​ ស្ថិត​នៅ​ក្នុង​វត្ដ​សទ្ធា​ ដែល​កុមារី​រង​គ្រោះ​ ត្រូវ​បាន​ចាប់រំលោភ​នៅ​ក្នុង​ចេតិយ​ ហើយ​សម្លាប់​បំបិទមាត់​ ដោយ​បោះ​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​នៅ​ក្នុង​វត្ដ​។​ ទ​ង្វើ​ដែល​មនុស្ស​គ្រប់​គ្នា​កំណត់​ថា​ ជា​អំពើ​អ​សីលធម៌​នេះ​ បាន​កើតឡើង​ខណៈ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ដ​នេះ​ កំពុង​ប្រារព្ធ​ពិធី​ស្រង់​ព្រះ​ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។​ យ៉ាងណា​លោក​សង្កត់ធ្ងន់​ថា​ ពេល​នេះ​ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ និង​តម្រុយ​ពី​ជន​ប្រព្រឹត្ដ​ក្នុង​ករណី​នេះ​បាន​ហើយ​។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ពៅ​ ជីវី​ ៖«​បាទ​ខាង​ខ្ញុំ​កំពុង​តែ​ស្វះស្វែង​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​ ឥឡូវ​យើង​មាន​តម្រុយ​ហើយ​ ប៉ុន្ដែ​ការងារ​តម្រុយ​នេះ​ខ្ញុំ​អត់​អាច​ជូន​ទៅ​បាន​ទេ​ ព្រោះ​ស្ថិត​នៅ​ក្នុង​អាថ៌​កំបាំង​ក្នុង​ការ​ស៊ើបអង្កេត​»​។​

​បញ្ហា​នេះ​បាន​ក្លាយជា​ក្ដី​បារម្ភ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្រុក​ ពិសេស​គឺ​ឪពុក​ម្ដាយ​ ដែល​មានកូន​ស្រី​។​ ត្រង់​ចំណុច​នេះ​ លោក​ឧត្ដមសេនីយ៍ត្រី​ ពៅ​ ជីវី​ បាន​បញ្ជាក់​ថា​ ក្នុង​នាម​ជា​អាជ្ញាធរ​ ក៏​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​មិន​ចាញ់​អាណាព្យាបាល​ទាំងនោះ​ប៉ុន្មាន​ទេ​។​ លោក​បន្ដ​ថា​ កន្លង​មក​អាជ្ញាធរ​បាន​ព្យាយាម​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ ដល់​ឪពុក​ម្ដាយ​ កុំ​បណ្ដោយ​កូន​របស់​ខ្លួន​នៅ​ជាមួយ​អ្នក​ផ្សេង​ ក្រៅពី​ការ​គ្រប់គ្រង​របស់​ខ្លួន​។​

​លោក​ឧត្ដមសេនីយ៍ត្រី​មើលឃើញ​ថា​ ដោយសារ​តែ​ភាព​ជឿន​លឿ​នៃ​បច្ចេកវិទ្យា​កាន់តែ​ខ្លាំង​ ការ​ប្រើប្រាស់​គ្រឿងញៀន​ រួម​ផ្សំ​និង​ការ​ធ្វេសប្រហែស​ពី​ឪពុក​ម្ដាយ​ បាន​ធ្វើ​ឲ្យ​ជនល្មើស​ហ៊ាន​ប្រព្រឹត្ដ​ទ​ង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​ដូចនេះ​។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ពៅ​ ជីវី​ ៖«​រឿង​ហ្នឹង​តាម​មើល​គឺ​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ ហើយ​ក៏​ដូច​ជា​ការ​ជឿនលឿន​នៃ​វិទ្យាសាស្ដ្រ​វា​ធ្វើ​ឲ្យ​ការ​ប្រែប្រួល​ក៏​ដូច​ជា​អ្វីៗ​ទាំងអស់​។​ ដូច​យើង​ដឹង​ថា​ ព័ត៌មានវិទ្យា​ទី​១​ វា​មាន​ផ្សាយ​ដូច​ជា​រូបភាព​អាសអាភាស​អី​អ​ញ្ចឹ​ង​ ទី​២​ វា​ប៉ះពាល់​ដោយ​ការ​ប្រើប្រាស់​គ្រឿងញៀន​អី​ផ្ដេសផ្ដាស់​អ​ញ្ចឹ​ង​ទៅ​ ហើយ​ទី​០៣​ គឺ​ដោយសារ​ការ​ធ្វេសប្រហែស​ពី​ឪពុក​ម្ដាយ​ក្នុង​ការ​ថែទាំ​»​។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ពៅ​ ជីវី​ ប្ដេជ្ញា​ថា​ នឹង​តាម​ចាប់​ជនល្មើស​រូប​នោះ​ឲ្យ​បាន​ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។​ ទន្ទឹម​ការ​ប្ដេជ្ញា​ចិត្ដ​នេះ​ លោក​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​មានការ​សហការ​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ឲ្យ​បាន​ច្រើន​ តាម​អ្វី​ដែល​ខ្លួន​ដឹង​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់​ជនល្មើស​ និង​បង្ក្រាប​សកម្មភាព​អ​សីលធម៌​ដូចនេះ​៕​

Share

ព័ត៌មានទាក់ទង

Image