en     km
en     km

អង្គការអភិរក្សសត្វព្រៃទទួលស្គាល់កិច្ចខិតខំរបស់រដ្ឋាភិបាលលើការការពារបរិស្ថាន

Share

ភ្នំពេញ៖ អង្គការអភិរក្សសត្វព្រៃចំនួន ៦ នៅថ្ងៃទី១៨ មេសា នេះបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានកោតសរសើរ និងទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការការពារបរិស្ថានពិសេសគឺសត្វព្រៃដែលកំពុងប្រឈមមុខបញ្ហាបរបាញ់ខុសច្បាប់។

                                                  ​ក្រុមការងារនៃក្រសួងបរិស្ថានកំពុងចុះត្រួតពិនិត្យនៅដែនជម្រកសត្វព្រៃ។

 

សេចក្តីថ្ឡែងការណ៍កម្រាសមួយទំព័របានទទួលស្គាល់ពីការប្រឹងប្រែងរបស់រដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការពិតជាបានយកចិត្តទុកដាក់ការពារធនធានធម្មជាតិ អភិរក្សជីវចម្រុះប្រកបដោយចីរភាព។

សេចក្តីថ្លែងការណ៍បន្តថា បើគ្មាន​ការអន្តរាកមន៍ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនានាដើម្បីជំរុញឱ្យមានការគោរពច្បាប់នោះទេ នោះធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃនានាអាចខូចខាត និងបាត់បង់ក្នុងកំរិតដែលមិនអាចស្តារបានឡើងវិញឡើយ។

តែយ៉ាងណាក្រុមអង្គការទាំងនោះក៏បានសម្តែងក្តីព្រួយបារម្ភអំពីការបាត់បង់ធនធានធម្មជាតិយ៉ាងកំហុកផងដែរនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ខេត្តព្រះវិហារ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា ដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងតែទទួលរងការទន្ទា្រនដីព្រៃក្នុងទ្រង់ទ្រាយធំ ដោយមានការចាប់យកដីព្រៃជាកម្មសិទ្ធិដើម្បីលក់ កាប់ព្រៃឈើ និងបរបាញ់សត្វព្រៃដោយខុសច្បាប់។ សត្វព្រៃសំខាន់ៗជាច្រើនប្រភេទដូចជា ទន្សោង ខ្លាពពក ខ្លាឃ្មុំ ស្វាព្រាម ទោច ពង្រូល ឆ្កែព្រៃ និងសត្វស្លាបទឹកធំៗកំពុងប្រឈមការគំរាមកំហែង និងបាត់បង់។

តាមរយៈសេចក្តីថ្លែងការណ៍ អង្គការអភិរក្សសត្វព្រៃទាំងនោះបានអំពាវនាវដល់រដ្ឋាភិបាលត្រូវចាត់វិធានការណ៍ទប់ស្កាត់អំពើអសកម្មទាំងនោះ ដើម្បីគ្រប់គ្រងដោយចិរភាពនៅដែនជម្រកសត្វព្រៃ ទុកជាផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ៕

 

Share

Image
Image
Image